ថ្ងៃមួយ អ្នក​ស្រី​សឺលី(Shirley) បាន​ផ្តេក​ខ្លួន​ពី​លើ​សាឡុង បន្ទាប់​ពី​មាន​ការ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។ នាង​ក៏​បាន​មើល​តាមបង្អួច​ឃើញ​ប្តី​ប្រពន្ធ​មួយ​គូរ ដែល​មាន​វ័យ​ចំណាស់​ជាង​នាង កំពុង​តែ​ខំ​ប្រឹង​ដក​បង្គោល​ចាស់​ៗ​ចេញ ពី​ផ្នែក​ទី​មួយ​នៃ​របង​ផ្ទះ ក្នុង​ទីធ្លា​ផ្ទះ​របស់​ខ្លួន ដែល​មាន​ផ្លាក​សញ្ញា​ដាក់​ពី​លើ​ថា “មិន​គិត​ថ្លៃ”។ អ្នក​ស្រី​សឺលី​ក៏​បាន​ហៅ​ស្វាមី​របស់​គាត់  រួច​នាំ​គ្នា​ចេញទៅ​ជួយ​ពួក​គេ។ អ្នក​ទាំង​បួន​ក៏​បាន​ប្រឹង​ដក​បង្គោល​ចេញ ហើយ​ប្រមៀល​វា​ទៅ​ដល់​ចិញ្ចើម​ផ្លូវ​ទីក្រុង និង​នៅ​កៀន​ជ្រុង​ផ្ទះ​របស់អ្នក​ទាំង​ពីរ ដោយ​ធ្វើ​បណ្តើរ អស់​សំណើច​បណ្តើរ។ ពេល​ដែល​ពួក​គេ​វិល​មក​រក​ផ្នែក​ទីពីរ​នៃ​របង​ផ្ទះ​នោះ ស្រ្តី​នោះ​ក៏​បាន​សួរ​អ្នកស្រី​សឺលី​ថា “តើ​អ្នក​ចង់​ធ្វើ​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ​ទេ?” នាង​ក៏​បាន​ឆ្លើយ​ថា “ចាស ខ្ញុំ​នឹង​ធ្វើ​ជា​មិត្ត​ភក្តិ​របស់​អ្នក”។ ក្រោយ​មក អ្នកស្រី​សឺលី​ក៏​បាន​ដឹង​ថា មិត្ត​ភក្តី​ថ្មី​របស់​នាង ដែល​ជា​ជន​ជាតិ​វៀត​ណាម​ចេះ​និយាយ​ភាសា​អង់​គ្លេស​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ នៅ​សហ​រដ្ឋ​អាមេរិក ហើយ​នាង​មាន​ភាព​ឯកោ ព្រោះ​កូន​ៗ​របស់​នាង​បាន​ពេញ​វ័យ​អស់​ហើយ ហើយ​ក៏​បាន​ផ្លាស់​ទៅ​រស់​នៅ​តំបន់​ផ្សេង ដែល​ស្ថិត​នៅ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ប្រហែល​ពីរ​បី​ម៉ោង។

ក្នុង​បទ​គម្ពីរ​បរិទេវ ព្រះ​ជា​ម្ចាស់​បាន​រំឭក​ជន​ជាតិ​អ៊ីសា្រអែល​ថា ពួក​គេ​ធ្លាប់​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ(១៩:៣៤) ហើយ​ទ្រង់​ក៏បាន​ប្រាប់​ពួក​គេ​អំពី​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ(ខ.៩-១៨)។ ព្រះ​ជា​ម្ចាស់​បាន​ញែក​ពួក​គេ ឲ្យ​ធ្វើ​ជា​រាស្រ្ត​របស់​ទ្រង់ ហើយ​ពួក​គេ​ត្រូវ​ធ្វើ​ជា​ព្រះ​ពរ​សម្រាប់ “អ្នក​ជិត​ខាង”របស់​ខ្លួន ដោយ​ស្រឡាញ់​គេ ដូច​ខ្លួន​ឯង។ ព្រះ​យេស៊ូវ​ជា​ព្រះ​ពរ​ដ៏​ប្រសើរ​បំផុត​មកពី​ព្រះ​ជា​ម្ចាស់ សម្រាប់​ប្រជា​ជាតិ​ទាំង​ឡាយ។ ទ្រង់​បាន​យក​ព្រះ​បន្ទូល​ព្រះ​វរបិតា​ទ្រង់ មក​ថ្លែង​ឡើង​វិញ សម្រាប់​យើង​រាល់​គ្នាថា “ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង … ហើយត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(ម៉ាថាយ ២២:៣៧-៣៩)។ ​

តាម​រយៈ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ គង់​នៅ​ក្នុង​យើង​រាល់​គ្នា យើង​អាច​ស្រឡាញ់​ព្រះ​ជា​ម្ចាស់ និង​អ្នក​ដទៃ ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន(កាឡាទី ៥:២២-២៣ ១យ៉ូហាន ៤:១៩)។ ដូច​នេះ ពេល​ដែល​គេ​ចង់​រាប់​អាន​យើង យើង​អាច​និយាយដូច​អ្នក​ស្រី​សឺលី​ថា “បាទ(ឬចាស់) ខ្ញុំ​នឹង​ធ្វើ​ជា​មិត្ត​ភក្តិ​របស់​អ្នក”។—ANNE CETAS