ក្នុងបណ្តាញសង្គមសព្វថ្ងៃ អ្នកប្រហែលជាធ្លាប់ឮគេប្រាប់អ្នក កុំឲ្យឆ្លើយតប ឬចាប់អារម្មណ៍ចំពោះការបង្ហោះសារត្រូល(Troll) ដែលអ្នកប្រើប្រាប់បណ្តាញសង្គមខ្លះបានធ្វើឡើង ដើម្បីរិះគន់ បរិហាកេរ្តិ៍ ឬវាយប្រហារ ក្នុងបំណងធ្វើឲ្យនរណាម្នាក់ឈឺចាប់ ឬទទួលរងនូវការខូចខាតក្នុងកំរិតណាមួយជាដើម។ ប៉ុន្តែ ពេលដែលយើងមិនអើពើរចំពោះការបញ្ចេញយោបល់ ឬcomment ប្រភេទនេះ ពួកគេនឹងកាន់តែមានការពិបាក នៅក្នុងការបន្តជម្លោះនោះ។
ជាការពិតណាស់ មនុស្សដែលមិនចង់មានការសន្ទនាគ្នាក្នុងន័យស្ថាបនា គឺមិនមែនទើបតែមានក្នុងសម័យនេះទេ។ បទគម្ពីរសុភាសិត ២៦:៤ ក៏បាននិយាយទាក់ទងនឹងបញ្ហានេះផងដែរ។ បទគម្ពីរនេះបានដាស់តឿនយើងថា ការប្រកែកជាមួយ មនុស្សដែលក្រអឺតក្រទម និងមិនចេះទទួលយោបល់គេ អាចនាំឲ្យយើងធ្លាក់ចូលទៅក្នុងភាពអន់ថយដូចពួកគេផងដែរ។
តែសូម្បីតែមនុស្សដែលរឹងចចេសបំផុត ក៏ជាមនុស្សមានតម្លៃ ដែលព្រះទ្រង់បានបង្កើតឲ្យមានរូបភាពដូចព្រះអង្គ។ បើសិនជាយើងប្រញាប់ដើរចេញពីពួកគេពេក យើងអាចក្លាយជាមនុស្សក្រអឺតក្រទម ឬមិនព្រមទទួលព្រះគុណរបស់ព្រះ(មើលម៉ាថាយ ៥:២២)។
ហេតុនេះហើយបានជាបទគម្ពីរសុភាសិត ២៦:៥ បានផ្តល់ឲ្យនូវការណែនាំ ដែលផ្ទុយនឹងការណែនាំក្នុងបណ្តាញសង្គម។ ព្រោះយើងចំាបាច់ត្រូវពឹងផ្អែកលើព្រះជាម្ចាស់ ដោយការបន្ទាបខ្លួន និងការអធិស្ឋាន ដើម្បីឲ្យអាចបង្ហាញចេញនូវសេចក្តីស្រឡាញ់ចំពោះពួកគេ តាមមធ្យោបាយដ៏ល្អបំផុត ក្នុងស្ថានភាពនីមួយៗ(មើលកូល៉ុស ៤:៥-៦)។ ជួនកាល យើងឆ្លើយតបចំពោះគេដោយចិត្តសុភាព និងក្តីស្រឡាញ់ តែពេលខ្លះ ការមិននិយាយអ្វីសោះ គឺជាការឆ្លើយតបដ៏ល្អបំផុត។
ប៉ុន្តែ ក្នុងស្ថានភាពនីមួយៗ យើងអាចរកឃើញសន្តិភាព ដោយដឹងថាព្រះទ្រង់កំពុងតែធ្វើការក្នុងចិត្តមនុស្សម្នាក់ៗ ដោយអំណាចចេស្តាទ្រង់ គឺដូចកាលដែលទ្រង់បាននាំយើងចូលមកជិតព្រះអង្គ ខណៈពេលដែលយើងកំពុងតែប្រឆាំងនឹងព្រះអង្គ ដោយចិត្តរឹងចចេស(រ៉ូម ៥:៦)។ ចូរយើងសម្រាក និងពឹងផ្អែកប្រាជ្ញាព្រះអង្គ ខណៈពេលដែលយើងព្យាយាមចែករំលែកក្តីស្រឡាញ់របស់ទ្រង់ ដល់អ្នកដទៃ។—MONICA BRANDS