ថ្ងៃមួយ សមាជិកក្រុមយុវជនមួយចំនួន បានជួបជុំគ្នានៅពេលរសៀលថ្ងៃសៅរ៍ ដើម្បីចោទជាសំណួរដ៏ពិបាកៗ ដល់គ្នាទៅវិញទៅមក ផ្អែកទៅលើបទគម្ពីរ ភីលីព ២:៣-៤ ដែលបានចែងថា “កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ។ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”។ សំណួរពិបាកៗទាំងនោះ មានដូចជា : តើអ្នករាល់គ្នាបានគិតពីប្រយោជន៍អ្នកដទៃ នៅពេលណាខ្លះ? តើអ្នកដទៃគិតថា អ្នកជាមនុស្សមានការបន្ទាបខ្លួន ឬមានអំណួត? តើហេតុអ្វី?
ខណៈពេលដែលខ្ញុំនៅស្តាប់ពួកគេ ខ្ញុំមានការលើកទឹកចិត្ត ពេលបានឮពួកគេឆ្លើយសំណួរ ដោយចិត្តស្មោះត្រង់។ ក្មេងជំទង់ទាំងនោះបានយល់ស្របថា យើងងាយនឹងទទួលស្គាល់ចំណុចខ្វះខាតរបស់យើង តែយើងពិបាកកែប្រែ ឬមិនងាយមានចិត្តដែលចង់កែប្រែ។ មានក្មេងជំទង់ម្នាក់បានត្អូញត្អែរថា ភាពអាត្មានិយម បានជាប់នៅក្នុងឈាមរបស់គាត់។
យើងអាចឈប់ផ្តោតទៅលើប្រយោជន៍ផ្ទាល់ខ្លួន ហើយងាកមកគិតប្រយោជន៍អ្នកដទៃវិញ ដោយពឹងផ្អែកលើព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង។ ហេតុនេះហើយបានជាសាវ័កប៉ុលបានក្រើនរំឭកពួកជំនុំនៅក្រុងភីលីពឲ្យនឹកចាំ អំពីការអ្វីដែលព្រះជាម្ចាស់បានធ្វើ និងបានធ្វើឲ្យរឿងល្អៗជាច្រើន អាចកើតមានចំពោះពួកគេ។ ទ្រង់បានទទួលចិញ្ចឹមពួកគេ ដោយព្រះគុណទ្រង់ កម្សាន្តចិត្តពួកគេដោយសេចក្តីស្រឡាញ់ទ្រង់ ហើយបានប្រទានព្រះវិញ្ញាណទ្រង់ ដើម្បីជួយពួកគេ(ភីលីព ២:១-២)។ តើពួកគេ និងយើងរាល់គ្នាអាចឆ្លើយតប ចំពោះព្រះគុណទ្រង់ ដោយការបន្ទាបខ្លួន ដោយរបៀបណា?
ជាការពិតណាស់ ព្រះជាម្ចាស់ជាហេតុផល ដែលយើងត្រូវផ្លាស់ប្រែ ហើយមានតែទ្រង់ទេដែលអាចកែប្រែយើងបាន។ ដោយសារទ្រង់បានប្រទានឲ្យយើង មានចិត្ត និងអំណាច ដើម្បីធ្វើការអ្វីដែលទ្រង់សព្វព្រះទ័យ(ខ.១៣) នោះយើងអាចកាត់បន្ថយការផ្តោតទៅលើប្រយោជន៍ផ្ទាល់ខ្លួន ហើយបម្រើអ្នកដទៃ ដោយការបន្ទាបខ្លួន។—POH FANG CHIA