កាល​ឆ្កែ​របស់​ខ្ញុំ​ឈ្មោះ​រូពើត នៅ​តូច វា​មាន​ការ​ភ័យ​ខ្លាច​ណាស់ មិន​ហ៊ាន​ទៅ​ក្រៅ​ទេ បាន​ជា​ខ្ញុំ​ត្រូវ​អូស​វា ទៅ​សួន​ច្បារ។ ថ្ងៃ​មួយ បន្ទាប់​ពី​ខ្ញុំ​បាន​នាំ​វា​ទៅ​កន្លែង​នោះ​ហើយ ខ្ញុំ​ក៏​បាន​ព្រលែង​វា ដោយ​មិន​បាន​គិត​ឲ្យ​ដិត​ដល់។ វា​ក៏​បាន​ស្ទុះ​បោល​ទៅ​ផ្ទះ​បាត់ គឺ​ទៅ​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​របស់​វា។

បទ​ពិសោធន៍​មួយ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បុរស​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ជួប​នៅ​លើ​យន្ត​ហោះ។ កាល​នោះ គាត់​បាន​ចាប់​ផ្តើម​និយាយ​សុំ​ទោស​ខ្ញុំ ខណៈ​ពេល​ដែល​យើង​ដើរ​តាម​ផ្លូវ ទៅ​កាន់​យន្ត​ហោះ។ គាត់​ថា គាត់​នឹង​ស្រវឹង​ស្រា នៅ​ក្នុង​ជើង​ហោះ​ហើរ​មួយ​នេះ។ គាត់​ថា គាត់​មិន​ចង់​ស្រវឹង​ទេ តែ​គាត់​តែង​តែ​រត់​ទៅ​រក​ស្រា។ គាត់​ក៏​បាន​ស្រវឹង​ស្រា​មែន ហើយ​ខ្ញុំ​អាណឹត​គាត់​ណាស់ ពេល​ដែល​បាន​ឃើញ​ភរិយា​គាត់​ឱប​គាត់ ពេល​គាត់​ចេញ​ពី​យន្ត​ហោះ ហើយ​ក៏​បាន​រុញ​គាត់​ចេញ ពេល​ដែល​មាត់​គាត់​ធំ​ក្លិន​ស្រា។ គាត់​បាន​យក​ស្រា​ធ្វើ​ជា​កន្លែង​ជ្រក​កោន​របស់​គាត់ តែ​វា​មិន​បាន​ផ្តល់​ឲ្យ​គាត់​នូវ​សុវត្ថិភាព​ទាល់​តែ​សោះ។

ព្រះ​យេស៊ូវ​បាន​ចាប់​ផ្តើម​បេសកកម្ម​របស់​ទ្រង់​ ដោយ​មាន​បន្ទូល​ថា “ពេល​វេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ”(ម៉ាកុស ១:១៥)។ “ការ​ប្រែ​ចិត្ត” គឺ​មាន​ន័យ​ថា យើង​ទៅ​តាម​ទិស​ដៅ​ផ្ទុយ​នឹង​លោកិយ។ “នគរ​ព្រះ” គឺ​ជា​ការ​គ្រប់​គ្រង​របស់​ទ្រង់ មក​លើ​ជីវិត​យើង ដោយ​ក្តី​ស្រឡាញ់។ យើង​មិន​ត្រូវ​រត់​ទៅ​រក​កន្លែង​ដែល​មាន​អន្ទាក់​ចាប់​ចង​យើង ឬឲ្យ​ការ​ភ័យ​ខ្លាច និង​ការ​ញៀន​នឹង​អ្វី​មួយ គ្រប់​គ្រង​ជីវិត​យើង​ឡើយ ផ្ទុយ​ទៅ​វិញ យើង​អាច​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​គ្រប់​គ្រង​យើង ដោយ​ទ្រង់​ដឹក​នាំ​យើង ទៅ​រក​ជីវិត និង​សេរីភាព​ថ្មី​ដោយ​ក្តី​ស្រឡាញ់។​

សព្វ​ថ្ងៃ​នេះ ឆ្កែ​របស់​ខ្ញុំ​បាន​រត់​ចូល​ទៅ​ក្នុង​សួន​ច្បារ យ៉ាង​សប្បាយ​រីក​រាយ គឺ​លែង​មាន​ការ​ភ័យ​ខ្លាច​ដូច​មុន​ទៀត​ហើយ។ ខ្ញុំ​សូម​អធិស្ឋាន ឲ្យ​បុរស​ដែល​ខ្ញុំ​ជួប​នៅ​លើ​យន្ត​ហោះ​នោះ រក​ឃើញ​ក្តី​អំណរ និង​សេរីភាព​ផង​ដែរ ដោយ​ចាក​ចេញ​ពី​ការ​ប្រមឹក​ស្រា ដែល​ជា​កន្លែង​ជ្រក​កោន​ក្លែង​ក្លាយ​នោះ។​—SHERIDAN VOYSEY