មាន​ពេល​មួយ គេ​បាន​សុំ​ឲ្យ​លោក​អឺនេស ហេមីងវេយ(Ernest Hemingway) និពន្ធ​រឿង​មួយ ដែល​ជំរុញ​ចិត្ត​អ្នក​អាន ដោយ​ប្រើ​តែ​៦​ពាក្យ​ប៉ុណ្ណោះ។ គាត់​ក៏​បាន​ឆ្លើយ​តប ដោយ​សរសេរ​រឿង​នោះ យ៉ាង​ដូច​នេះ​ថា “ស្បែក​ជើង កូនង៉ែត សម្រាប់​លក់ មិន​ទាន់​មាន​គេ​ពាក់។” រឿង​ដ៏​ខ្លី​តែ​ប៉ុន្មាន​ម៉ាត់​នេះ មាន​អំណាច ព្រោះ​វា​បាន​ជំរុញ​ចិត្ត​យើង ​ឲ្យ​ចង់​បំពេញ​សាច់​រឿង​នោះ​ជា​លម្អិត ដោយ​ខ្លួន​ឯង។ តើ​ស្បែក​ជើង​នោះ​ត្រូវ​បាន​គេ​យក​មក​ដាក់​លក់ ដោយ​សារ​ក្មេង​ដែល​មាន​សុខ​ភាព​ល្អ មិន​ត្រូវ​ការ​វា​ឬ? ឬ​ក៏​ដោយ​សារ​ការ​បាត់​បង់​ដ៏​សោក​សៅ​ណា​មួយ ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​ការ​សេចក្តី​ស្រឡាញ់ និង​ការ​កម្សាន្ត​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះ​ជា​ម្ចាស់?

រឿង​ល្អ​ៗ​ធ្វើ​ឲ្យ​យើង​មាន​ការ​ស្រមៃ ដោយ​មាន​ចិត្ត​ចង់​ដឹង ចង់​យល់​សាច់​រឿង ហេតុ​នេះ​ហើយ វា​មិន​ចំឡែក​ទេ ដែល​រឿង​ដ៏​អស្ចារ្យ​បំផុត ដែល​មនុស្ស​បាន​ថ្លែង​ប្រាប់ បាន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ឆេះ​ឆួល​ឡើង។ រឿង​របស់​ព្រះ​ជា​ម្ចាស់ មាន​ចំណុច​កណ្តាល​មួយ ដែល​ចង់​ឲ្យ​យើង​ដឹង​ថា “ទ្រង់​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់។ យើង​ដែល​ជា​មនុស្ស​ជាតិ បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ ព្រះ​យេស៊ូវ​បាន​យាង​ចុះ​មក​ផែន​ដី ហើយ​បាន​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ពី​បាប ហើយ​សព្វ​ថ្ងៃ​នេះ យើង​រង់​ចាំ​ទ្រង់​យាង​ត្រឡប់​មក​វិញ និង​រង់​ចាំ​ការ​ស្អាង​ឡើង​វិញ នូវ​អ្វី​ៗ​ទាំង​អស់។

ពេល​ដែល​យើង​ដឹង​ថា មាន​រឿង​អ្វី​ខ្លះ​បាន​កើត​ឡើង​កាល​ពី​មុន ហើយ​មាន​រឿង​អ្វី​ខ្លះ​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ តើ​យើង​គួរ​តែ​រស់​នៅ​យ៉ាង​ដូច​ម្តេច ក្នុង​ពេល​បច្ចុប្បន្ន? បើ​សិន​ជា​ព្រះ​យេស៊ូវ​កំពុង​តែ​ស្អាង​ស្នា​ព្រះ​ហស្ត​របស់​ទ្រង់ ឲ្យ​រួច​ផុត​ពី​ក្រញាំ​នៃ​សេចក្តី​អាក្រក់ យើង​ត្រូវ​តែ “ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្តី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ”(រ៉ូម ១៣:១២)។ ការ​នេះ​ក៏​រាប់​បញ្ចូល​ការ​បែរ​ចេញ​ពី​អំពើ​បាប ដោយ​អំណាច​ចេស្តា​របស់​ព្រះ ហើយ​សម្រេច​ចិត្ត​ស្រឡាញ់​ព្រះ​អង្គ និង​អ្នក​ដទៃ​ផង​ដែរ​(ខ.៨-១០)។

ការ​ដែល​យើង​តយុទ្ធ​នឹង​សេចក្តី​អាក្រក់ ជា​មួយ​ព្រះ​យេស៊ូវ ក៏​ផ្អែក​ទៅ​លើ​អំណោយ​ទាន ដែល​យើង​មាន និង​តម្រូវ​ការ​ដែល​យើង​មាន​ចំពោះ​មុខ។ ចូរ​យើង​ប្រើ​ការ​ស្រមៃ​របស់​យើង ហើយ​ក្រឡេក​មើល​ជុំវិញ​យើង។ ចូរ​យើង​រក​មើល​អ្នក​ដែល​កំពុង​មាន​របួស និង​កំពុង​ទួញ​យំ ហើយ​ចែក​ផ្សាយ​យុត្តិធម៌ សេចក្តី​ស្រឡាញ់ និង​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ​ជា​ម្ចាស់ តាម​ដែល​ទ្រង់​ដឹក​នាំ​យើង។—MIKE WITTMER