មាន​ពេល​មួយ មីសែល(Michele) ឃើញ​វ៉ាយអូឡា(Viola) ដែល​មាន​អាយុ​១០​ឆ្នាំ កំពុង​តែ​ប្រើ​មែក​ឈើ ធ្វើ​ជា​ម៉ៃក្រូហ្វូន ដើម្បី​ធ្វើ​ត្រាប់​តាម​គ្រូ​អធិប្បាយ។ មីសែល​ក៏​បាន​សម្រេច​ចិត្ត​ឲ្យ​វ៉ាយអូឡា​ឡើង​ចែក​ចាយ​ព្រះ​បន្ទូល ក្នុង​អំឡុង​ពេល​នៃ​កម្ម​វិធី​ឈោង​ចាប់ ក្នុង​ភូមិ​មួយ។ វ៉ាយអូឡា​ក៏​បាន​យល់​ព្រម។ មីសែល ដែល​ជា​បេសកជន នៅ​ប្រទេស​ស៊ូដាន​ខាង​ត្បូង ក៏​បាន​សរសេរ​ថា “ហ្វូង​មនុស្ស​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង … ពេល​ដែល​ក្មេង​ស្រី​តូច​ម្នាក់ ដែល​គេ​បាន​បោះ​បង់​ចោល បាន​ក្រោក​ឈរ ដោយ​មាន​អំណាច នៅ​ចំពោះ​ពួក​គេ ក្នុង​នាម​ជា​កូន​ស្រី​របស់​ស្តេច​លើ​អស់​ទាំង​ស្តេច ដោយ​ចែក​ចាយ ដោយ​អំណាច​ចេស្តា អំពី​ភាព​ពិត​នៃ​នគរ​ព្រះ។ ហ្វូង​មនុស្ស​ប្រហែល​ពាក់​កណ្តាល បាន​ឡើង​មក​ខាង​មុខ ដើម្បី​ទទួល​ជឿ​ព្រះ​យេស៊ូវ” (Michele Perry, Love Has a Face)។

នៅ​ថ្ងៃ​នោះ ហ្វូង​មនុស្ស​មិន​នឹក​ស្មាន​ថា នឹង​បាន​ស្តាប់​ក្មេង​ចែក​ចាយ​ព្រះ​បន្ទូល​ឡើយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​មួយ​ឃ្លា​ដែល​សរសេរ​ថា “ដោយ​សារ​មាត់​កូន​ក្មេង” ដែល​មាន​ប្រភព​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៨។  ក្នុង​បទ​គម្ពីរ​នេះ ស្តេច​ដាវីឌ​បាន​ចែង​ថា “ទ្រង់​បាន​តាំង​ឲ្យ​មាន​សេចក្តី​សរសើរ ដោយ​សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅបៅ​ដោះ ដោយ​ព្រោះ​ពួក​តតាំង​នឹង​ទ្រង់”(ខ.២)។ ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បាន​ដក​ស្រង់​ខគម្ពីរ​នេះ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ២១:១៦ បន្ទាប់​ពី​ពួក​សង្ឃ និង​ពួក​អាចារ្យ​បាន​រិះ​គន់​ក្មេង​ៗ ដែល​បាន​ស្រែក​សរសើរ​ដំកើង​ព្រះ​យេស៊ូវ ក្នុង​ព្រះ​វិហារ​នៅ​ក្រុង​យេរូសាឡិម។ ក្មេង​ៗ​ទាំង​នោះ​បាន​នាំ​ឲ្យ​មាន​អារម្មណ៍​រំខាន ដល់​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​ណាស់។ ព្រះ​យេស៊ូវ​ក៏​បាន​ដក​ស្រង់​ខគម្ពីរ ដើម្បី​បង្ហាញ​ថា ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​ពាក្យ​សរសើរ​របស់​ក្មេង​ៗ​ខ្លាំង​ណាស់។ ពួក​គេ​បាន​ធ្វើ​ការ​អ្វី ដែល​អ្នក​ដឹក​នាំ​ទាំង​នោះ​មិន​ព្រម​ធ្វើ គឺ​ការ​ថ្វាយ​សិរីល្អ​ដល់​ព្រះ​មែស៊ី ដែល​គេ​បាន​រង់​ចាំ​តាំង​ពី​យូរ​មក​ហើយ។

រឿង​របស់​វាយ​អូឡា និង​រឿង​របស់​ក្មេង​ៗ​នៅ​ព្រះវិហារ​ក្រុង​យេរូសាឡិម បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ជា​ម្ចាស់​អាចប្រើ​ក្មេង​ៗ ឲ្យ​ថ្វាយ​សិរីល្អ​ដល់​ទ្រង់។ ការ​សរសើរ​ដំកើង​ដ៏​ហូរហៀរ ចេញ​ពី​ចិត្ត​ដែល​ស្ម័គ្រ​ព្រម។—LINDA WASHINGTON