មានពេលមួយខ្ញុំបានជួបគ្រោះថ្នាក់។ ពេលគេលើកខ្ញុំចូលឡានសង្រ្គោះបន្ទាន់ ហើយរៀបនឹងបិទទ្វារឡាន កូនប្រុសរបស់ខ្ញុំ កំពុងតែទាក់ទងទៅភរិយាខ្ញុំតាមទូរស័ព្ទ នៅក្រៅឡានសង្រ្គោះបន្ទាន់។ ខ្ញុំក៏បានហៅឈ្មោះគាត់ ទាំងស្រវាំងភ្នែក ដែលបានបណ្តាលមកពីការប៉ះទង្គិចក្បាល។ កាលនោះគាត់នៅចាំថា ខ្ញុំបាននិយាយយឺតៗទៅកាន់គាត់ ដោយឲ្យគាត់ប្រាប់ម្តាយគាត់ថា ខ្ញុំស្រឡាញ់នាងណាស់។
កាលនោះ ខ្ញុំប្រហែលជាគិតថា ខ្ញុំត្រូវលាចាកលោកនេះហើយ ហើយខ្ញុំចង់ឲ្យវាក្លាយជាពាក្យផ្តាំផ្ញើចុងក្រោយ។ ស្ថិតក្នុងពេលបែបនោះ ពាក្យបណ្តាំចុងក្រោយ គឺជាពាក្យសម្តីដែលសំខាន់បំផុតចំពោះខ្ញុំ។
ខណៈពេលដែលព្រះយេស៊ូវស្ថិតក្នុងពេលដែលខ្មៅងងឹតបំផុត ទ្រង់មិនគ្រាន់តែបានប្រាប់យើងថា ទ្រង់ស្រឡាញ់យើងប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ តាមរបៀបដ៏ជាក់លាក់។ ទ្រង់បានបង្ហាញក្តីស្រឡាញ់ទ្រង់ ដល់ទាហានដែលចម្អកឲ្យទ្រង់ និងបានយកដែកគោលមកដំពីលើទ្រង់ជាប់នឹងឈើឆ្កាង។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា ២៣:៣៤)។ ទ្រង់បានប្រទានក្តីសង្ឃឹមដល់ឧក្រិដ្ឋជន ដែលបានជាប់ឆ្កាងនៅក្បែរទ្រង់ថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(ខ.៤៣)។ មុនពេលទ្រង់ហៀបនឹងអស់ព្រះជន្ម ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានព្រះបន្ទូលទៅមាតាថា “មាតាអើយ នុ៎ះន៏ កូនរបស់មាតា”។ រួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា “នុ៎ះន៏ ម្តាយអ្នក”(យ៉ូហាន ១៩:២៦-២៧)។ បន្ទាប់មក ពេលដែលទ្រង់ជិតអស់ព្រះជន្ម ទ្រង់ក៏បានបង្ហាញសេចក្តីស្រឡាញ់ចុងក្រោយ ដោយការទុកចិត្តព្រះវរបិតា ដោយអធិស្ឋានថា “ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ”(លូកា ២៣:៤៦)។
ព្រះយេស៊ូវបានជ្រើសរើសការសុគតនៅលើឈើឆ្កាង ដោយស្ម័គ្រព្រះទ័យ ដើម្បីបង្ហាញចេញនូវការស្តាប់បង្គាប់ ដល់ព្រះវរបិតា ហើយដើម្បីបង្ហាញពីជម្រៅនៃសេចក្តីស្រឡាញ់របស់ទ្រង់ ចំពោះយើង។ ទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដែលមិនចេះប្រែប្រួល ដល់យើងរាល់គ្នា។ —TIM GUSTAFSON