មានពេលមួយ គេបានសុំឲ្យលោកអឺនេស ហេមីងវេយ(Ernest Hemingway) និពន្ធរឿងមួយ ដែលជំរុញចិត្តអ្នកអាន ដោយប្រើតែ៦ពាក្យប៉ុណ្ណោះ។ គាត់ក៏បានឆ្លើយតប ដោយសរសេររឿងនោះ យ៉ាងដូចនេះថា “ស្បែកជើង កូនង៉ែត សម្រាប់លក់ មិនទាន់មានគេពាក់។” រឿងដ៏ខ្លីតែប៉ុន្មានម៉ាត់នេះ មានអំណាច ព្រោះវាបានជំរុញចិត្តយើង ឲ្យចង់បំពេញសាច់រឿងនោះជាលម្អិត ដោយខ្លួនឯង។ តើស្បែកជើងនោះត្រូវបានគេយកមកដាក់លក់ ដោយសារក្មេងដែលមានសុខភាពល្អ មិនត្រូវការវាឬ? ឬក៏ដោយសារការបាត់បង់ដ៏សោកសៅណាមួយ ដែលធ្វើឲ្យគេត្រូវការសេចក្តីស្រឡាញ់ និងការកម្សាន្តចិត្តដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់?
រឿងល្អៗធ្វើឲ្យយើងមានការស្រមៃ ដោយមានចិត្តចង់ដឹង ចង់យល់សាច់រឿង ហេតុនេះហើយ វាមិនចំឡែកទេ ដែលរឿងដ៏អស្ចារ្យបំផុត ដែលមនុស្សបានថ្លែងប្រាប់ បានធ្វើឲ្យយើងមានចិត្តឆេះឆួលឡើង។ រឿងរបស់ព្រះជាម្ចាស់ មានចំណុចកណ្តាលមួយ ដែលចង់ឲ្យយើងដឹងថា “ទ្រង់បានបង្កើតអ្វីៗទាំងអស់។ យើងដែលជាមនុស្សជាតិ បានធ្លាក់ចូលក្នុងអំពើបាប។ ព្រះយេស៊ូវបានយាងចុះមកផែនដី ហើយបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប ហើយសព្វថ្ងៃនេះ យើងរង់ចាំទ្រង់យាងត្រឡប់មកវិញ និងរង់ចាំការស្អាងឡើងវិញ នូវអ្វីៗទាំងអស់។
ពេលដែលយើងដឹងថា មានរឿងអ្វីខ្លះបានកើតឡើងកាលពីមុន ហើយមានរឿងអ្វីខ្លះដែលនឹងកើតឡើងនៅពេលខាងមុខ តើយើងគួរតែរស់នៅយ៉ាងដូចម្តេច ក្នុងពេលបច្ចុប្បន្ន? បើសិនជាព្រះយេស៊ូវកំពុងតែស្អាងស្នាព្រះហស្តរបស់ទ្រង់ ឲ្យរួចផុតពីក្រញាំនៃសេចក្តីអាក្រក់ យើងត្រូវតែ “ដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ”(រ៉ូម ១៣:១២)។ ការនេះក៏រាប់បញ្ចូលការបែរចេញពីអំពើបាប ដោយអំណាចចេស្តារបស់ព្រះ ហើយសម្រេចចិត្តស្រឡាញ់ព្រះអង្គ និងអ្នកដទៃផងដែរ(ខ.៨-១០)។
ការដែលយើងតយុទ្ធនឹងសេចក្តីអាក្រក់ ជាមួយព្រះយេស៊ូវ ក៏ផ្អែកទៅលើអំណោយទាន ដែលយើងមាន និងតម្រូវការដែលយើងមានចំពោះមុខ។ ចូរយើងប្រើការស្រមៃរបស់យើង ហើយក្រឡេកមើលជុំវិញយើង។ ចូរយើងរកមើលអ្នកដែលកំពុងមានរបួស និងកំពុងទួញយំ ហើយចែកផ្សាយយុត្តិធម៌ សេចក្តីស្រឡាញ់ និងការកម្សាន្តចិត្តរបស់ព្រះជាម្ចាស់ តាមដែលទ្រង់ដឹកនាំយើង។—MIKE WITTMER