មានពេលមួយ ខ្ញុំបានទទួលដំណឹងដ៏សោកសៅ។ ប៉ារបស់ខ្ញុំមានការឈឺចាប់នៅក្នុងទ្រូង ដូចនេះ គ្រូពេទ្យរបស់គាត់ ក៏បានចេញវេជ្ជបញ្ជាឲ្យគាត់ ទៅស្គែនបេះដូង។ លទ្ធផលក៏បានបង្ហាញថា សសៃអាក់ទែរបស់គាត់ បានស្ទះអស់បីសសៃ។
គេក៏បានកំណត់ពេលឲ្យគាត់ទៅវះកាត់សសៃអាក់ទែទាំងបី នៅថ្ងៃទី១៤ កុម្ភៈ។ ប៉ារបស់ខ្ញុំមានការថប់បារម្ភ តែគាត់គិតថា កាលបរិច្ឆេទនោះ គឺជាសញ្ញានៃសេចក្តីសង្ឃឹម។ គាត់ក៏បាននិយាយថា គាត់នឹងមានបេះដូងថ្មីមួយ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។ គាត់ក៏បានទទួលលទ្ធផលដូចចិត្ត។ ការវៈកាត់បានប្រព្រឹត្តទៅ យ៉ាងល្អឥតខ្ចោះ ដោយបានធ្វើឲ្យឈាមហូរចូលទៅក្នុងបេះដូងដ៏ឈឺចាប់របស់គាត់ដូចដើមវិញ ធ្វើឲ្យគាត់មានអារម្មណ៍ថា ហាក់ដូចជាមានបេះដូងថ្មីអញ្ចឹង។
ការវៈកាត់របស់ឪពុកខ្ញុំបានរំឭកខ្ញុំថា ព្រះជាម្ចាស់ក៏បានប្រទានឲ្យយើងមានជីវិតថ្មីផងដែរ។ អំពើបាបបានធ្វើឲ្យសសៃអាក់ទែខាងវិញ្ញាណរបស់យើងកកស្ទះ ដោយធ្វើឲ្យយើងមិនអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ បានជាយើងចាំបាច់ត្រូវឆ្លងកាត់ការវះកាត់ខាងវិញ្ញាណ ដើម្បីសម្អាតវា។
នោះជាអ្វីដែលព្រះជាម្ចាស់បានសន្យារាស្រ្តទ្រង់ នៅក្នុងបទគម្ពីរ អេសេគាល ៣៦:២៦។ ទ្រង់បានធានាពួកអ៊ីស្រាអែលថា ទ្រង់នឹងឲ្យពួកគេមានចិត្តថ្មី(ឬបេះដូងថ្មី) ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងពួកគេផងដែរ។ ទ្រង់ក៏បានសន្យាផងដែរថា ទ្រង់នឹងជម្រះគេរាល់គ្នាឲ្យស្អាត ពីគ្រប់ទាំងសេចក្តីស្មោកគ្រោក(ខ.២៥) ហើយ ដាក់វិញ្ញាណទ្រង់ នៅក្នុងពួកគេម្នាក់ៗ(ខ.២៧)។ នៅពេលដែលរាស្រ្តទ្រង់បាត់បង់ក្តីសង្ឃឹម ទ្រង់ក៏បានសន្យាថា នឹងប្រទានការចាប់ផ្តើមជាថ្មីដល់ពួកគេ ក្នុងនាមជាព្រះ ដែលអាចធ្វើឲ្យជីវិតពួកគេថ្មីឡើង។
ទីបំផុត ការសន្យានេះបានសម្រេច តាមរយៈការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ពេលណាយើងទទួលជឿទ្រង់ យើងក៏បានទទួលបេះដូងខាងវិញ្ញាណថ្មីមួយ ដែលព្រះទ្រង់បានសម្អាតបាប និងភាពអស់សង្ឃឹម ចេញពីយើង។ ពេលដែលយើងពេញដោយព្រះវិញ្ញាណនៃព្រះគ្រីស្ទ បេះដូងថ្មីរបស់យើង ក៏បានលោតឡើង ដោយព្រះលោហិតរបស់ព្រះ ដែលផ្តល់ជីវិតខាងវិញ្ញាណ ដើម្បីឲ្យយើងបានរស់នៅក្នុងជីវិតថ្មី(រ៉ូម ៦:៤)។—ADAM HOLZ