កាលឆ្កែរបស់ខ្ញុំឈ្មោះរូពើត នៅតូច វាមានការភ័យខ្លាចណាស់ មិនហ៊ានទៅក្រៅទេ បានជាខ្ញុំត្រូវអូសវា ទៅសួនច្បារ។ ថ្ងៃមួយ បន្ទាប់ពីខ្ញុំបាននាំវាទៅកន្លែងនោះហើយ ខ្ញុំក៏បានព្រលែងវា ដោយមិនបានគិតឲ្យដិតដល់។ វាក៏បានស្ទុះបោលទៅផ្ទះបាត់ គឺទៅរកកន្លែងដែលមានសុវត្ថិភាពរបស់វា។
បទពិសោធន៍មួយនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបុរសម្នាក់ដែលខ្ញុំធ្លាប់ជួបនៅលើយន្តហោះ។ កាលនោះ គាត់បានចាប់ផ្តើមនិយាយសុំទោសខ្ញុំ ខណៈពេលដែលយើងដើរតាមផ្លូវ ទៅកាន់យន្តហោះ។ គាត់ថា គាត់នឹងស្រវឹងស្រា នៅក្នុងជើងហោះហើរមួយនេះ។ គាត់ថា គាត់មិនចង់ស្រវឹងទេ តែគាត់តែងតែរត់ទៅរកស្រា។ គាត់ក៏បានស្រវឹងស្រាមែន ហើយខ្ញុំអាណឹតគាត់ណាស់ ពេលដែលបានឃើញភរិយាគាត់ឱបគាត់ ពេលគាត់ចេញពីយន្តហោះ ហើយក៏បានរុញគាត់ចេញ ពេលដែលមាត់គាត់ធំក្លិនស្រា។ គាត់បានយកស្រាធ្វើជាកន្លែងជ្រកកោនរបស់គាត់ តែវាមិនបានផ្តល់ឲ្យគាត់នូវសុវត្ថិភាពទាល់តែសោះ។
ព្រះយេស៊ូវបានចាប់ផ្តើមបេសកកម្មរបស់ទ្រង់ ដោយមានបន្ទូលថា “ពេលវេលាបានសំរេចហើយ នគរព្រះជិតមកដល់ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ”(ម៉ាកុស ១:១៥)។ “ការប្រែចិត្ត” គឺមានន័យថា យើងទៅតាមទិសដៅផ្ទុយនឹងលោកិយ។ “នគរព្រះ” គឺជាការគ្រប់គ្រងរបស់ទ្រង់ មកលើជីវិតយើង ដោយក្តីស្រឡាញ់។ យើងមិនត្រូវរត់ទៅរកកន្លែងដែលមានអន្ទាក់ចាប់ចងយើង ឬឲ្យការភ័យខ្លាច និងការញៀននឹងអ្វីមួយ គ្រប់គ្រងជីវិតយើងឡើយ ផ្ទុយទៅវិញ យើងអាចអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងយើង ដោយទ្រង់ដឹកនាំយើង ទៅរកជីវិត និងសេរីភាពថ្មីដោយក្តីស្រឡាញ់។
សព្វថ្ងៃនេះ ឆ្កែរបស់ខ្ញុំបានរត់ចូលទៅក្នុងសួនច្បារ យ៉ាងសប្បាយរីករាយ គឺលែងមានការភ័យខ្លាចដូចមុនទៀតហើយ។ ខ្ញុំសូមអធិស្ឋាន ឲ្យបុរសដែលខ្ញុំជួបនៅលើយន្តហោះនោះ រកឃើញក្តីអំណរ និងសេរីភាពផងដែរ ដោយចាកចេញពីការប្រមឹកស្រា ដែលជាកន្លែងជ្រកកោនក្លែងក្លាយនោះ។—SHERIDAN VOYSEY