លោក​ជើរី ក្រាមើរ(Jerry Kramer) គឺ​ជា​កីឡាករ​អាជីព​ដ៏​ល្បី​ល្បាញ​ម្នាក់។ បន្ទាប់​ពី​អាជីព​នេះ​បាន​បញ្ចប់​ប្រហែល៤៥​ឆ្នាំ គេ​មិន​បាន​រាប់​បញ្ចូល​ឈ្មោះ​គាត់ ក្នុង​សាល​ដំកល់​កេរ្តិ៍​ឈ្មោះ​ឡើយ(ដែល​ជា​ការ​ទទួល​ស្គាល់​ខ្ពស់​បំផុត)។ គាត់​បាន​អសប្បាយ​នឹង​ការ​ផ្តល់​កិត្តិ​យស និង​ស្នាដៃ​ជា​ច្រើន ប៉ុន្តែ គេ​នៅ​តែ​មិន​បាន​ផ្តល់​កិត្តិ​យស ឲ្យ​គាត់​មាន​ឈ្មោះ​ចារ​នៅ​ក្នុង​សាលដំកល់​កេរ្តិ៍​ឈ្មោះ។ ទោះ​គេ​បាន​ឲ្យ​គាត់​ឈរ​ឈ្មោះ​១០​ដង ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នកដែល​ត្រូវ​ទទួល​កិត្តិ​យស​មួយ​នេះ តែ​គេ​នៅ​តែ​មិន​ជ្រើស​រើស​គាត់​ដដែល។ ទោះ​ក្តី​សង្ឃឹម​របស់​គាត់​បាន​រលាយ​ជាច្រើន​ដង​ក៏​ដោយ គាត់​នៅ​តែ​និយាយ​ដោយ​គួរ​សម​ថា​ “ខ្ញុំ​មាន​អារម្មណ៍​ថា សម្ព័ន្ធ​បាល់​ទាត់​ជាតិ​បាន​ផ្តល់​អំណោយឲ្យ​ខ្ញុំ​ ១០០ដង ក្នុង​មួយ​ជីវិត​នេះ ហើយ​បើ​ខ្ញុំ​មិន​សប្បាយ​ចិត្ត ឬ​ខឹង ដោយ​សារ​អំណោយ​មួយ​ទៀត ដែល​គេ​មិនបាន​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​ដូច​ជា​ឆ្កួត​អញ្ចឹង”។

អ្នក​ដទៃ​ប្រហែល​ជា​មាន​ចិត្ត​ល្វីង​ជូរ​ចត់ បន្ទាប់​ពី​ត្រូវ​គេ​បដិសេធ​ជា​ច្រើន​ដង ដោយ​គេ​ជ្រើស​រើស​កីឡាករ​ផ្សេង តែលោក​ក្រាម៉ា​មិន​បាន​អាក់​អន់​ចិត្ត​ទេ។ អាកប្ប​កិរិយ៉ា​របស់​គាត់​បាន​បង្ហាញ​ថា យើង​អាច​ការពារ​ចិត្ត​យើង កុំ​ឲ្យ​មានភាព​ល្វីង​ជូរ​ចត់​ដ៏​ពុក​រលួយ ដែល​ធ្វើ​ឲ្យ​ឆ្អឺង​ពុក​ផុយ(សុភាសិត ១៤:៣០)។ ពេល​ដែល​យើង​ផ្តោត​ទៅ​លើ​អ្វី​ដែលយើង​មិន​មាន ហើយ​មិន​បាន​ទទួល​ស្គាល់​អ្វី​ៗ​ជា​ច្រើន​ដែល​យើង​មាន នោះ​យើង​នឹង​បាត់​បង់​សន្តិ​ភាព ដែល​ព្រះសព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន។​

បន្ទាប់​ពី​គេ​ឲ្យ​គាត់​ឈរ​ឈ្មោះ​ជា​លើកទី​១១ លោក​ជើរី ក្រាមើរ​ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​មាន​ឈ្មោះ នៅ​ក្នុង​សាលដំកល់​កេរ្តិ៍​ឈ្មោះ​នៃ​សម្ព័ន្ធ​បាល់​ទាត់​ជាតិ ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០១៨។ បំណង​ចិត្ត​របស់​យើង​ប្រហែល​ជា​មិន​បាន​សម្រេច នៅ​ទី​បញ្ចប់​ដូច​គាត់​ទេ។ តែ​យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​មាន “ចិត្ត​ដែល​ពេញ​ដោយ​សន្ថិ​ភាព” ពេល​ដែល​យើង​ងាក​មក​ផ្តោត​ទៅ​លើ​សេចក្តី​សប្បុរស​របស់​ព្រះ​ជា​ម្ចាស់ ដែល​ទ្រង់​បាន​បង្ហាញ​មក​យើង តាម​មធ្យោបាយ​ជា​ច្រើន។ ទោះ​ជាយើង​ចង់​បាន​អ្វី ឬ​មិន​មាន​អ្វី​ក៏​ដោយ យើង​នៅ​តែ​អាច​អរសប្បាយ​នឹង​សន្តិ​ភាព ដែល​ទ្រង់​ប្រទាន​ដល់​ជីវិត​យើង។—KIRSTEN HOLMBERG