ថ្ងៃមួយ អ្នកស្រីសឺលី(Shirley) បានផ្តេកខ្លួនពីលើសាឡុង បន្ទាប់ពីមានការនឿយហត់ពេញមួយថ្ងៃ។ នាងក៏បានមើលតាមបង្អួចឃើញប្តីប្រពន្ធមួយគូរ ដែលមានវ័យចំណាស់ជាងនាង កំពុងតែខំប្រឹងដកបង្គោលចាស់ៗចេញ ពីផ្នែកទីមួយនៃរបងផ្ទះ ក្នុងទីធ្លាផ្ទះរបស់ខ្លួន ដែលមានផ្លាកសញ្ញាដាក់ពីលើថា “មិនគិតថ្លៃ”។ អ្នកស្រីសឺលីក៏បានហៅស្វាមីរបស់គាត់ រួចនាំគ្នាចេញទៅជួយពួកគេ។ អ្នកទាំងបួនក៏បានប្រឹងដកបង្គោលចេញ ហើយប្រមៀលវាទៅដល់ចិញ្ចើមផ្លូវទីក្រុង និងនៅកៀនជ្រុងផ្ទះរបស់អ្នកទាំងពីរ ដោយធ្វើបណ្តើរ អស់សំណើចបណ្តើរ។ ពេលដែលពួកគេវិលមករកផ្នែកទីពីរនៃរបងផ្ទះនោះ ស្រ្តីនោះក៏បានសួរអ្នកស្រីសឺលីថា “តើអ្នកចង់ធ្វើជាមិត្តភក្តិរបស់ខ្ញុំទេ?” នាងក៏បានឆ្លើយថា “ចាស ខ្ញុំនឹងធ្វើជាមិត្តភក្តិរបស់អ្នក”។ ក្រោយមក អ្នកស្រីសឺលីក៏បានដឹងថា មិត្តភក្តីថ្មីរបស់នាង ដែលជាជនជាតិវៀតណាមចេះនិយាយភាសាអង់គ្លេសតែបន្តិចបន្តួចប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក ហើយនាងមានភាពឯកោ ព្រោះកូនៗរបស់នាងបានពេញវ័យអស់ហើយ ហើយក៏បានផ្លាស់ទៅរស់នៅតំបន់ផ្សេង ដែលស្ថិតនៅចម្ងាយផ្លូវធ្វើដំណើរប្រហែលពីរបីម៉ោង។
ក្នុងបទគម្ពីរបរិទេវ ព្រះជាម្ចាស់បានរំឭកជនជាតិអ៊ីសា្រអែលថា ពួកគេធ្លាប់រស់នៅជាអ្នកស្រុកក្រៅ(១៩:៣៤) ហើយទ្រង់ក៏បានប្រាប់ពួកគេអំពីរបៀបប្រព្រឹត្តចំពោះអ្នកដទៃ(ខ.៩-១៨)។ ព្រះជាម្ចាស់បានញែកពួកគេ ឲ្យធ្វើជារាស្រ្តរបស់ទ្រង់ ហើយពួកគេត្រូវធ្វើជាព្រះពរសម្រាប់ “អ្នកជិតខាង”របស់ខ្លួន ដោយស្រឡាញ់គេ ដូចខ្លួនឯង។ ព្រះយេស៊ូវជាព្រះពរដ៏ប្រសើរបំផុតមកពីព្រះជាម្ចាស់ សម្រាប់ប្រជាជាតិទាំងឡាយ។ ទ្រង់បានយកព្រះបន្ទូលព្រះវរបិតាទ្រង់ មកថ្លែងឡើងវិញ សម្រាប់យើងរាល់គ្នាថា “ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង … ហើយត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(ម៉ាថាយ ២២:៣៧-៣៩)។
តាមរយៈព្រះវិញ្ញាណនៃព្រះគ្រីស្ទ គង់នៅក្នុងយើងរាល់គ្នា យើងអាចស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដទៃ ព្រោះទ្រង់បានស្រឡាញ់យើងជាមុន(កាឡាទី ៥:២២-២៣ ១យ៉ូហាន ៤:១៩)។ ដូចនេះ ពេលដែលគេចង់រាប់អានយើង យើងអាចនិយាយដូចអ្នកស្រីសឺលីថា “បាទ(ឬចាស់) ខ្ញុំនឹងធ្វើជាមិត្តភក្តិរបស់អ្នក”។—ANNE CETAS