លោកដេសមុន ដស(Desmond Doss) ត្រូវបានគេជ្រើសរើសឲ្យចូលធ្វើទាហាន ក្នុងសម័យសង្រ្គាមលោកលើកទី២ ក្នុងផ្នែកដែលមិនតម្រូវឲ្យប្រយុទ្ធ។ ទោះជំនឿរបស់គាត់បានរារាំងគាត់មិនឲ្យកាន់កំាភ្លើងក្តី គាត់នៅតែអាចបម្រើការជាពេទ្យទាហាន។ នៅក្នុងសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមួយនោះ គាត់បានប្រថុយជីវិតចូលទៅអូសនិងសែងទាហានរបួស៧៥នាក់ក្នុងកងពលរបស់គាត់ ចេញពីកន្លែងប្រយុទ្ធ ទៅរកកន្លែងសុវត្ថិភាព ខណៈពេលដែលសត្រូវកំពុងតែបាញ់សន្ធាប់មកលើគាត់ជាច្រើនដង។ រឿងរបស់គាត់ ត្រូវបានគេលើកមកនិយាយ នៅក្នុងខ្សែវីដេអូឯកសារ ដែលមានចំណងជើងថា អ្នកប្រឆាំងដ៏មុះមុត ហើយគេក៏បានយករឿងគាត់ទៅផលិតជាខ្សែភាពយន្តខ្នាតធំ មានចំណងជើងថា ជ្រលង Hacksaw ។
ក្នុងជំនឿគ្រីស្ទបរិស័ទមានវីវបុរសជាច្រើន ដែលព្រះទ្រង់បានត្រាសហៅ ដែលមានដូចជា លោកអ័ប្រាហាំ លោកម៉ូសេ ស្តេចដាវីឌ ហោរាអេលីយ៉ា សាវ័កពេត្រុស និងសាវ័កប៉ុលជាដើម។ តែមានវីរបុរសមួយចំនួនដែលមិនសូវល្បីឈ្មោះ ដូចជា លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ និងលោកនីកូដេម ដែលហ៊ានប្រថុយយកសពព្រះយេស៊ូវដែលជាប់ឆ្កាង ទៅបញ្ចុះឲ្យបានត្រឹមត្រូវ ដោយមិនខ្លាចបាត់បង់ឋានៈនៅក្នុងចំណោមអ្នកដឹកនាំសាសន៍យូដា(យ៉ូហាន ១៩:៤០-៤២)។ នេះជាទង្វើដ៏ក្លាហាន ដែលសិស្សម្នាក់របស់ព្រះយេស៊ូវ ដែលមិនធ្លាប់ចេញមុខ និងលោកនីកូដេម ដែលពីមុនហ៊ានទៅជួបព្រះយេស៊ូវ តែនៅពេលយប់ប៉ុណ្ណោះ ដោយសារការភ័យខ្លាច(ខ.៣៨-៣៩)។ អ្វីដែលកាន់តែគួរឲ្យស្ងើចសរសើរទៀតនោះ គឺពួកគេបានប្រកាន់ខ្ជាប់នូវជំនឿរបស់ខ្លួន មុនពេលដែលព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ។ តើហេតុអ្វី?
របៀបដែលព្រះយេស៊ូវសុគត និងហេតុការណ៍ដែលកើតឡើងជាបន្តបន្ទាប់(ម៉ាថាយ ២៧:៥០-៥៤) ប្រហែលជាបានពង្រឹងជំនឿរបស់អ្នកដើរតាមព្រះយេស៊ូវ ដែលកំពុងតែមានការភ័យខ្លាច។ ពួកគេប្រហែលជាបានរៀនផ្តោតទៅលើព្រះ ជាជាងផ្តោតទៅលើការអ្វីដែលមនុស្សអាចធ្វើមកលើពួកគេ។ ទោះពួកគេបានទទួលការបណ្តាលចិត្តយ៉ាងណាក៏ដោយ ចូរយើងយកគំរូតាមពួកគេ ហើយបង្ហាញចេញនូវសេចក្តីក្លាហាន ដើម្បីឲ្យយើងហ៊ានបង្ហាញចេញនូវជំនឿដែលយើងមានចំពោះព្រះជាម្ចាស់ សម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ នៅថ្ងៃនេះ។—REMI OYEDELE