ម្តាយមីងរបស់ឪពុកម្តាយខ្ញុំ ធ្លាប់មានការងារដ៏រីករាយ នៅក្នុងផ្នែកផ្សាយពាណិជ្ជកម្ម ហើយបានធ្វើដំណើរឡើងចុះ ពីទីក្រុងឈីកាហ្គោ ទៅទីក្រុងញូយ៉ក។ ប៉ុន្តែ គាត់បានសម្រេចចិត្តបោះបង់ចោលអាជីពនេះ ដោយសារសេចក្តីស្រឡាញ់ ដែលគាត់មានចំពោះឪពុកម្តាយនាង។ ពួកគេកំពុងរស់នៅ ក្នុងរដ្ឋមេនេសូតា ហើយត្រូវការអ្នកថែទាំ។ គាត់មានបងប្អូនប្រុសពីរនាក់ ដែលបានបាត់បង់ជីវិតទាំងវ័យក្មេង ក្នុងហេតុការណ៍ដ៏សោកសៅ ដូចនេះ គាត់គឺជាកូនតែមួយដែលឪពុកម្តាយគាត់នៅសល់។ សម្រាប់ខ្លួនគាត់ផ្ទាល់ ការបម្រើឪពុកម្តាយរបស់គាត់ គឺជាការបង្ហាញចេញនូវជំនឿរបស់នាង។
សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើ ទៅពួកជំនុំនៅទីក្រុងរ៉ូម បានជំរុញគ្រីស្ទបរិស័ទ ឲ្យថ្វាយជីវិត ធ្វើជា “ដង្វាយដ៏រស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ”(រ៉ូម ១២:១)។ គាត់សង្ឃឹមថា ពួកគេនឹងចែករំលែកសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលមានការលះបង់ ដល់គ្នាទៅវិញទៅមក(ខ.៣)។ ពេលដែលពួកគេធ្លាក់ចូល ទៅក្នុងការមិនចុះសម្រុងគ្នា និងការបែកបាក់ គាត់បានបង្គាប់ពួកគេ ឲ្យលះបង់អំណួតរបស់ខ្លួន ព្រោះពួកគេ “ដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ”(ខ.៥)។ គាត់ចង់ឲ្យពួកគេ បង្ហាញចេញនូវសេចក្តីស្រឡាញ់ដែលមានការលះបង់ ដល់គ្នាទៅវិញទៅមក។
ជារៀងរាល់ថ្ងៃ យើងមានឱកាសបម្រើគ្នា ទៅវិញទៅមក។ ឧទាហរណ៍ យើងអាចឲ្យនរណាម្នាក់ចូលទទួលសេវ៉ាកម្មមុនយើង ឬយើងអាចថែទាំអ្នកដែលមានជម្ងឺជាដើម។ ពុំនោះទេ យើងអាចចែករំលែកបទពិសោធន៍របស់យើង ខណៈពេលដែលយើងផ្តល់យោបល់ ឬទិសដៅ សម្រាប់អ្នកដទៃ។ កាលណាយើងថ្វាយជីវិតយើង ធ្វើជាដង្វាយដ៏រស់ គឺមានន័យថា យើងកំពុងតែថ្វាយព្រះកិត្តិនាមដល់ព្រះជាម្ចាស់។—AMY BOUCHER PYE