កាល​ខ្ញុំ​នៅ​រៀន ខ្ញុំ​បាន​ចាប់​ចិត្ត​ស្រឡាញ់​នារី​ម្នាក់ ឈ្មោះ សារ៉ាលីន(Saralyn)។  នាង​មាន​សម្លេង​សើច​ដែល​ពិរោះ​អស្ចារ្យ​លើស​គេ។ ខ្ញុំ​មិន​ដឹង​ច្បាស់​ថា នាង​បាន​ដឹង​ខ្លួន​ថា ខ្ញុំ​ស្រឡាញ់​នាង​ឬ​អត់​ទេ ប៉ុន្តែ ខ្ញុំ​សង្ស័យ​ថា នាង​ប្រហែល​ជា​ដឹង។ បន្ទាប់​ពីយើង​រៀន​ចប់ យើង​ក៏​​បាត់​ការ​ទាក់​ទង។ ជីវិត​របស់​យើង​ក៏​បាន​ធ្វើ​ដំណើរ​តាម​ទិស​ដៅ​ផ្សេង​គ្នា។

ក្រោយ​មក ខ្ញុំ​ក៏​បាន​បន្ត​ការ​ទំនាក់​ទំនង​ជា​មួយ​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ នៅ​តាម​បណ្តាញ​អ៊ីនធើណិត ហើយ​ខ្ញុំ​ក៏​មាន​ទុក្ខ​ជា​ទម្ងន់ ពេល​ដែល​បាន​ទទួល​ដំណឹង​ថា សារ៉ាលីន​បាន​លាចាក​លោក​ហើយ។ ខ្ញុំ​ចង់​ដឹង​អំ​ពី​ទិស​ដៅ​នៃ​ជីវិត​របស់​នាង ក្នុង​អំឡុង​ពេលប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ការ​បាត់​បង់​មិត្ត​ភក្តិ និង​សមាជិក​គ្រួសារ​របស់​ខ្ញុំ បាន​បន្ត​កើត​មាន ខណៈ​ពេល​ដែល​ខ្ញុំ​មាន​វ័យ​កាន់​តែចាស់។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​ជៀស​វាង​ការ​ជជែក​គ្នា អំពី​បញ្ហា​នេះ។  ​

ខណៈ​ពេល​ដែល​យើង​នៅ​មាន​ទុក្ខ​ព្រួយ យើង​អាច​មាន​សង្ឃឹម​ថា សេចក្តី​ស្លាប់​មិន​មែន​ជា​ចុង​បញ្ចប់​ឡើយ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ក្នុង​បទ​គម្ពីរ ១កូរិនថូស ១៥:៥៤-៥៥។ បន្ទាប់​ពី​ការ​ស្លាប់ គឺ​មាន​ការ​រស់​ឡើង​វិញ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​ក្តី​សង្ឃឹម​នេះ ដោយ​ផ្អែក​ទៅ​លើ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ដែល​ពិត​ជា​បាន​កើត​ឡើង​មែន(ខ.១២)  ហើយ​គាត់​ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា “​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(ខ.១៤)។ បើ​សិន​ជា​យើង​មាន​ក្តី​សង្ឃឹម​ក្នុង​ព្រះ​គ្រីស្ទ​ នៅ​តែ​ក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​ពិត​ជា​គួរ​ឲ្យ​អាណឹត​ណាស់(ខ.១៩)។

ថ្ងៃ​មួយ យើង​នឹង​បាន​ជួប​ពួក​គេ​ម្តង​ទៀត គឺ​ជួប​អ្នក​ដែល​បាន “គេង​លក់​នៅ​ក្នុង​ព្រះ​គ្រីស្ទ”(ខ.១៨) ដែល​អាច​ជា​ជី​ដូន​ជីតា ឪពុក​ម្តាយ មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង ឬ​សូម្បី​តែ​មិត្ត​រួម​ថ្នាក់​ដែល​យើង​ធ្លាប់​ស្រឡាញ់​ក៏​ដោយ។

សេចក្តី​ស្លាប់​មិន​មែន​ជា​ចុង​បញ្ចប់​ទេ។ ការ​រស់​ឡើង​វិញ​ទើប​ជា​ចុង​បញ្ចប់។—JOHN BLASÉ