មានពេលមួយខ្ញុំបានអានកាសែតប្រចាំតំបន់ ឃើញមានអត្ថបទដ៏ខ្លីមួយ តែវាបានធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្តៅ។ អត្ថបទនោះបានពិពណ៌នាថា បន្ទាប់ពីអ្នកទោសមួយក្រុមបានចូលរួម ក្នុងកម្មវិធីរឹតចំណងគ្រួសារ ផ្អែកទៅលើសេចក្តីជំនឿលើព្រះ ពួកគេក៏បានទទួលការអនុញ្ញាតដ៏កម្រ ឲ្យជួបជុំក្រុមគ្រួសាររបស់ខ្លួន ដោយបើកចំហ។ ក្នុងចំណោមពួកគេ មានអ្នកខ្លះមិនបានជួបកូនៗរបស់ខ្លួនអស់ជាច្រើនឆ្នាំ។ ថ្ងៃនោះ ពួកគេមិនបានជួបគ្នា នៅក្នុងបន្ទប់ ដែលមានកញ្ចក់ខណ្ឌជាពីរនោះឡើយ ផ្ទុយទៅវិញ ពួកគេអាចប៉ះ និងឱបមនុស្សជាទីស្រឡាញ់របស់ខ្លួន។ ទឹកភ្នែកពួកគេក៏បានស្រក់ចុះមក ខណៈពេលដែលពួកគេមានភាពស្និទ្ធស្នាល កាន់តែខ្លាំងជាមួយក្រុមគ្រួសាររបស់ខ្លួន ហើយរបួសរបស់ពួកគេក៏បានចាប់ផ្តើមទទួលការប្រោសឲ្យជា។
សម្រាប់អ្នកអានភាគច្រើន នេះគ្រាន់តែជារឿងប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ក្រុមគ្រួសារទាំងនោះ ការឱបគ្នាជាព្រឹត្តិការណ៍ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ហើយសម្រាប់អ្នកខ្លះទៀត ដំណើរការនៃការអត់ឱនទោស និងការផ្សះផ្សាក៏បានចាប់ផ្តើម។
ការអត់ទោសបាប ដែលព្រះជាម្ចាស់មានសម្រាប់យើង និងការផ្សះផ្សាដែលទ្រង់បានប្រទាន តាមរយៈព្រះរាជបុត្រាទ្រង់ គឺមិនគ្រាន់តែជាសេចក្តីពិតដ៏សាមញ្ញ នៃជំនឿគ្រីស្ទបរិស័ទប៉ុណ្ណោះទេ។ អត្ថបទកាសែតនៅថ្ងៃនោះ បាននិយាយអំពីការផ្សៈផ្សា ដែលបានរំឭកយើងថា ការលៈបង់របស់ព្រះយេស៊ូវ គឺជាដំណឹងដ៏អស្ចារ្យ មិនគ្រាន់តែសម្រាប់លោកិយប៉ុណ្ណោះទេ តែក៏សម្រាប់អ្នក និងខ្ញុំផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ពេលណាយើងមានអារម្មណ៍ថា ពិបាកពេក ដោយសារកំហុសដែលយើងបានធ្វើ នោះយើងអាចតោងឲ្យជាប់សេចក្តីមេត្តារបស់ព្រះ។ សេចក្តីមេត្តាដ៏ស្ថិតស្ថេររបស់ទ្រង់ គឺជាដំណឹងល្អដែលប្រកាសថា ដោយសារព្រះយេស៊ូវបានសុគតជំនួសយើង នោះយើងអាចចូលមករកព្រះវរបិតា ដោយឲ្យទ្រង់លាងសម្អាតបាបរបស់យើង ឲ្យ “សដូចព្រិល”(ទំនុកដំកើង ៥១:៧)។ ស្ថិតក្នុងពេលបែបនោះ ពេលដែលយើងដឹងថា យើងមិនសមនឹងទទួលសេចក្តីមេត្តារបស់ទ្រង់ យើងអាចតោងឲ្យជាប់សេចក្តីមួយដែលយើងអាចពឹងផ្អែក គឺសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាដ៏ស្ថិតស្ថេររបស់ព្រះជាម្ចាស់(ខ.១)។—LESLIE KOH