ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ក្នុង​បណ្តា​ទីក្រុង​នៅ​ភាគ​ខាង​ត្បូង​មួយ​ចំនួន នៅ​សហ​រដ្ឋ​អាមេរិក ដែល​មាន​អាកាស​ធាតុ​ក្តៅ ហេតុ​នេះ​ហើយ ពេល​ដែល​ខ្ញុំ​ផ្លាស់​ទៅ​រស់​នៅ ក្នុង​ទីក្រុង​នៅ​ភាគ​ខាង​ជើង ខ្ញុំ​ចំណាយ​ពេល​មួយ​រយៈ នៅ​ក្នុង​ការ​រៀន​បើក​បរ ​ឲ្យ​មាន​សុវត្ថិ​ភាព ក្នុង​អំឡុង​ខែ​ដែល​មាន​ព្រឹល​ធ្លាក់ រយៈ​ពេល​វែង។ ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​ឆ្លងកាត់​រដូវ​រងា​ដ៏​ពិបាក​ជា​លើក​ទី​មួយ ខ្ញុំ​បាន​ជាប់​គាំង​ដំណើរ​បី​ដង ពេល​ដែល​មាន​ព្រឹល​ធ្លាក់​ខ្លាំង ហើយ​មាន​កម្រាស់​ក្រាស់។ ប៉ុន្តែ បន្ទាប់​ពី​ខ្ញុំ​បាន​ហ្វឹក​ហាត់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​ចាប់​ផ្តើម​មាន​អារម្មណ៍​ស្រណុក​ស្រួល នៅ​ក្នុង​ការ​បើក​បរ ក្នុង​រដូវ​រងា ដែល​មាន​ព្រឹល​ធ្លាក់។ តាម​ពិត ខ្ញុំ​មាន​អារម្មណ៍​ស្រណុក​ស្រួល​ពេក បាន​ជា​ខ្ញុំ​ឈប់​មាន​ការ​ប្រុង​ប្រយ័ត្ន។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​បើក​ឡាន​បុក​ផ្ទាំង​ទឹកកក​ពណ៌​ខ្មៅ​មួយ​ផ្ទាំង ហើយ​ឡាន​ខ្ញុំ​ក៏​បាន​អូស​កង់ ទាល់​តែបុក​នឹង​បង្គោល​ទូរស័ព្ទ នៅ​ចិញ្ចើម​ផ្លូវ។

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​គ្មាន​នរណា​ម្នាក់​មាន​របួស ប៉ុន្តែ ថ្ងៃ​នោះ ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​សំខាន់​មួយ។ ខ្ញុំ​បាន​ដឹង​ថា ការ​មាន​អារម្មណ៍​ស្រណុក​ស្រួល អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ប៉ុណ្ណា។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​បាត់​បង់​ម្ចាស់​ការ។

យើង​ចាំ​បាច់​ត្រូវ​ហ្វឹក​ហាត់​ខ្លួន ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង។ លោក​ពេត្រុស​បានដាស់​តឿន​គ្រីស្ទ​បរិស័ទ​ទាំង​ឡាយ កុំ​ឲ្យ​ហោះ​ហើរ​ឆ្លង​កាត់​ជីវិត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ឡើយ តែ​ត្រូវ “ដឹងខ្លួន” ​ឬ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​(១ពេត្រុស ៥:៨)។ អារក្ស​តែង​តែ​ព្យា​យាម​យ៉ាង​សកម្ម ដើម្បី​បំផ្លាញ​យើង ហេតុ​នេះ​ហើយ យើង​ក៏​ចាំ​បាច់​ត្រូវ​សកម្ម​ជា​និច្ច ដោយ​ជម្នះ​ការ​ល្បួង ហើយ​ឈរ​យ៉ាង​មំា​មួន ក្នុង​ជំនឿ​របស់​យើង​(ខ.៩)។ វា​មិន​មែន​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដោយ​ពឹង​ផ្អែក​លើ​គំនិត​យើង​នោះ​ឡើយ។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​លំបាក ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​មាន​ភាព​រឹង​ប៉ឹង មាំ​មួន និង​ខ្ជាប់​ខ្ជួន​(ខ.១០)។ ចូរ​យើង​ពឹង​ផ្អែក​អំណាច​ចេស្តា​ទ្រង់ ដើម្បី​រៀន​ដឹង​ខ្លួន និង​ចាំ​យាម ព្រម​ទាំង​ប្រឆាំង​នឹង​ការ​អាក្រក់ ហើយ​ដើរ​តាម​ទ្រង់​។ —AMY PETERSON