ថ្ងៃ​មួយ ពួក​ជំនុំ​របស់​ខ្ញុំ​បាន​ជួប​ការ​បាត់​បង់​ដ៏​ឈឺ​ចាប់ ពេល​ដែល​លោក​ប៉ុល(Paul) ដែល​ជា​អ្នក​ដឹក​នាំ​ការ​ថ្វាយ​បង្គំ​មានអំណោយ​ទាន បាន​បាត់​បង់​ជីវិត ក្នុង​វ័យ​៣១​ឆ្នំា ក្នុង​គ្រោះ​ថ្នាក់ ពេល​គាត់​ធ្វើ​ដំណើរ​តាម​ទូក។ លោក​ប៉ុល និង​ភរិយា​របស់​គាត់ ​ឈ្មោះ ឌូរ៉ុនដា(DuRhonda) ធ្លាប់​ស្គាល់​ការ​ឈឺ​ចាប់​ជា​ច្រើន​មក​ហើយ ជា​ពិសេស នៅ​ពេល​ដែល​កូន​ៗ​របស់​ពួក​គេ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទាំង​ក្មេង​ខ្ចី។ នៅ​ពេល​នេះ គេ​បាន​ជីក​ផ្នូរ​មួយ​ទៀត នៅ​ក្បែរ​ផ្នូរ​តូច​ៗ​របស់​ក្មេង​ទាំង​នោះ។ សោកនាដ​កម្ម​ដ៏​ខ្លោច​ផ្សា​របាន​វាយ​ប្រហារ​មក​លើ​គ្រួសារ​មួយ​នេះ​ម្តង​ហើយ​ម្តង​ទៀត ធ្វើ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ពួក​គេ​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ជួប​វិបិត្ត​ផ្ទាល់​ខ្លួន និង​គ្រួសារ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង​ជំពូក​៣ ទ្រង់​បាន​បង្ហាញ​អំពី​អារម្មណ៍​សោក​សៅ​ជា​ពន់​ពេក ដោយសារ​ការ​បះ​បោរ​របស់​បុត្រា​ទ្រង់ ព្រះ​នាម​អាប់​សាឡំ។ ទ្រង់​មិន​បាន​នៅ​ប្រយុទ្ធ​តតាំង​នឹង​គេ​ទេ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​រត់​គេច​ពី​ព្រះ​រាជ​វាំង និង​រាជ​បល្ល័ង្ក​របស់​ទ្រង់​(២សាំយ៉ូអែល ១៤:១៣-២៣។ ទោះ “មនុស្ស​ជា​ច្រើន” បាន​គិត​ថា ព្រះ​ជា​ម្ចាស់​បាន​បោះ​បង់​ស្តេច​ដាវីឌ​ចោល​ក្តី(ទំនុកដំកើង ៣:២) ក៏​ទ្រង់​នៅ​តែ​ជឿ​ជាក់​ថា ព្រះ​អម្ចាស់​ជាអ្នក​ការពារ​ទ្រង់​(ខ.៣) ហើយ​ទ្រង់​ក៏​បាន​អំពាវ​នាវ​ដល់​ព្រះ​អម្ចាស់(ខ.៤)។ អ្នក​ស្រី​ឌូរ៉ុនដា​ក៏​បាន​បង្ហាញ​ចេញ​នូវ​ឥរិយាបថ​ដូចនេះ​ផង​ដែរ។ នៅ​ពេល​ដែល​មនុស្ស​រាប់​រយ​នាក់​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​នឹក​ចាំ​អំពី​ស្វាមី​របស់​នាង នៅ​ក្នុង​ពិធី​បុណ្យ​សព នាងបាន​លើក​សម្លេង​ដ៏​ស្រទន់​ឡើង ច្រៀង​នូវ​បទ​ដែល​បង្ហាញ​អំពី​ការ​ទុក​ចិត្ត​ព្រះ ទោះ​នាង​កំពុង​តែ​មាន​ការ​សោក​សង្រេង​ក៏​ដោយ​។

ពេល​ដែល​គ្រូ​ពេទ្យ​បាន​ប្រាប់​ដំណឹង​អាក្រក់ អំពី​សុខ​ភាព​យើង ពេល​ដែល​បញ្ហា​ហិរញ្ញ​វត្ថុ​នៅ​តែ​មិន​ធូរ​ស្បើយ ពេល​ដែល​ការ​ប្រឹង​ប្រែង នៅ​ក្នុង​ការ​ផ្សះផ្សា​ទំនាក់​ទំនង​បរាជ័យ ពេល​ដែល​សេចក្តី​ស្លាប់​បាន​បំបែក​មនុស្ស​ជា​ទីស្រឡាញ់​ពី​យើង ចូរ​យើង​ទទួល​កម្លាំង​ពី​ព្រះ​ជា​ម្ចាស់ ហើយ​ពោល​ឡើង​ថា “ឱ​ព្រះអម្ចាស់ ទ្រង់​ជា​ខែល​បាំង​ទូលបង្គំ​ជុំវិញ ក៏​ជា​សិរីល្អ​នៃ​ទូលបង្គំ ហើយ​ជា​អ្នក​លើក​ក្បាល​ទូលបង្គំ​ឡើង​ដែរ”(ខ.៣)។—ARTHUR JACKSON