កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានរៀនជិះស្គីលើទឹកកក។ ខ្ញុំក៏បានជិះស្គីតាមពីក្រោយកូនប្រុសខ្ញុំ ឈ្មោះចស(Josh) ចុះពីលើចំណោតដែលមិនសូវចោទខ្លាំង។ ដោយសារខ្ញុំរវល់តែមើលគាត់ ខ្ញុំមិនបានដឹងសោះថា គាត់បានបត់ចុះតាមផ្លូវដែលចោទបំផុត នៅលើភ្នំ ហើយខ្ញុំក៏បានបោះពួយចុះតាមចំណោទនោះយ៉ាងលឿន ដោយមិនត្រង់ផ្លូវ។ ជាការពិតណាស់ ពេលនោះ ខ្ញុំបានបាត់បង់ម្ចាស់ការទាំងស្រុង។
បទគម្ពីរទំនុកដំកើង ជំពូក១៤១ បានបង្ហាញថា យើងងាយនឹងរអិលធ្លាក់ចុះតាមផ្លូវចោទរបស់អំពើបាប។ ដើម្បីជៀសវាងការរអិលនេះ យើងចាំបាច់ត្រូវអធិស្ឋាន។ គឺដូចដែលស្តេចដាវីឌបានអធិស្ឋានថា “សូមកុំឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្តីអាក្រក់ណា ដើម្បីប្រព្រឹត្តការអាក្រក់ជាមួយនឹងមនុស្ស ដែលតែងតែធ្វើការទុច្ចរិតឡើយ”(ខ.៤)។ ការអធិស្ឋាន ក្នុងបទគម្ពីរនេះ គឺស្របតាមការអធិស្ឋានរបស់ព្រះអម្ចាស់ ដែលបានទូលសូមថា “សូមកុំនាំយើងខ្ញុំទៅកាន់សេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញ”(ម៉ាថាយ ៦:១៣)។ ព្រះទ្រង់បានស្តាប់ឮ និងឆ្លើយតបការអធិស្ឋាននេះ ដោយសេចក្តីល្អរបស់ទ្រង់។
បទគម្ពីរទំនុកដំកើងនេះក៏បានបង្រៀនផងដែរថា ព្រះជាម្ចាស់ក៏អាចប្រើមិត្តភក្តិដ៏ស្មោះត្រង់របស់យើង ដើម្បីបញ្ជៀសយើងចេញពីអំពើបាបផងដែរ។ គឺដូចដែលស្តេចដាវីឌបានអធិស្ឋានថា “សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ
ហើយឲ្យគេប្រដៅទូលបង្គំផង នោះនឹងបានដូចជាប្រេងចាក់លាបលើក្បាល ឯក្បាលរបស់ទូលបង្គំនឹងមិនប្រកែកទេ”(ទំនុកដំកើង ១៤១:៥)។ យើងច្រើនតែជួបការល្បួង ដោយមិនដឹងខ្លួន។ គឺយើងមិនតែងតែដឹងថា យើងកំពុងតែដើរផ្លូវខុសនោះទេ។ តែមិត្តភក្តិដ៏ពិតអាចជួយបញ្ជៀសយើង ចេញពីអំពើបាប។ គឺដូចមានសេចក្តីចែងថា “របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្តីបញ្ឆោតវិញ”(សុភាសិត ២៧:៦)។ ត្រង់ចំណុចនេះ យើងពិបាកនឹងទទួលយកការស្តីបន្ទោស តែបើយើងមើលឃើញថា គាត់បានស្តីបន្ទោសយើង ដោយចិត្តស្មោះត្រង់ និងភាពសប្បុរស នោះការស្តីបន្ទោសរបស់គាត់ គឺប្រៀបបាននឹងប្រេងចាក់លាបលើក្បាល ដែលជួយឲ្យយើងងាកមករកផ្លូវនៃការស្តាប់បង្គាប់ឡើងវិញ។
ចូរយើងចំហរចិត្តទទួលសេចក្តីពិត ដែលមកពីមិត្តភក្តិដែលស្មោះត្រង់ និងពឹងផ្អែកលើព្រះជាម្ចាស់ តាមរយៈការអធិស្ឋាន។—DAVID H. ROPER