លោកអូស ហ្គីណេស(Os Guinness) បាននិពន្ធសៀវភៅមានចំណងជើងថា ការត្រាសហៅ ។ ក្នុងសៀវភៅនេះ គាត់បានពិពណ៌នា អំពីពេលដែលលោកវីនស្ទុន ឆឺឈីល(Winston Churchill) បានទៅវិស្សមកាលជាមួយមិត្តភក្តិគាត់ នៅភាគខាងត្បូងនៃប្រទេសបារាំង ដោយអង្គុយនៅក្បែរកន្លែងដុតភ្លើង ដើម្បីកម្តៅខ្លួនគាត់ ក្នុងពេលយប់ដ៏រងា។ ពេលអតីតនាយករដ្ឋមន្រ្តីរូបនេះ មើលទៅភ្លើងដែលកំពុងតែឆេះ គាត់ក៏បានឃើញអង្កត់ឱសដើមស្រល់ ដែលកំពុងតែ “ប្រេះបែក ដោយបញ្ចេញសម្លេងឈីតៗ ហើយព្រោះជ័រចេញមកក្រៅ ដូចមនុស្សស្តោះទឹកមាត់។ ភ្លាមៗនោះ គាត់ក៏និយាយថា គាត់ដឹងថា ហេតុអ្វីបានជាអង្កត់ឱសនោះស្តោះទឹកមាត់ ព្រោះគាត់ដឹងថា ការដែលត្រូវភ្លើងឆេះមានការពិបាកប៉ុណ្ណា”។
ទុក្ខលំបាក ភាពអសង្ឃឹម គ្រោះថ្នាក់ ទុក្ខព្រួយ និងផលវិបាកនៃការប្រព្រឹត្តខុសរបស់យើង សុទ្ធតែអាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកដូចត្រូវភ្លើងឆេះ។ កាលៈទេសៈដ៏ពិបាកធ្វើឲ្យចិត្តយើងបាត់បង់អំណរ និងសន្តិភាពបន្តិចម្តងៗ។ ពេលដែលស្តេចដាវីឌបានទទួលផលវិបាក នៃអំពើបាបដែលទ្រង់បានប្រព្រឹត្ត ទ្រង់ក៏បានសរសេរនៅក្នុងបទគម្ពីរទំនុកដំកើងថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ… ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត ដូចជារដូវក្តៅ”(ទំនុកដំកើង ៣២:៣-៤)។
ក្នុងពេលដ៏ពិបាកបែបនេះ តើយើងត្រូវងាកទៅរកជំនួយ នៅទីណា? តើយើងទៅរកក្តីសង្ឃឹមនៅទីណា? សាវ័កប៉ុលបានជួបការលំបាកជាច្រើន នៅក្នុងការងារបម្រើព្រះ បានជាគាត់សរសេរថា “ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ។ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ”(២កូរិនថូស ៤:៨-៩)។
តើយើងអាចជម្នះទុក្ខលំបាកនេះដោយរបៀបណា? កាលណាយើងសម្រាកក្នុងព្រះយេស៊ូវ ដែលជាអ្នកគង្វាលដ៏ល្អ ទ្រង់ក៏បានកែព្រលឹងយើងឡើងវិញ(ទំនុកដំកើង ២៣:៣) ហើយចម្រើនកម្លាំងយើង សម្រាប់ការបោះជំហានបន្ទាប់ ក្នុងដំណើរជីវិតរបស់យើង។ ទ្រង់បានសន្យាថា នឹងដើរជាមួយយើង គ្រប់ជំហាន(ហេព្រើរ ១៣:៥)។—BILL CROWDER