មាន​ពេល​មួយ ក្រុម​ហ៊ុន​ប្រឹក្សា​យោបល​ផ្នែក​បច្ចេក​វិទ្យា​មួយ​ បាន​ទទួល​ខ្ញុំ​ឲ្យ​ចូល​ធ្វើ​ការ បន្ទាប់​ពី​ខ្ញុំ​រៀន​ចប់​មហា​វិទ្យាល័យ ទោះ​បី​ជា​ខ្ញុំ​មិន​អាច​សរសេរ​កូដ​កំព្យូទ័រ​សូម្បី​តែ​មួយ​បន្ទាត់ ហើយ​មាន​ចំណេះ​ដឹង​តិច​តួច អំពី​ការ​ធ្វើ​ជំនួញ​ក៏​ដោយ។ ក្នុង​អំឡុង​ពេល​នៃ​ការ​សម្ភាស​ចូល​ធ្វើ​ការ​ ខ្ញុំ​ក៏​បាន​ដឹង​ថា ក្រុម​ហ៊ុន​នេះ មិន​បាន​ឲ្យ​តម្លៃ​ខ្លាំង ​ទៅ​លើ​បទ​ពិសោធន៍​ការងារ​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​សំខាន់​ជាង សម្រាប់​ពួក​គេ គឺ​លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួន ដែល​មាន​ដូច​ជា សមត្ថ​ភាព​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ដោយ​ភាព​ប៉ិន​ប្រសប់ ការ​វិនិឆ្ឆ័យ​បាន​ល្អ និង​ការ​ធ្វើ​ការ​ងារ​ជា​ក្រុម​បាន​ល្អ។ ក្រុម​ហ៊ុន​នោះ​បាន​សន្និ​ដ្ឋាន​ថា បុគ្គលិក​ថ្មី​អាច​ទទួល​ការ​បង្រៀន​នូវ​ជំនាញ​ដែល​ចាំ​បាច់ ដរាប​ណា ពួក​គេ​ជា​មនុស្ស​ដែល​ក្រុម​ហ៊ុន​កំពុង​ស្វែង​រក។

លោក​ណូអេ​មិន​មាន​ប្រវត្តិ​រូប​ល្អ សម្រាប់​ការងារ​ផ្នែក​សាង​សង់​ទូក​ធំ​នោះ​ទេ និយាយ​ឲ្យ​ខ្លី គាត់​មិន​មែន​ជា​អ្នក​ធ្វើ​ទូក ឬ​ជា​ជាង​ឈើ​ទេ។ លោក​ណូអេ​ជា​កសិករ​ម្នាក់ ដែល​ធ្លាប់​តែ​មាន​ដី​ប្រឡាក់​អាវ​របស់​គាត់ និង​មាន​នង្គ័ល​នៅ​ក្នុង​ដៃ។ តែ​ពេល​ដែល​ព្រះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​កំចាត់​ការ​អាក្រក់​ក្នុង​លោកិយ កាល​សម័យ​នោះ គាត់​ក៏​បាន​សង់​ទូក​ធំ​តាម​បង្គាប់​ទ្រង់ ព្រោះ​គាត់ ​បាន​ដើរ​ដោយ​ស្មោះ​ត្រង់ ជា​មួយ​ព្រះ​អង្គ (លោកុប្បត្តិ ៦:៩)។ ព្រះ​ទ្រង់​ឲ្យ​តម្លៃ ចំពោះ​ចិត្ត​របស់​លោក​ណូអេ ដែល​បើក​ចំហរ​ទទួល​ការ​បង្រៀន ដែល​នេះ​ជា​ចំណុច​ខ្លាំង​របស់​គាត់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ពុក​រលួយ ដែល​នៅ​ជុំវិញ​ខ្លួន​គាត់ ​ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

ពេល​ដែល​ឱកាស​ធ្វើ​ការ​បម្រើ​ព្រះ ចូល​មក​រក​យើង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ការងារ​នោះ​ឡើយ។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទ្រង់​មិន​ខ្វល់​អំពី​ជំនាញ​របស់​យើង ជា​ទី​មួយ​ឡើយ។ ទ្រង់​ឲ្យ​តម្លៃ ចំពោះ​ចរិយា​សម្បត្តិ​របស់​យើង សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ទ្រង់ និង​ការ​ព្រម​ទុក​ចិត្ត​ទ្រង់។ ពេល​ដែល​លក្ខណៈសម្បត្តិ​ទាំង​នោះ កើត​មាន​នៅ​ក្នុង​យើង ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ ទ្រង់​អាច​ប្រើ​យើង តាម​ធម្យោបាយ​តូច​ធំ ដើម្បី​សម្រេច​បំណង​ព្រះ​ទ័យ​ទ្រង់ នៅ​លើ​ផែន​ដី​នេះ។​—JENNIFER BENSON SCHULDT