រូប៊ី(Ruby) ចូល​ចិត្ត​រត់ ច្រៀង រាំ និង​លេង ដូច​ក្មេង​អាយុ​៤​ឆ្នាំ​ដទៃទៀតដែរ។ ប៉ុន្តែ នាង​ក៏​បាន​ចាប់​ផ្តើម​រអ៊ូរ​ទាំ​អំពី​ការ​ឈឺចាប់ នៅ​ក្បាល​ជង្គង់​របស់​នាង។ ឪពុក​ម្តាយ​របស់​រូប៊ី​ក៏​បាន​នាំ​នាង​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​មើល។ ពួក​គេ​ក៏​បាន​ទទួល​លទ្ធ​ផល​ដ៏​តក់​ស្លត់ ដោយ​គ្រូពេទ្យ​បាន​រក​ឃើញ​ថា នាង​មាន​ជម្ងឺ​មហារីក​ជាលីកា​ប្រសាទ ដំណាក់​កាល​ទី៤​។ នេះ​ជា​រឿង​ដ៏​សោក​សៅ​ណាស់។ ឪពុក​ម្តាយ​របស់​នាង ក៏​បាន​ប្រញាប់​នាំ​នាង ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ការ​សម្រាក​ព្យាបាល​របស់​រូប៊ី​នៅ​ពេទ្យ ក៏​បាន​អូស​បន្លាយ​ពេល​ដ៏​យូរ ដោយ​ឈាន​ចូល​ទៅ​ដល់​រដូវ​កាល​នៃ​បុណ្យ​ណូអែល ធ្វើ​ឲ្យ​នាង​កាន់​តែ​ពិបាក​បន្ត​ស្នាក់​នៅ​ទៀត។ ក្នុង​ចំណោម​ពេទ្យ​របស់​រូប៊ី មាន​ពេទ្យ​ម្នាក់​បាន​ផ្តល់​យោបល់ ឲ្យ​គេដាក់​ប្រអប់​សំបុត្រ​នៅ​ក្រៅ​បន្ទប់​នាង ដើម្បី​ឲ្យ​ក្រុម​គ្រួសារ អាច​ផ្ញើ​សំបុត្រ ដែល​មាន​ពេញ​ទៅ​ដោយ​ការ​អធិស្ឋាន និង​ការ​លើក​ទឹក​ចិត្ត​សម្រាប់​នាង។

បន្ទាប់​មក ការ​អំពាវ​នាវ​ក៏​បាន​កើត​មាន ក្នុង​ហ្វេស​ប៊ុក ហើយ​នៅ​ពេល​នោះ នាង​ក៏​បាន​ទទួល​សំបុត្រ​ជា​ច្រើន ពី​មិត្ត​ភក្តិ និង​អ្នក​ដែល​នាង​មិន​ដែល​ស្គាល់​សោះ។ រឿង​នេះ បាន​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដល់​គេ​រាល់​គ្នា ជា​ពិសេស​គឺ​រូប៊ី។ ជា​សរុប​រូប៊ី​បាន​ទទួល​សំបុត្រ​ជាង​១​សែន​ច្បាប់ ធ្វើ​ឲ្យ​នាង​មាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​ជាង​មុន​បន្តិច ហើយ​ទី​បំផុត ​នាង​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស គឺ​ជា​ប្រភេទ​សំបុត្រ​ដែល​រូប៊ី​បាន​ទទួល​(កូល៉ុស ១:២)។ ពាក្យ​ដែល​គាត់​បាន​សរសេរ នៅ​លើ​ទំព័រ​សំបុត្រ​នោះ បាន​ពាំ​នំា​សេចក្តី​សង្ឃឹម ឲ្យ​ពួក​គេ​បន្ត​បង្កើត​ផល​ផ្លែ និង​ចំណេះ​ដឹង ព្រម​ទាំង​កម្លាំង និង​ការ​ស៊ូ​ទ្រំា និង​អត់​ធ្មត់​(ខ.១០-១១)។ សូម​យើង​ស្រមៃ​ថា​ តើ​ពាក្យ​ទាំង​នោះ​បាន​ធ្វើ​ជា​ថ្នាំពេទ្យ​ដ៏​ល្អ​យ៉ាង​ណា សម្រាប់​ពួក​អ្នក​ស្មោះ​ត្រង់ នៅ​ក្រុង​កូល៉ុស? គ្រាន់​តែ​ពួក​គេ​បាន​ដឹង​ថា មាន​នរណា​ម្នាក់​កំពុង​អធិស្ឋាន​ឲ្យ​ពួក​គេ​ឥត​ឈប់​ឈរ នោះ​ពួក​គេ​មាន​ការ​ចម្រើន​កម្លាំង ឲ្យ​ឈរ​ឲ្យ​មាំ​មួន​ក្នុង​ជំនឿ ដែល​ពួក​គេ​មាន​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ។

ពាក្យ​លើក​ទឹក​ចិត្ត​របស់​យើង​ អាច​ជួយ​អ្នក​ដទៃ ដែល​កំពុង​តែ​ត្រូវ​ការ​ជំនួយ។—JOHN BLASÉ