ហេ វូ(Hae Woo មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​គេ​ឃុំ​ឃែង នៅ​ក្នុង​ជំរុំ​ពល​កម្ម​កូរេ​ខាង​ជើង ដោយ​សារ​គាត់​បាន​ឆ្លង​ដែន ចូល​ប្រទេស​ចិន។ គាត់​និយាយ​ថា គាត់​ទទួល​រង​ទារុណ​កម្ម​ជា​រៀង​រាល់​យប់​ថ្ងៃ ដោយ​ពួក​អ្នក​យាម​ដ៏​សាហាវ​ព្រៃ​ផ្សៃ និង​ការងារ​ធ្ងន់​ហួស​កម្លាំង ហើយ​គាត់​គេង​បាន​តែ​បន្តិច​បន្តួច នៅ​លើ​កម្រាល​ឥដ្ឋ​ដ៏​ត្រជាក់​ ដែល​មាន​ទៅ​ដោយ​សត្វ​កណ្តុរ និង​ចៃ។ ប៉ុន្តែ ព្រះ​ជា​ម្ចាស់​បាន​ជួយ​គាត់​ជា​រៀង​រាល់​ថ្ងៃ ដោយ​បង្ហាញ​ឲ្យ​គាត់​ដឹង​ថា មាន​អ្នក​ទោស​ណា​ខ្លះ ដែល​គាត់​អាច​រាប់​អាន​ជា​មិត្ត​ភក្តិ ហើយ​ចែក​ចាយ​អំពី​ជំនឿ​របស់​គាត់​ដល់​គេ។

បន្ទាប់​ពី​គាត់​ត្រូវ​គេ​ដោះ​លែង ហើយ​បាន​ភាស​ខ្លួន​ទៅ​ប្រទេស​កូរេ​ខាង​ត្បូង គាត់​ក៏​បាន​រំឭក​អំពី​ពេល​ដែល​គាត់​ជាប់​គុក​នោះ ដោយ​និយាយ​ថា បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក​២៣ បាន​បូក​សរុប​បទ​ពិសោធន៍​របស់​គាត់។ គាត់​បាន​ជាប់​នៅ​ក្នុង​ជ្រលង​ដ៏​ងងឹត តែ​ព្រះ​យេស៊ូវ​ជា​អ្នក​គង្វាល ដែល​បាន​ប្រទាន​សន្តិ​ភាព​ដល់​គាត់។​ គាត់​ថា ទោះ​គាត់​មានអារម្មណ៍​ថា ហាក់​ដូច​ជា​កំពុង​តែ​នៅ​ក្នុង​ជ្រលង​នៃ​ម្លប់​នៃ​សេចក្តី​ស្លាប់​ក៏​ដោយ ក៏​គាត់​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ ព្រះ​ជា​ម្ចាស់​បាន​កម្សាន្ត​ចិត្ត​គាត់​ជា​រៀង​រាល់​ថ្ងៃ។ គាត់​បាន​ពិសោធន៍​នឹង​សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ ដោយ​ទ្រង់​បាន​ធានា​ដល់​គាត់​ថា គាត់​ជា​កូន​ស្ងួន​ភ្ងា​របស់​ទ្រង់។ គាត់​ស្ថិត​នៅ​ក្នុង​កន្លែង​ដ៏​វេទនា តែ​គាត់​ដឹង​ថា គាត់បាន​ពិសោធន៍​នឹង​សេចក្តី​ល្អ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់។ ហើយ​គាត់​ដឹង​ថា គាត់​នឹង​បាន​នៅ​ជាប់​ក្នុងព្រះ​វត្ត​មាន​របស់​ព្រះ​អម្ចាស់​ជា​រៀង​រហូត។

យើង​អាច​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​រឿង​របស់​អ្នក​ស្រី​វូ។ ទោះ​គាត់​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​វេទនា​យ៉ាង​ណា​ក៏ដោយ ក៏​គាត់​នៅ​តែ​ដឹង​ថា ព្រះ​ជា​ម្ចាស់​ស្រឡាញ់​គាត់ និង​កំពុង​ដឹក​នាំ​គាត់ ហើយ​ទ្រង់​បាន​ទ្រទ្រង់​គាត់ ព្រម​ទាំងដក​ការ​ភ័យ​ខ្លាច​ចេញ​ពី​គាត់។ បើ​យើង​ដើរ​តាម​ព្រះ​យេស៊ូវ ទ្រង់​នឹង​ដឹក​នាំ​យើង យ៉ាង​សុភាព ឆ្លង​កាត់​ពេល​ដ៏​ពិបាកនោះ​។  យើង​មិន​ចាំ​បាច់​ត្រូវ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត “យើង​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​អម្ចាស់​ជា​រៀង​រហូត”(២៣:៦)។—AMY BOUCHER PYE