មានពេលមួយ ក្រុមហ៊ុនប្រឹក្សាយោបលផ្នែកបច្ចេកវិទ្យាមួយ បានទទួលខ្ញុំឲ្យចូលធ្វើការ បន្ទាប់ពីខ្ញុំរៀនចប់មហាវិទ្យាល័យ ទោះបីជាខ្ញុំមិនអាចសរសេរកូដកំព្យូទ័រសូម្បីតែមួយបន្ទាត់ ហើយមានចំណេះដឹងតិចតួច អំពីការធ្វើជំនួញក៏ដោយ។ ក្នុងអំឡុងពេលនៃការសម្ភាសចូលធ្វើការ ខ្ញុំក៏បានដឹងថា ក្រុមហ៊ុននេះ មិនបានឲ្យតម្លៃខ្លាំង ទៅលើបទពិសោធន៍ការងារទេ។ ផ្ទុយទៅវិញ អ្វីដែលសំខាន់ជាង សម្រាប់ពួកគេ គឺលក្ខណៈសម្បត្តិផ្ទាល់ខ្លួន ដែលមានដូចជា សមត្ថភាពនៅក្នុងការដោះស្រាយបញ្ហា ដោយភាពប៉ិនប្រសប់ ការវិនិឆ្ឆ័យបានល្អ និងការធ្វើការងារជាក្រុមបានល្អ។ ក្រុមហ៊ុននោះបានសន្និដ្ឋានថា បុគ្គលិកថ្មីអាចទទួលការបង្រៀននូវជំនាញដែលចាំបាច់ ដរាបណា ពួកគេជាមនុស្សដែលក្រុមហ៊ុនកំពុងស្វែងរក។
លោកណូអេមិនមានប្រវត្តិរូបល្អ សម្រាប់ការងារផ្នែកសាងសង់ទូកធំនោះទេ និយាយឲ្យខ្លី គាត់មិនមែនជាអ្នកធ្វើទូក ឬជាជាងឈើទេ។ លោកណូអេជាកសិករម្នាក់ ដែលធ្លាប់តែមានដីប្រឡាក់អាវរបស់គាត់ និងមាននង្គ័លនៅក្នុងដៃ។ តែពេលដែលព្រះទ្រង់បានសម្រេចព្រះទ័យកំចាត់ការអាក្រក់ក្នុងលោកិយ កាលសម័យនោះ គាត់ក៏បានសង់ទូកធំតាមបង្គាប់ទ្រង់ ព្រោះគាត់ បានដើរដោយស្មោះត្រង់ ជាមួយព្រះអង្គ (លោកុប្បត្តិ ៦:៩)។ ព្រះទ្រង់ឲ្យតម្លៃ ចំពោះចិត្តរបស់លោកណូអេ ដែលបើកចំហរទទួលការបង្រៀន ដែលនេះជាចំណុចខ្លាំងរបស់គាត់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពពុករលួយ ដែលនៅជុំវិញខ្លួនគាត់ ហើយធ្វើអ្វីដែលត្រឹមត្រូវ។
ពេលដែលឱកាសធ្វើការបម្រើព្រះ ចូលមករកយើង យើងប្រហែលជាមានអារម្មណ៍ថា យើងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើការងារនោះឡើយ។ តែអរព្រះគុណព្រះអង្គ ដែលទ្រង់មិនខ្វល់អំពីជំនាញរបស់យើង ជាទីមួយឡើយ។ ទ្រង់ឲ្យតម្លៃ ចំពោះចរិយាសម្បត្តិរបស់យើង សេចក្តីស្រឡាញ់ដែលយើងមានចំពោះទ្រង់ និងការព្រមទុកចិត្តទ្រង់។ ពេលដែលលក្ខណៈសម្បត្តិទាំងនោះ កើតមាននៅក្នុងយើង ដោយអំណាចនៃព្រះវិញ្ញាណ ទ្រង់អាចប្រើយើង តាមធម្យោបាយតូចធំ ដើម្បីសម្រេចបំណងព្រះទ័យទ្រង់ នៅលើផែនដីនេះ។—JENNIFER BENSON SCHULDT