កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​រៀន​ជិះ​ស្គី​លើ​ទឹកកក។ ខ្ញុំ​ក៏​បាន​ជិះ​ស្គី​តាម​ពី​ក្រោយ​កូន​ប្រុស​ខ្ញុំ ឈ្មោះ​ចស(Josh) ចុះ​ពី​លើ​ចំណោត​ដែល​មិន​សូវ​ចោទ​ខ្លាំង។ ដោយ​សារ​ខ្ញុំ​រវល់​តែ​មើល​គាត់ ខ្ញុំ​មិន​បាន​ដឹង​សោះ​ថា គាត់​បាន​បត់​ចុះ​តាម​ផ្លូវ​ដែល​ចោទ​បំផុត នៅ​លើ​ភ្នំ ហើយ​ខ្ញុំ​ក៏​បាន​បោះ​ពួយ​ចុះ​តាម​ចំណោទ​នោះ​យ៉ាង​លឿន ដោយ​មិន​ត្រង់​ផ្លូវ។ ជា​ការ​ពិត​ណាស់ ពេល​នោះ ខ្ញុំបាន​បាត់​បង់​ម្ចាស់​ការ​ទាំង​ស្រុង។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៤១ បាន​បង្ហាញ​ថា យើង​ងាយ​នឹង​រអិល​ធ្លាក់​ចុះ​តាម​ផ្លូវ​ចោទ​របស់​អំពើ​បាប។ ដើម្បី​ជៀស​វាង​ការរអិល​នេះ យើង​ចាំ​បាច់​ត្រូវ​អធិ​ស្ឋាន។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​អធិ​ស្ឋាន​ថា “សូម​កុំ​ឲ្យ​ចិត្ត​ទូល​បង្គំ​ល្អៀង​ទៅ​ខាង​សេចក្តី​អាក្រក់​ណា ដើម្បី​ប្រព្រឹត្ត​ការ​អាក្រក់​ជា​មួយ​នឹង​មនុស្ស ដែល​តែង​តែ​ធ្វើ​ការ​ទុច្ចរិត​ឡើយ”(ខ.៤)។ ការ​អធិស្ឋាន ក្នុង​បទ​គម្ពីរនេះ គឺ​ស្រប​តាម​ការ​អធិស្ឋាន​របស់​ព្រះ​អម្ចាស់ ដែល​បាន​ទូល​សូម​ថា “សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​កាន់​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច​ពី​សេចក្តី​អាក្រក់​វិញ”(ម៉ាថាយ ៦:១៣)។ ព្រះ​ទ្រង់​បាន​ស្តាប់​ឮ និង​ឆ្លើយ​តប​ការ​អធិស្ឋាន​នេះ ដោយ​សេចក្តី​ល្អ​របស់​ទ្រង់។

បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ព្រះ​ជា​ម្ចាស់​ក៏​អាច​ប្រើ​មិត្ត​ភក្តិ​ដ៏​ស្មោះ​ត្រង់​របស់​យើង ដើម្បី​បញ្ជៀស​យើង​ចេញ​ពី​អំពើ​បាប​ផង​ដែរ។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​អធិស្ឋាន​ថា “សូម​ឲ្យ​មនុស្ស​សុចរិត​វាយ​ទូលបង្គំ​ចុះ នោះ​នឹង​បាន​ជា​គុណ

ហើយ​ឲ្យ​គេ​ប្រដៅ​ទូលបង្គំ​ផង នោះ​នឹង​បាន​ដូច​ជា​ប្រេង​ចាក់​លាប​លើ​ក្បាល ឯ​ក្បាល​របស់​ទូលបង្គំ​នឹង​មិន​ប្រកែក​ទេ”(ទំនុកដំកើង ១៤១:៥)។ យើង​ច្រើន​តែ​ជួប​ការ​ល្បួង ដោយ​មិន​ដឹង​ខ្លួន។ គឺ​យើង​មិន​តែង​តែ​ដឹង​ថា យើង​កំពុង​តែ​ដើរ​ផ្លូវ​ខុស​នោះ​ទេ។ តែ​មិត្ត​ភក្តិ​ដ៏​ពិត​អាច​ជួយ​បញ្ជៀស​យើង ចេញ​ពី​អំពើ​បាប។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ”(សុភាសិត ២៧:៦)។ ត្រង់​ចំណុច​នេះ យើង​ពិបាក​នឹង​ទទួល​យក​ការ​ស្តី​បន្ទោស តែ​បើ​យើង​មើល​ឃើញ​ថា គាត់​បាន​ស្តី​បន្ទោស​យើង ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ភាព​សប្បុរស នោះ​ការ​ស្តី​បន្ទោស​របស់​គាត់​ គឺ​ប្រៀប​បាន​នឹង​ប្រេង​ចាក់​លាប​លើ​ក្បាល ដែល​ជួយ​ឲ្យ​យើង​ងាក​មក​រក​ផ្លូវ​នៃ​ការ​ស្តាប់​បង្គាប់​ឡើង​វិញ។

ចូរ​យើង​ចំហរ​ចិត្ត​ទទួល​សេចក្តី​ពិត ដែល​មក​ពី​មិត្ត​ភក្តិ​ដែល​ស្មោះ​ត្រង់ និង​ពឹង​ផ្អែក​លើ​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ការ​អធិ​ស្ឋាន។—DAVID H. ROPER