មាន​ក្មេង​ស្រី​តូច​ម្នាក់ ឡើង​ចុះ​តាម​ជណ្តើរ នៅ​ព្រះវិហារ កាល​ពី​ថ្ងៃ​អាទិត្យ។ នាង​មាន​លក្ខណៈ​គួរ​ឲ្យ​ស្រឡាញ់ ឆ្លាត ហើយ​មាន​ម្ចាស់​ការ។ នាង​មាន​អាយុ​ប្រហែល​មិន​លើស​ពី​ពីរ​ឆ្នាំ​ទេ។ នាង​បាន​ចុះ​តាម​កាំ​ជណ្តើរ​ម្តង​មួយ​កាំ​ៗ មក​ជាន់​ក្រោម។ ការ​ចុះ​តាម​ជណ្តើរ គឺ​ជា​បេសកកម្ម​របស់​នាង ហើយ​នាង​ក៏​បាន​ធ្វើ​ដូច​បំណង។ ខ្ញុំ​ក៏​បាន​ញញឹម ខណៈ​ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត អំពី​ភាព​ម្ចាស់​ការ​ដ៏​ក្លាហាន នៃ​ក្មេង​តូច ដែល​ទើប​តែ​ចេះ​ដើរ​នេះ។ ក្មេង​តូច​នេះ​មិន​មាន​ការ​ភ័យ​ខ្លាច​ទេ ព្រោះ​នាង​ដឹង​ថា ម្តាយ​នាង​តែង​តែ​តាម​មើល​នាង​ជា​និច្ច ហើយ​ដៃ​របស់​គាត់​បាន​ត្រៀម​ចាំ​ជួយ​ទប់​នាង ដោយ​សេចក្តី​ស្រឡាញ់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​ជា​ម្ចាស់​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ជួយ​កូន​ទ្រង់ ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត ដោយ​ភាព​មិន​ច្បាស់​លាស់។

បទ​គម្ពីរ​ដែល​យើង​ត្រូវ​អាន ក្នុង​សៀវ​ភៅ​នេះ នៅ​ថ្ងៃ​នេះ មាន​ខគម្ពីរ​យោង​ពីរ ដែល​និយាយ​អំពី “ដៃ”។ ព្រះ​អម្ចាស់បាន​ដាស់​តឿន​រាស្រ្ត​ទ្រង់ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ឬ​អស់​សង្ឃឹម​ឡើយ បន្ទាប់​មក ទ្រង់​ក៏​បាន​ប្រាប់​ពួក​គេ​ថា “អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ”(អេសាយ ៤១:១០)។ មាន​ក្មេង​ៗ​ដែល​មាន​ការ​ថប់​បារម្ភ និង​ការ​ភ័យ​ខ្លាច​ជា​ច្រើន ត្រូវ​បាន​ឪពុក​ម្តាយ​ជួយ​ឲ្យ​មាន​លំនឹង​ក្នុង​ជីវិត។​ ព្រះ​ជា​ម្ចាស់​ក៏​បាន​បង្ហាញ​អំណាច​ចេស្តា​ទ្រង់ យ៉ាង​ដូចនេះ​ផង​ដែរ។ ក្នុង​ខគម្ពីរ​យោង​ទីពីរ ដែល​និយាយ​អំពី “ដៃ” ព្រះ​អម្ចាស់​បាន​ប្រទាន​សុវត្ថិ​ភាព ដល់​កូន​ទ្រង់។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង”(ខ.១៣)។ ស្ថាន​ភាព​នៃ​ជីវិត ​និង​ពេល​វេលា​មាន​ការ​ផ្លាស់​ប្តូរ តែ​ព្រះ​អម្ចាស់​មិន​ផ្លាស់​ប្តូរ​ឡើយ។ យើង​មិន​ត្រូវ​មាន​ការ​អស់​សង្ឃឹម​ឡើយ​(ខ.១០) ដ្បិត​ព្រះ​អម្ចាស់​នៅ​តែ​ផ្តល់​ការ​ធានា​ដល់​យើង ដោយ​សន្យា​ថា នឹង​ប្រទាន​ការ​ទ្រទ្រង់ ដោយ​ព្រះបន្ទូល​ថា “ចូរ​កុំ​ខ្លាចឡើយ”(ខ.១០,១៣)។—ARTHUR JACKSON