កាលខ្ញុំនៅរៀន ខ្ញុំបានចាប់ចិត្តស្រឡាញ់នារីម្នាក់ ឈ្មោះ សារ៉ាលីន(Saralyn)។ នាងមានសម្លេងសើចដែលពិរោះអស្ចារ្យលើសគេ។ ខ្ញុំមិនដឹងច្បាស់ថា នាងបានដឹងខ្លួនថា ខ្ញុំស្រឡាញ់នាងឬអត់ទេ ប៉ុន្តែ ខ្ញុំសង្ស័យថា នាងប្រហែលជាដឹង។ បន្ទាប់ពីយើងរៀនចប់ យើងក៏បាត់ការទាក់ទង។ ជីវិតរបស់យើងក៏បានធ្វើដំណើរតាមទិសដៅផ្សេងគ្នា។
ក្រោយមក ខ្ញុំក៏បានបន្តការទំនាក់ទំនងជាមួយមិត្តរួមថ្នាក់របស់ខ្ញុំ នៅតាមបណ្តាញអ៊ីនធើណិត ហើយខ្ញុំក៏មានទុក្ខជាទម្ងន់ ពេលដែលបានទទួលដំណឹងថា សារ៉ាលីនបានលាចាកលោកហើយ។ ខ្ញុំចង់ដឹងអំពីទិសដៅនៃជីវិតរបស់នាង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ការបាត់បង់មិត្តភក្តិ និងសមាជិកគ្រួសាររបស់ខ្ញុំ បានបន្តកើតមាន ខណៈពេលដែលខ្ញុំមានវ័យកាន់តែចាស់។ ប៉ុន្តែ មនុស្សជាច្រើនបានជៀសវាងការជជែកគ្នា អំពីបញ្ហានេះ។
ខណៈពេលដែលយើងនៅមានទុក្ខព្រួយ យើងអាចមានសង្ឃឹមថា សេចក្តីស្លាប់មិនមែនជាចុងបញ្ចប់ឡើយ គឺដូចដែលសាវ័កប៉ុលបានបង្រៀនក្នុងបទគម្ពីរ ១កូរិនថូស ១៥:៥៤-៥៥។ បន្ទាប់ពីការស្លាប់ គឺមានការរស់ឡើងវិញ។ សាវ័កប៉ុលបានមានប្រសាសន៍អំពីក្តីសង្ឃឹមនេះ ដោយផ្អែកទៅលើការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ ដែលពិតជាបានកើតឡើងមែន(ខ.១២) ហើយគាត់ក៏បានមានប្រសាសន៍ទៀតថា “បើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ”(ខ.១៤)។ បើសិនជាយើងមានក្តីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងពិតជាគួរឲ្យអាណឹតណាស់(ខ.១៩)។
ថ្ងៃមួយ យើងនឹងបានជួបពួកគេម្តងទៀត គឺជួបអ្នកដែលបាន “គេងលក់នៅក្នុងព្រះគ្រីស្ទ”(ខ.១៨) ដែលអាចជាជីដូនជីតា ឪពុកម្តាយ មិត្តភក្តិ និងអ្នកជិតខាង ឬសូម្បីតែមិត្តរួមថ្នាក់ដែលយើងធ្លាប់ស្រឡាញ់ក៏ដោយ។
សេចក្តីស្លាប់មិនមែនជាចុងបញ្ចប់ទេ។ ការរស់ឡើងវិញទើបជាចុងបញ្ចប់។—JOHN BLASÉ