មានក្មេងស្រីតូចម្នាក់ ឡើងចុះតាមជណ្តើរ នៅព្រះវិហារ កាលពីថ្ងៃអាទិត្យ។ នាងមានលក្ខណៈគួរឲ្យស្រឡាញ់ ឆ្លាត ហើយមានម្ចាស់ការ។ នាងមានអាយុប្រហែលមិនលើសពីពីរឆ្នាំទេ។ នាងបានចុះតាមកាំជណ្តើរម្តងមួយកាំៗ មកជាន់ក្រោម។ ការចុះតាមជណ្តើរ គឺជាបេសកកម្មរបស់នាង ហើយនាងក៏បានធ្វើដូចបំណង។ ខ្ញុំក៏បានញញឹម ខណៈពេលដែលខ្ញុំជញ្ជឹងគិត អំពីភាពម្ចាស់ការដ៏ក្លាហាន នៃក្មេងតូច ដែលទើបតែចេះដើរនេះ។ ក្មេងតូចនេះមិនមានការភ័យខ្លាចទេ ព្រោះនាងដឹងថា ម្តាយនាងតែងតែតាមមើលនាងជានិច្ច ហើយដៃរបស់គាត់បានត្រៀមចាំជួយទប់នាង ដោយសេចក្តីស្រឡាញ់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះជាម្ចាស់ត្រៀមខ្លួនជាស្រេច ដើម្បីជួយកូនទ្រង់ ខណៈពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ជីវិត ដោយភាពមិនច្បាស់លាស់។
បទគម្ពីរដែលយើងត្រូវអាន ក្នុងសៀវភៅនេះ នៅថ្ងៃនេះ មានខគម្ពីរយោងពីរ ដែលនិយាយអំពី “ដៃ”។ ព្រះអម្ចាស់បានដាស់តឿនរាស្រ្តទ្រង់ កុំឲ្យមានការភ័យខ្លាច ឬអស់សង្ឃឹមឡើយ បន្ទាប់មក ទ្រង់ក៏បានប្រាប់ពួកគេថា “អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ”(អេសាយ ៤១:១០)។ មានក្មេងៗដែលមានការថប់បារម្ភ និងការភ័យខ្លាចជាច្រើន ត្រូវបានឪពុកម្តាយជួយឲ្យមានលំនឹងក្នុងជីវិត។ ព្រះជាម្ចាស់ក៏បានបង្ហាញអំណាចចេស្តាទ្រង់ យ៉ាងដូចនេះផងដែរ។ ក្នុងខគម្ពីរយោងទីពីរ ដែលនិយាយអំពី “ដៃ” ព្រះអម្ចាស់បានប្រទានសុវត្ថិភាព ដល់កូនទ្រង់។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង”(ខ.១៣)។ ស្ថានភាពនៃជីវិត និងពេលវេលាមានការផ្លាស់ប្តូរ តែព្រះអម្ចាស់មិនផ្លាស់ប្តូរឡើយ។ យើងមិនត្រូវមានការអស់សង្ឃឹមឡើយ(ខ.១០) ដ្បិតព្រះអម្ចាស់នៅតែផ្តល់ការធានាដល់យើង ដោយសន្យាថា នឹងប្រទានការទ្រទ្រង់ ដោយព្រះបន្ទូលថា “ចូរកុំខ្លាចឡើយ”(ខ.១០,១៣)។—ARTHUR JACKSON