មាន​ភោជ្ជនីដ្ឋាន​មួយ​មាន​លក្ខណៈ​គួរ​ឲ្យ​ស្រឡាញ់ តែ​ងងឹត​បន្តិច។ នៅ​ក្នុង​ភោជ្ជនីយ​ដ្ឋាន​នោះ គេ​ឃើញ​មាន​តែ​ទៀន​តូច​មួយ​ដើម ដែល​កំពុង​បញ្ចេញ​ពន្លឺ​ភ្លឹប​ភ្លែត​ៗ នៅ​លើ​តុ​នីមួយ​ៗ។ ភ្ញៀវ​ដែល​មក​ញាំ​អាហារ​នៅ​ទីនោះ​បាន​ប្រើ​ពន្លឺ​ចេញ​ពី​ទូរស័ព្ទ​របស់​ពួក​គេ ដើម្បី​មើល​បញ្ជី​មុខ​ម្ហូប ឬ​មីនុយ និង​មើល​ទៅ​អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ​ជា​មួយ​ខ្លួន ហើយ​ថែម​ទាំង​បាន​ប្រើ​ពន្លឺ​របស់​ទូរស័ព្ទ​នោះ ដើម្បី​មើល​អាហារ​ដែល​ពួក​គេ​កំពុង​បរិភោគ​ផង​ដែរ។

ទី​បំផុត​ភ្ញៀវ​ម្នាក់​បាន​ងើប​ចេញ​ពី​កៅ​អី​របស់​គាត់​យ៉ាង​ស្ងាត់​ស្ងៀម ហើយ​ដើរ​ទៅ​រក​អ្នក​បម្រើ​ម្នាក់ ដោយ​សួរ​សំណួរ​ដ៏​សាមញ្ញ​ថា “តើ​អ្នក​អាច​បើក​ភ្លើង​បាន​ទេ?” មុន​យូរ​ប៉ុន្មាន អំពូល​នៅ​ជាប់​ពិដាន​ក៏​បាន​បញ្ចេញ​ពន្លឺ​ដ៏​កក់​ក្តៅ​ ហើយ​បន្ទប់​ទាំង​មូល​ក៏​បានលាន់​ឮ​សម្លេង​ទះ​ដៃ​អបអរ។ ប៉ុន្តែ​ គេ​ក៏​បាន​ឮ​សម្លេង​សើច និង​សម្លេង​ជជែក​គ្នា​យ៉ាង​រីក​រាយ ហើយ​ក៏​ឮ​ពាក្យ​ថា អរគុណ។ ស្វាមី​របស់​មិត្ត​ភក្តិ​ខ្ញុំ​ក៏​បាន​បិទ​ទូរស័ព្ទ​របស់​គាត់ រួច​ចាប់​កាន់​ស្លាប​ព្រាសម​ ហើយ​និយាយ​ជំនួស​យើង​ទាំង​អស់​គ្នា​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង! តោះ យើង​ញាំ​បាយ”។

ពេល​ល្ងាច​ដ៏​ងងឹត​របស់​យើង បាន​ប្រែ​ជា​សប្បាយ​អឹក​ធឹក បន្ទាប់​ពី​គេ​បាន​ចុច​កុង​តាក់​តែ​បន្តិច ដើម្បី​បើក​ភ្លើង។ ការ​បើក​ភ្លើង នៅ​កន្លែង​ញាំ​អាហារ​ដែល​ងងឹត ជា​រឿង​សំខាន់ ប៉ុន្តែ តើ​ការ​ស្គាល់​ប្រភព​ពិត​ប្រាកដ​នៃ​ពន្លឺ​ដ៏​ពិត មាន​សារៈ​សំខាន់​ជាង​អម្បាលម៉្មាន?  ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង” នៅ​ថ្ងៃ​ទី​មួយ ដែល​ទ្រង់​បង្កើត​ចក្រ​វាល ហើយ “ពន្លឺ​ក៏​មាន​ឡើង”(លោកុប្បត្តិ ១:៣)។ បន្ទាប់មក “ព្រះ​ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ហើយ”(ខ.៤)។

ពន្លឺ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង​រាល់​គ្នា។ ពន្លឺ​របស់​ទ្រង់​បាន​ចង្អុល​បង្ហាញ​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះ​យេស៊ូវ ​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន ៨:១២) ដែល​បាន​ដឹក​នាំ​យើង​ចេញ​ពី​ភាព​ងងឹត​នៃ​អំពើ​បាប​។ ពេល​យើង​ដើរ​ក្នុង​ពន្លឺ​ទ្រង់ យើង​រក​ឃើញ​ផ្លូវ​ដែល​មាន​ពន្លឺ​ចែង​ចាំង ឆ្ពោះ​ទៅ​រក​ជីវិត ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះ​រាជ​បុត្រា​ទ្រង់​។  ព្រះ​អង្គ​ជា​អំណោយ​ដែល​ភ្លឺ​បំផុត សម្រាប់​លោកិយ។ ដោយសារ​ទ្រង់​បាន​បញ្ចេញ​ពន្លឺ ចូរ​យើង​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​។—PATRICIA RAYBON