មានពេលមួយប៉ារបស់ខ្ញុំបាននិយាយថា ការមើលឃើញស្លឹកឈើនៅលើដើមឈើច្បាស់ គឺប្រសើរជាងការមើលទៅដើមឈើ ឃើញតែពណ៌បៃតងព្រិលៗ។ កាលនោះ ខ្ញុំមានអាយុ១៨ឆ្នាំ ហើយមិនចង់ពាក់វែនតាមីញ៉ូបទេ ប៉ុន្តែ វាបានជួយឲ្យខ្ញុំមើលឃើញអ្វីៗបានច្បាស់ជាងមុន គឺឃើញភាពស្រស់ស្អាត មិនមែនឃើញរូបភាពព្រិលៗទៀត។
ពេលខ្ញុំអានព្រះគម្ពីរ ខ្ញុំមានអារម្មណ៍ថា មានខគម្ពីរខ្លះ ដែលខ្ញុំមិនអាចយល់ច្បាស់ ហើយខ្ញុំគិតថា វាគ្មានអ្វីដែលគួរឲ្យចង់មើល។ រឿងនេះគឺមិនខុសពីការដែលខ្ញុំមើលទៅដើមឈើ ដោយមិនពាក់វ៉ែនតាមីញ៉ូបនោះឡើយ។ ប៉ុន្តែ គ្មានខគម្ពីរណាដែលគួរឲ្យធុញទ្រាន់ទេ អ្វីដែលសំខាន់នោះ គឺខ្ញុំត្រូវការជំនួយក្នុងការមើលភាពស្រស់ស្អាត ក្នុងភាពលម្អិតនៅក្នុងខគម្ពីរនោះ។
បញ្ហានេះបានកើតឡើងចំពោះខ្ញុំ ពេលដែលខ្ញុំអានកណ្ឌគម្ពីរនិក្ខមនំ។ កណ្ឌនេះនិយាយអំពីការដែលព្រះជាម្ចាស់បង្គាប់រាស្រ្តទ្រង់ ឲ្យសង់រោងឧបោសថ ដែលជាកន្លែងទ្រង់គង់នៅជាបណ្តោះអាសន្ន ក្នុងកណ្តាលចំណោមពួកអ៊ីស្រាអែល។ សាច់រឿងលម្អិតក្នុងបទគម្ពីរនេះ ហាក់ដូចជាមានភាពព្រិលៗ ដែលធ្វើឲ្យខ្ញុំមានភាពធុញទ្រាន់។ ប៉ុន្តែ ខ្ញុំបានឈប់បង្អង់នៅចុងបញ្ចប់នៃជំពូក២៥ ដែលក្នុងនោះ ព្រះជាម្ចាស់បានបង្គាប់ឲ្យពួកគេសង់ជើងចង្កៀង។ គេត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ធ្វើឲ្យមានគល់ ដើម នប់ កន្សោមគ្រាប់ ហើយនឹងផ្កាភ្ជាប់ជាមួយគ្នា(ខ.៣១)។ ឯគល់ជើងចង្កៀងត្រូវមាននប់៤វិញ រាងដូចជាគ្រាប់ចំបក់(ខ.៣៤)។
ត្រង់ចំណុចនេះ បើយើងពិនិត្យមើលឲ្យបានលម្អិតបន្តិច យើងឃើញថា ព្រះជាម្ចាស់បានបញ្ចូលសម្រស់នៃធម្មជាតិ ទៅក្នុងរោងឧបោសថរបស់ទ្រង់ ដែលនេះជារឿងដែលគួរឲ្យចាប់អារម្មណ៍។
សាវ័កប៉ុលបានមានបង្រៀនថា “អ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក”(រ៉ូម ១:២០)។ ដើម្បីឲ្យយើងមើលឃើញសម្រស់របស់ព្រះជាម្ចាស់ ពេលខ្លះ យើងត្រូវមើលទៅស្នាព្រះហស្តរបស់ទ្រង់ និងក្នុងខគម្ពីរ ដោយអនុញ្ញាតឲ្យទ្រង់ជួយបើកភ្នែកខាងវិញ្ញាណរបស់យើង ឲ្យមើលឃើញច្បាស់។—JULIE SCHWAB
ជំនួយឲ្យមើលឃើញច្បាស់
អាន: និក្ខមនំ ២៥:៣១-៤០ | ការអានព្រះគម្ពីរសម្រាប់រយៈពេលមួយឆ្នាំ: យ៉ូប ១៧-១៩ និង កិច្ចការ ១០:១-២៣
ដ្បិតអ្វីៗ របស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក។ រ៉ូម ១:២០
តើធ្វើដូចម្តេច ឲ្យអ្នកអាចមើលសម្រស់របស់ព្រះជាម្ចាស់ នៅក្នុងខគម្ពី? តើសម្រស់របស់ព្រះជាម្ចាស់ ក្នុងស្នាព្រះហស្តទ្រង់ បាននាំអ្នកចូលជិតទ្រង់កាន់តែខ្លាំង ដោយរបៀបណាខ្លះ?
ឱព្រះអម្ចាស់ សូមអរព្រះគុណព្រះអង្គ សម្រាប់ការបង្កើតយើងខ្ញុំ ឲ្យមានរូបដូចអង្គទ្រង់ ហើយបង្កើតយើងខ្ញុំមានតម្លៃ។ សូមជួយយើងខ្ញុំឲ្យនឹកចំា អំពីតម្លៃរបស់ខ្លួនឯង ព្រោះទ្រង់បានបង្កើតយើងខ្ញុំ ឲ្យមានភាពដូចអង្គទ្រង់។