ថ្ងៃមួយ ពួកជំនុំរបស់ខ្ញុំបានជួបការបាត់បង់ដ៏ឈឺចាប់ ពេលដែលលោកប៉ុល(Paul) ដែលជាអ្នកដឹកនាំការថ្វាយបង្គំមានអំណោយទាន បានបាត់បង់ជីវិត ក្នុងវ័យ៣១ឆ្នំា ក្នុងគ្រោះថ្នាក់ ពេលគាត់ធ្វើដំណើរតាមទូក។ លោកប៉ុល និងភរិយារបស់គាត់ ឈ្មោះ ឌូរ៉ុនដា(DuRhonda) ធ្លាប់ស្គាល់ការឈឺចាប់ជាច្រើនមកហើយ ជាពិសេស នៅពេលដែលកូនៗរបស់ពួកគេបានស្លាប់បាត់បង់ជីវិតទាំងក្មេងខ្ចី។ នៅពេលនេះ គេបានជីកផ្នូរមួយទៀត នៅក្បែរផ្នូរតូចៗរបស់ក្មេងទាំងនោះ។ សោកនាដកម្មដ៏ខ្លោចផ្សារបានវាយប្រហារមកលើគ្រួសារមួយនេះម្តងហើយម្តងទៀត ធ្វើឲ្យអ្នកដែលស្រឡាញ់ពួកគេមានការឈឺចាប់ជាពន់ពេក។
ស្តេចដាវីឌក៏ធ្លាប់ជួបវិបិត្តផ្ទាល់ខ្លួន និងគ្រួសារផងដែរ។ ក្នុងបទគម្ពីរ ទំនុកដំកើងជំពូក៣ ទ្រង់បានបង្ហាញអំពីអារម្មណ៍សោកសៅជាពន់ពេក ដោយសារការបះបោររបស់បុត្រាទ្រង់ ព្រះនាមអាប់សាឡំ។ ទ្រង់មិនបាននៅប្រយុទ្ធតតាំងនឹងគេទេ ផ្ទុយទៅវិញ ទ្រង់បានសម្រេចព្រះទ័យរត់គេចពីព្រះរាជវាំង និងរាជបល្ល័ង្ករបស់ទ្រង់(២សាំយ៉ូអែល ១៤:១៣-២៣។ ទោះ “មនុស្សជាច្រើន” បានគិតថា ព្រះជាម្ចាស់បានបោះបង់ស្តេចដាវីឌចោលក្តី(ទំនុកដំកើង ៣:២) ក៏ទ្រង់នៅតែជឿជាក់ថា ព្រះអម្ចាស់ជាអ្នកការពារទ្រង់(ខ.៣) ហើយទ្រង់ក៏បានអំពាវនាវដល់ព្រះអម្ចាស់(ខ.៤)។ អ្នកស្រីឌូរ៉ុនដាក៏បានបង្ហាញចេញនូវឥរិយាបថដូចនេះផងដែរ។ នៅពេលដែលមនុស្សរាប់រយនាក់បានមកជួបជុំគ្នា ដើម្បីនឹកចាំអំពីស្វាមីរបស់នាង នៅក្នុងពិធីបុណ្យសព នាងបានលើកសម្លេងដ៏ស្រទន់ឡើង ច្រៀងនូវបទដែលបង្ហាញអំពីការទុកចិត្តព្រះ ទោះនាងកំពុងតែមានការសោកសង្រេងក៏ដោយ។
ពេលដែលគ្រូពេទ្យបានប្រាប់ដំណឹងអាក្រក់ អំពីសុខភាពយើង ពេលដែលបញ្ហាហិរញ្ញវត្ថុនៅតែមិនធូរស្បើយ ពេលដែលការប្រឹងប្រែង នៅក្នុងការផ្សះផ្សាទំនាក់ទំនងបរាជ័យ ពេលដែលសេចក្តីស្លាប់បានបំបែកមនុស្សជាទីស្រឡាញ់ពីយើង ចូរយើងទទួលកម្លាំងពីព្រះជាម្ចាស់ ហើយពោលឡើងថា “ឱព្រះអម្ចាស់ ទ្រង់ជាខែលបាំងទូលបង្គំជុំវិញ ក៏ជាសិរីល្អនៃទូលបង្គំ ហើយជាអ្នកលើកក្បាលទូលបង្គំឡើងដែរ”(ខ.៣)។—ARTHUR JACKSON