លោកជើរី ក្រាមើរ(Jerry Kramer) គឺជាកីឡាករអាជីពដ៏ល្បីល្បាញម្នាក់។ បន្ទាប់ពីអាជីពនេះបានបញ្ចប់ប្រហែល៤៥ឆ្នាំ គេមិនបានរាប់បញ្ចូលឈ្មោះគាត់ ក្នុងសាលដំកល់កេរ្តិ៍ឈ្មោះឡើយ(ដែលជាការទទួលស្គាល់ខ្ពស់បំផុត)។ គាត់បានអសប្បាយនឹងការផ្តល់កិត្តិយស និងស្នាដៃជាច្រើន ប៉ុន្តែ គេនៅតែមិនបានផ្តល់កិត្តិយស ឲ្យគាត់មានឈ្មោះចារនៅក្នុងសាលដំកល់កេរ្តិ៍ឈ្មោះ។ ទោះគេបានឲ្យគាត់ឈរឈ្មោះ១០ដង ក្នុងការបោះឆ្នោតជ្រើសរើសអ្នកដែលត្រូវទទួលកិត្តិយសមួយនេះ តែគេនៅតែមិនជ្រើសរើសគាត់ដដែល។ ទោះក្តីសង្ឃឹមរបស់គាត់បានរលាយជាច្រើនដងក៏ដោយ គាត់នៅតែនិយាយដោយគួរសមថា “ខ្ញុំមានអារម្មណ៍ថា សម្ព័ន្ធបាល់ទាត់ជាតិបានផ្តល់អំណោយឲ្យខ្ញុំ ១០០ដង ក្នុងមួយជីវិតនេះ ហើយបើខ្ញុំមិនសប្បាយចិត្ត ឬខឹង ដោយសារអំណោយមួយទៀត ដែលគេមិនបានឲ្យខ្ញុំ នោះខ្ញុំដូចជាឆ្កួតអញ្ចឹង”។
អ្នកដទៃប្រហែលជាមានចិត្តល្វីងជូរចត់ បន្ទាប់ពីត្រូវគេបដិសេធជាច្រើនដង ដោយគេជ្រើសរើសកីឡាករផ្សេង តែលោកក្រាម៉ាមិនបានអាក់អន់ចិត្តទេ។ អាកប្បកិរិយ៉ារបស់គាត់បានបង្ហាញថា យើងអាចការពារចិត្តយើង កុំឲ្យមានភាពល្វីងជូរចត់ដ៏ពុករលួយ ដែលធ្វើឲ្យឆ្អឺងពុកផុយ(សុភាសិត ១៤:៣០)។ ពេលដែលយើងផ្តោតទៅលើអ្វីដែលយើងមិនមាន ហើយមិនបានទទួលស្គាល់អ្វីៗជាច្រើនដែលយើងមាន នោះយើងនឹងបាត់បង់សន្តិភាព ដែលព្រះសព្វព្រះទ័យឲ្យយើងមាន។
បន្ទាប់ពីគេឲ្យគាត់ឈរឈ្មោះជាលើកទី១១ លោកជើរី ក្រាមើរក៏ត្រូវបានគេជ្រើសរើសឲ្យមានឈ្មោះ នៅក្នុងសាលដំកល់កេរ្តិ៍ឈ្មោះនៃសម្ព័ន្ធបាល់ទាត់ជាតិ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨។ បំណងចិត្តរបស់យើងប្រហែលជាមិនបានសម្រេច នៅទីបញ្ចប់ដូចគាត់ទេ។ តែយើងរាល់គ្នាសុទ្ធតែអាចមាន “ចិត្តដែលពេញដោយសន្ថិភាព” ពេលដែលយើងងាកមកផ្តោតទៅលើសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ ដែលទ្រង់បានបង្ហាញមកយើង តាមមធ្យោបាយជាច្រើន។ ទោះជាយើងចង់បានអ្វី ឬមិនមានអ្វីក៏ដោយ យើងនៅតែអាចអរសប្បាយនឹងសន្តិភាព ដែលទ្រង់ប្រទានដល់ជីវិតយើង។—KIRSTEN HOLMBERG