លោក​ដេសមុន ដស(Desmond Doss) ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ចូល​ធ្វើ​ទាហាន ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ក្នុង​ផ្នែក​ដែល​មិន​តម្រូវ​ឲ្យ​ប្រយុទ្ធ។ ទោះ​ជំនឿ​របស់​គាត់​បាន​រារាំង​គាត់​មិន​ឲ្យ​កាន់​កំា​ភ្លើង​ក្តី គាត់​នៅ​តែ​អាច​បម្រើ​ការ​ជា​ពេទ្យ​ទាហាន។ នៅ​ក្នុង​សមរ​ភូមិ​ប្រយុទ្ធ​ដ៏​ក្តៅ​គគុកមួយ​នោះ គាត់​បាន​ប្រថុយ​ជីវិត​ចូល​ទៅ​អូស​និង​សែង​ទាហាន​របួស​៧៥​នាក់​ក្នុង​កង​ពល​របស់​គាត់ ចេញ​ពី​កន្លែង​ប្រយុទ្ធ ទៅ​រក​កន្លែង​សុវត្ថិ​ភាព ខណៈ​ពេល​ដែល​សត្រូវ​កំពុង​តែ​បាញ់​សន្ធាប់​មក​លើ​គាត់​ជា​ច្រើន​ដង។ រឿង​របស់​គាត់ ត្រូវ​បាន​គេ​លើក​មក​និយាយ នៅ​ក្នុង​ខ្សែ​វីដេអូ​ឯកសារ ដែល​មាន​ចំណង​ជើង​ថា អ្នក​ប្រឆាំង​ដ៏​មុះ​មុត ហើយ​គេ​ក៏បាន​យក​រឿង​គាត់​ទៅ​ផលិត​ជា​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ មាន​ចំណង​ជើង​ថា ជ្រលង Hacksaw ។​

ក្នុង​ជំនឿ​គ្រីស្ទ​បរិស័ទ​មាន​វីវបុរស​ជា​ច្រើន ដែល​ព្រះ​ទ្រង់​បាន​ត្រាស​ហៅ ដែល​មាន​ដូច​ជា លោក​អ័ប្រាហាំ លោក​ម៉ូសេ ស្តេច​ដាវីឌ ហោរា​អេលីយ៉ា សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល​ជា​ដើម។ តែ​មាន​វីរបុរស​មួយ​ចំនួន​ដែល​មិន​សូវ​ល្បី​ឈ្មោះ ដូច​ជា លោក​យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ និង​លោក​នីកូដេម ដែល​ហ៊ាន​ប្រថុយ​យក​សព​ព្រះយេស៊ូវ​ដែល​ជាប់​ឆ្កាង ទៅ​បញ្ចុះ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​មិន​ខ្លាច​បាត់​បង់​ឋានៈ​នៅ​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​សាសន៍​យូដា​(យ៉ូហាន ១៩:៤០-៤២)។ នេះ​ជា​ទង្វើ​ដ៏​ក្លាហាន ដែល​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូវ ដែល​មិន​ធ្លាប់​ចេញ​មុខ និង​លោក​នីកូដេម ដែល​ពី​មុន​ហ៊ាន​ទៅ​ជួប​ព្រះយេស៊ូវ តែ​នៅ​ពេល​យប់​ប៉ុណ្ណោះ ដោយ​សារ​ការ​ភ័យ​ខ្លាច​(ខ.៣៨-៣៩)។  អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ស្ងើច​សរសើរ​ទៀត​នោះ គឺ​ពួក​គេ​បាន​ប្រកាន់​ខ្ជាប់​នូវ​ជំនឿ​របស់​ខ្លួន មុន​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ តើ​ហេតុ​អ្វី?

របៀប​ដែល​ព្រះ​យេស៊ូវ​សុគត និង​ហេតុ​ការណ៍​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​(ម៉ាថាយ ២៧:៥០-៥៤) ប្រហែល​ជា​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ដែល​កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច។ ពួក​គេ​ប្រហែល​ជា​បាន​រៀន​ផ្តោត​ទៅ​លើ​ព្រះ ជា​ជាង​ផ្តោត​ទៅ​លើ​ការ​អ្វី​ដែល​មនុស្ស​អាច​ធ្វើ​មក​លើ​ពួក​គេ។ ទោះ​ពួកគេ​បាន​ទទួល​ការ​បណ្តាល​ចិត្ត​យ៉ាង​ណា​ក៏ដោយ ចូរ​យើង​យក​គំរូ​តាម​ពួក​គេ ហើយ​បង្ហាញ​ចេញ​នូវ​សេចក្តី​ក្លាហាន ដើម្បី​ឲ្យ​យើង​ហ៊ាន​បង្ហាញ​ចេញ​នូវ​ជំនឿ​ដែល​យើង​មាន​ចំពោះ​ព្រះ​ជា​ម្ចាស់ សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ នៅ​ថ្ងៃ​នេះ។​—REMI OYEDELE