ក្នុងរដូវផ្ការីក បន្ទាប់ពីរដូវរងាដ៏គួរឲ្យធុញថប់បានកន្លងផុតទៅ អ្នកស្រីអេម៉ាបានជួយថែទាំសមាជិកគ្រួសារម្នាក់ ដែលកំពុងមានជម្ងឺជាយូរមកហើយ។ ពេលនោះ គាត់បានរកឃើញការលើកទឹកចិត្ត រៀងរាល់ពេលដែលគាត់ដើរកាត់តាមដើមសេរីហ្សមួយដើម នៅក្បែរផ្ទះគាត់ ក្នុងក្រុងខេមប្រីជ ប្រទេសអង់គ្លេស។ ដើមសេរីហ្សនោះបានចេញផ្កាពណ៌ស៊ីជំពូរីកស្គុះស្គាយ ដោយមានផ្កាពណ៌សនៅចុងរបស់វា។ អ្នកថែសួនដ៏ឆ្លាតវ័យម្នាក់បានយកមែកដែលមានផ្កាពណ៌ស មកបំបៅជាប់នឹងដើមមួយនេះ ។ ពេលដែលអ្នកស្រីអេម៉ាដើរកាត់តាមដើមសេរីហ្សដ៏ចម្លែកមួយនេះ គាត់ក៏បានគិតអំពីព្រះបន្ទូលព្រះយេស៊ូវ ដែលនិយាយអំពីព្រះអង្គទ្រង់ ដែលជាដើម និងអ្នកដើរតាមទ្រង់ ដែលជាខ្នែង(យ៉ូហាន ១៥:១-៨)។
នៅគ្រាសញ្ញាចាស់ ដើមទំពាំងបាយជូរជានិមិត្តរូបតំណាងឲ្យរាស្រ្តរបស់ព្រះ(ទំនុកដំកើង ៨០:៨-៩ និង ហូសេ ១០:១)។ ប៉ុន្តែ នៅគ្រាសញ្ញាថ្មីព្រះយេស៊ូវប្រើនិមិត្តរូបនេះ ជាតំណាងឲ្យព្រះអង្គទ្រង់ ដោយមានបន្ទូលថា ទ្រង់ជាដើមទំពាំងបាយជូរ ហើយអ្នកដើរតាមទ្រង់ ជាខ្នែង ឬមែកដែលត្រូវបានបំបៅជាប់នឹងទ្រង់។ ហើយដរាបណាពួកគេនៅជាប់នឹងទ្រង់ ដោយទទួលជីវជាតិ និងកម្លាំងពីទ្រង់ ពួកគេនឹងបង្កើតផលផ្លែ(យ៉ូហាន ១៥:៥)។
ខណៈពេលដែលអ្នកស្រីអេម៉ាកំពុងតែជួយថែទាំសមាជិកគ្រួសារដែលមានជម្ងឺ គាត់ត្រូវការការរំឭកថា គាត់កំពុងតែនៅជាប់នឹងព្រះយេស៊ូវ។ ពេលដែលគាត់ឃើញមែកដែលមានផ្កាពណ៌ស នៅជាប់នឹងដើមដែលមានផ្កាពណ៌ស៊ីជម្ពូរ គាត់ក៏បាននឹកចាំ អំពីសេចក្តីពិតដែលថា គាត់នៅជាប់នឹងដើម ដូចនេះ គាត់បានទទួលជីវជាតិពីព្រះអង្គ។
ជំនឿរបស់យើងកាន់តែរឹងមាំ និងមានការចម្រើនឡើង ពេលដែលយើងជាអ្នកជឿព្រះយេស៊ូវ ប្រកាន់ខ្ជាប់នូវជំនឿថា យើងជាខ្នែង ដែលត្រូវនៅជាប់នឹងទ្រង់ ដែលជាដើម។—AMY BOUCHER PYE