មានពេលមួយ ខ្ញុំបានមើលវីដេអូឯកសារមួយ របស់ក្រុមអ្នកផលិតខ្សែភាពយន្តអង់គ្លេស ដែលក្នុងនោះពួកគេបានថតសកម្មភាពរបស់អ្នកស្រីផ្លេននើរី អូ ខុនន័រ(Flannery O’Connor) នៅក្នុងកសិដ្ឋានរបស់ក្រុមគ្រួសារគាត់ កាលគាត់ មានអាយុ៦ឆ្នាំ ក្នុងឆ្នាំ ១៩៣២។ នៅសម័យក្រោយមកទៀត អ្នកស្រីផ្លេននើរីបានក្លាយជាអ្នកនិពន្ធដ៏ល្បីល្បាញរបស់អាមេរិក។ កាលគាត់នៅតូច គាត់ចេះបង្រៀនសត្វមាន់មួយក្បាល ឲ្យដើរថយក្រោយ ធ្វើឲ្យក្រុមអ្នកផលិតវីដេអូនោះមានការចង់ដឹងចង់ឃើញគាត់សម្តែងដោយផ្ទាល់។ ក្រៅពីស្នាដៃនិពន្ធរឿងប្រលោមលោកដ៏ល្បី ខ្ញុំគិតថា ខ្សែវីដេអូនេះជាផ្នែកដ៏តូចមួយនៃប្រវត្តិរបស់គាត់ ដែលបានផ្តល់ឲ្យនូវន័យធៀបដ៏ល្អឥតខ្ចោះ។ ដោយសារអ្នកស្រីផ្លេនើរីមានសមត្ថភាពខ្ពស់នៅក្នុងផ្នែកអក្សរសាស្រ្ត និងមានជំនឿរឹងមាំ គាត់បានចំណាយពេល៣៩ឆ្នាំ នៅក្នុងការដើរផ្ទុយនឹងការវិវត្តន៍ទៅមុខរបស់វប្បធម៌ និងសង្គម។ អ្នកបោះពុម្ភផ្សាយ និងអ្នកអានសៀវភៅគាត់ មានការងឿងឆ្ងល់ ចំពោះការបង្រៀនក្នុងព្រះគម្ពីរ ដែលគាត់បានបញ្ចូលក្នុងការនិពន្ធរបស់គាត់ ដែលមានភាពផ្ទុយស្រឡះពីការរំពឹងគិតរបស់ពួកគេ។
ការរស់នៅដ៏ត្រឹមត្រូវ ដែលផ្ទុយនឹងប្រពៃណី និងទំនៀមទំលាប់របស់លោកិយ គឺជារឿងដែលជៀសមិនរួច សម្រាប់អ្នកដែល ពិតជាយកតម្រាប់តាមព្រះយេស៊ូវ។ កណ្ឌគម្ពីរភីលីពបានបង្រៀនយើងថា ទោះព្រះយេស៊ូវមានលក្ខណៈជាព្រះមួយរយភាគរយក៏ដោយ ទ្រង់មិនបានធ្វើអ្វី ដូចការរំពឹងគិតរបស់មនុស្សឡើយ(២:៦)។ ទ្រង់មិនបានប្រើអំណាចទ្រង់ “ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន” ប៉ុន្តែ “ទ្រង់បានបន្ទាបព្រះកាយ ឲ្យទាបបំផុត ដោយយកភាពជាបាវបម្រើ”(ខ.៦-៧)។ ព្រះគ្រីស្ទជាព្រះអម្ចាស់នៃអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត តែទ្រង់បានចុះចូលនឹងព្រះទ័យព្រះវរបិតា រហូតអស់ព្រះជន្ម ដោយសារសេចក្តីស្រឡាញ់។ ព្រះអង្គមិនបានបង្ហាញកិត្យានុភាព តែបានឱបក្រសោបយកការបន្ទាបខ្លួន។ ទ្រង់មិនបានដណ្តើមអំណាច តែបានលះបង់ការគ្រប់គ្រង។ និយាយរួម លោកិយគិតថា ទ្រង់ដើរថយក្រោយ តែផ្លូវដែលព្រះយេស៊ូវយាងទៅនោះ មានទិសដៅផ្ទុយនឹងផ្លូវរបស់លោកិយ។
ព្រះគម្ពីរក៏បានប្រាប់យើងឲ្យធ្វើដូចនេះផងដែរ(ខ.៥)។ យើងត្រូវយកតម្រាប់តាមទ្រង់ ដោយបម្រើជាជាងត្រួតត្រាគេ។ យើងបោះជំហានទៅរកការបន្ទាបខ្លួន ជាជាងការលេចធ្លោ។ យើងឲ្យច្រើនជាងទទួល។ យើងដើរតាមព្រះយេស៊ូវ ដោយអំណាចរបស់ទ្រង់ ទោះលោកិយថា យើងកំពុងតែដើរថយក្រោយក៏ដោយ។ —WINN COLLIER