មានភោជ្ជនីដ្ឋានមួយមានលក្ខណៈគួរឲ្យស្រឡាញ់ តែងងឹតបន្តិច។ នៅក្នុងភោជ្ជនីយដ្ឋាននោះ គេឃើញមានតែទៀនតូចមួយដើម ដែលកំពុងបញ្ចេញពន្លឺភ្លឹបភ្លែតៗ នៅលើតុនីមួយៗ។ ភ្ញៀវដែលមកញាំអាហារនៅទីនោះបានប្រើពន្លឺចេញពីទូរស័ព្ទរបស់ពួកគេ ដើម្បីមើលបញ្ជីមុខម្ហូប ឬមីនុយ និងមើលទៅអ្នកដែលកំពុងអង្គុយនៅតុជាមួយខ្លួន ហើយថែមទាំងបានប្រើពន្លឺរបស់ទូរស័ព្ទនោះ ដើម្បីមើលអាហារដែលពួកគេកំពុងបរិភោគផងដែរ។
ទីបំផុតភ្ញៀវម្នាក់បានងើបចេញពីកៅអីរបស់គាត់យ៉ាងស្ងាត់ស្ងៀម ហើយដើរទៅរកអ្នកបម្រើម្នាក់ ដោយសួរសំណួរដ៏សាមញ្ញថា “តើអ្នកអាចបើកភ្លើងបានទេ?” មុនយូរប៉ុន្មាន អំពូលនៅជាប់ពិដានក៏បានបញ្ចេញពន្លឺដ៏កក់ក្តៅ ហើយបន្ទប់ទាំងមូលក៏បានលាន់ឮសម្លេងទះដៃអបអរ។ ប៉ុន្តែ គេក៏បានឮសម្លេងសើច និងសម្លេងជជែកគ្នាយ៉ាងរីករាយ ហើយក៏ឮពាក្យថា អរគុណ។ ស្វាមីរបស់មិត្តភក្តិខ្ញុំក៏បានបិទទូរស័ព្ទរបស់គាត់ រួចចាប់កាន់ស្លាបព្រាសម ហើយនិយាយជំនួសយើងទាំងអស់គ្នាថា “ចូរឲ្យមានពន្លឺឡើង! តោះ យើងញាំបាយ”។
ពេលល្ងាចដ៏ងងឹតរបស់យើង បានប្រែជាសប្បាយអឹកធឹក បន្ទាប់ពីគេបានចុចកុងតាក់តែបន្តិច ដើម្បីបើកភ្លើង។ ការបើកភ្លើង នៅកន្លែងញាំអាហារដែលងងឹត ជារឿងសំខាន់ ប៉ុន្តែ តើការស្គាល់ប្រភពពិតប្រាកដនៃពន្លឺដ៏ពិត មានសារៈសំខាន់ជាងអម្បាលម៉្មាន? ព្រះជាម្ចាស់បានមានបន្ទូលថា “ចូរឲ្យមានពន្លឺឡើង” នៅថ្ងៃទីមួយ ដែលទ្រង់បង្កើតចក្រវាល ហើយ “ពន្លឺក៏មានឡើង”(លោកុប្បត្តិ ១:៣)។ បន្ទាប់មក “ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ”(ខ.៤)។
ពន្លឺបានបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះទ្រង់មានចំពោះយើងរាល់គ្នា។ ពន្លឺរបស់ទ្រង់បានចង្អុលបង្ហាញយើងឲ្យងាកទៅរកព្រះយេស៊ូវ ជាពន្លឺនៃលោកិយ(យ៉ូហាន ៨:១២) ដែលបានដឹកនាំយើងចេញពីភាពងងឹតនៃអំពើបាប។ ពេលយើងដើរក្នុងពន្លឺទ្រង់ យើងរកឃើញផ្លូវដែលមានពន្លឺចែងចាំង ឆ្ពោះទៅរកជីវិត ដែលថ្វាយសិរីល្អដល់ព្រះរាជបុត្រាទ្រង់។ ព្រះអង្គជាអំណោយដែលភ្លឺបំផុត សម្រាប់លោកិយ។ ដោយសារទ្រង់បានបញ្ចេញពន្លឺ ចូរយើងដើរតាមផ្លូវរបស់ទ្រង់។—PATRICIA RAYBON