នៅតាមដងផ្លូវនៃទីក្រុងឡូស អែជែលេស មានបុរសអនាថាម្នាក់ ដែលកំពុងតែមានបញ្ហាញៀនថ្នាំ បានបោះជំហានចូលទៅក្នុងចំណោមក្រុមការងារបេសកម្មកណ្តាលអាធ្រាត ហើយក៏បានសុំឲ្យគេជួយគាត់។ ចាប់តាំងពីពេលនោះមក លោកប្រាយអិន(Brian) ដែលជាជនអនាថានោះ ក៏បានចាប់ផ្តើមការធ្វើដំណើរដ៏វែងឆ្ងាយ ឆ្ពោះទៅរកការជាសៈស្បើយ។
ក្នុងរយៈពេលនោះ លោកប្រាយអិនក៏បានដឹងថា ខ្លួនស្រឡាញ់តន្រ្តី។ ទីបំផុត គាត់ក៏បានចូលរួមជាមួយក្រុមតន្រ្តីតាមចិញ្ចើមថ្នល់ ដែលជាក្រុមតន្រ្តីករអាជីព ដែលមានចិត្តស្រឡាញ់ជនអនាថា។ ពួកគេក៏បានឲ្យលោកប្រាយអិនលេងភ្លេងទោល តែម្នាក់ឯង នូវបទទំនុកដំកើងរបស់លោកហេនដេល ដែលមានចំណងជើងថា ព្រះមែស៊ី ដែលបទនេះក៏ត្រូវបានគេហៅថា បទ “មនុស្សដែលដើរក្នុងភាពងងឹត”។ ក្នុងបទគម្ពីរដែលហោរាអេសាយបាននិពន្ធ ក្នុងអំឡុងសម័យដ៏ខ្មៅងងឹត នៃប្រវត្តិសាស្រ្តអ៊ីស្រាអែល គាត់បានច្រៀងថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ អ្នកឯកទេសខាងរិះគន់តន្រ្តី បានសរសេរក្នុងទស្សនាវត្តី The New Yorker ថា “លោកប្រាយអិនបានធ្វើឲ្យទំនុកច្រៀងមានន័យយ៉ាងខ្លាំង គឺហាក់ដូចជាបានដកស្រង់ចេញពីជីវិតរបស់គាត់ផ្ទាល់”។
កណ្ឌគម្ពីរដំណឹងល្អម៉ាថាយ ក៏បានដកស្រង់បទគម្ពីរនេះផងដែរ។ ព្រះយេស៊ូវបានត្រាសហៅលោកម៉ាថាយ ឲ្យចាកចេញពីជីវិតនៃការកេងប្រវ័ញ្ចជនរួមជាតិគាត់ ហើយឲ្យដើរតាមទ្រង់វិញ។ គាត់បានពិពណ៌នាថា ព្រះយេស៊ូវបានសម្រេចបទទំនាយរបស់ហោរាអេសាយ ដោយនាំសេចក្តីសង្រ្គោះរបស់ទ្រង់ ទៅដល់ខាងនាយទន្លេយ័រដាន់ ហើយបន្តទៅដល់ស្រុកកាលីឡេនៃសាសន៍ដទៃ(ម៉ាថាយ ៤:១៣-១៥)។
តើនរណានឹងជឿថា អ្នកយកពន្ធឲ្យស្តេចសេសា ដែលធ្វើបាបប្រជាជនខ្លួនឯង(ម៉ាថាយ ៩:៩) ឬអ្នកញៀនថ្នំាតាមចិញ្ចើមថ្នល់ ឬក៏មនុស្សដូចយើងរាល់គ្នា នឹងមានឱកាសបង្ហាញចេញនូវការផ្លាស់ប្រែក្នុងជីវិត ដែលចេញពីភាពងងឹត ចូលក្នុងពន្លឺ? —MART DEHAAN