មានពេលមួយ មីសែល(Michele) ឃើញវ៉ាយអូឡា(Viola) ដែលមានអាយុ១០ឆ្នាំ កំពុងតែប្រើមែកឈើ ធ្វើជាម៉ៃក្រូហ្វូន ដើម្បីធ្វើត្រាប់តាមគ្រូអធិប្បាយ។ មីសែលក៏បានសម្រេចចិត្តឲ្យវ៉ាយអូឡាឡើងចែកចាយព្រះបន្ទូល ក្នុងអំឡុងពេលនៃកម្មវិធីឈោងចាប់ ក្នុងភូមិមួយ។ វ៉ាយអូឡាក៏បានយល់ព្រម។ មីសែល ដែលជាបេសកជន នៅប្រទេសស៊ូដានខាងត្បូង ក៏បានសរសេរថា “ហ្វូងមនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង … ពេលដែលក្មេងស្រីតូចម្នាក់ ដែលគេបានបោះបង់ចោល បានក្រោកឈរ ដោយមានអំណាច នៅចំពោះពួកគេ ក្នុងនាមជាកូនស្រីរបស់ស្តេចលើអស់ទាំងស្តេច ដោយចែកចាយ ដោយអំណាចចេស្តា អំពីភាពពិតនៃនគរព្រះ។ ហ្វូងមនុស្សប្រហែលពាក់កណ្តាល បានឡើងមកខាងមុខ ដើម្បីទទួលជឿព្រះយេស៊ូវ” (Michele Perry, Love Has a Face)។
នៅថ្ងៃនោះ ហ្វូងមនុស្សមិននឹកស្មានថា នឹងបានស្តាប់ក្មេងចែកចាយព្រះបន្ទូលឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យមួយឃ្លាដែលសរសេរថា “ដោយសារមាត់កូនក្មេង” ដែលមានប្រភពក្នុងបទគម្ពីរទំនុកដំកើង ជំពូក៨។ ក្នុងបទគម្ពីរនេះ ស្តេចដាវីឌបានចែងថា “ទ្រង់បានតាំងឲ្យមានសេចក្តីសរសើរ ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះពួកតតាំងនឹងទ្រង់”(ខ.២)។ ក្រោយមក ព្រះយេស៊ូវក៏បានដកស្រង់ខគម្ពីរនេះ ក្នុងបទគម្ពីរទំនុកដំកើង ២១:១៦ បន្ទាប់ពីពួកសង្ឃ និងពួកអាចារ្យបានរិះគន់ក្មេងៗ ដែលបានស្រែកសរសើរដំកើងព្រះយេស៊ូវ ក្នុងព្រះវិហារនៅក្រុងយេរូសាឡិម។ ក្មេងៗទាំងនោះបាននាំឲ្យមានអារម្មណ៍រំខាន ដល់អ្នកដឹកនាំសាសនាទាំងនោះណាស់។ ព្រះយេស៊ូវក៏បានដកស្រង់ខគម្ពីរ ដើម្បីបង្ហាញថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងពាក្យសរសើររបស់ក្មេងៗខ្លាំងណាស់។ ពួកគេបានធ្វើការអ្វី ដែលអ្នកដឹកនាំទាំងនោះមិនព្រមធ្វើ គឺការថ្វាយសិរីល្អដល់ព្រះមែស៊ី ដែលគេបានរង់ចាំតាំងពីយូរមកហើយ។
រឿងរបស់វាយអូឡា និងរឿងរបស់ក្មេងៗនៅព្រះវិហារក្រុងយេរូសាឡិម បានបង្ហាញឲ្យយើងដឹងថា ព្រះជាម្ចាស់អាចប្រើក្មេងៗ ឲ្យថ្វាយសិរីល្អដល់ទ្រង់។ ការសរសើរដំកើងដ៏ហូរហៀរ ចេញពីចិត្តដែលស្ម័គ្រព្រម។—LINDA WASHINGTON