ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​បទ​ចម្រៀង​របស់​លោក​ធីម មែកក្រាវ(Tim McGraw) ដែល​ជា​តារា​ចម្រៀង​ជន​បទ។ បទ​ចម្រៀង​នោះ​មាន​ចំណង​ជើង​ថា “ចូរ​រស់​នៅ ដូច​អ្នក​ដែល​ដឹង​ថា ខ្លួន​ជិត​ស្លាប់”។ ក្នុង​បទ​ចម្រៀង​នេះ គាត់​បាន​ពិពណ៌នា អំពី​កិច្ចការ​មួយ​ចំនួន ដែល​បុរស​ម្នាក់​បាន​ធ្វើ បន្ទាប់​ពី​បាន​ទទួល​ដំណឺង​អាក្រក់​ អំពី​សុខ​ភាព​របស់​គាត់។ គាត់​ក៏​បាន​សម្រេច​ចិត្ត​ស្រឡាញ់ និង​អត់​ទោស​ឲ្យ​អ្នក​ដទៃ ឲ្យ​បាន​ល្អ​ជាង​មុន ដោយ​និយាយ​ទៅ​កាន់​ពួក​គេ ដោយ​ពាក្យ​សម្តី​ដែល​ទន់​ភ្លន់​ជាង​មុន។ បទ​ចម្រៀង​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​យើង​រស់​នៅឲ្យ​បាន​ល្អ គឺ​ដូច​អ្នក​ដែល​ដឹង​ថា ជីវិត​ខ្លួន​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ។

បទ​ចម្រៀង​នេះ​បាន​ក្រើន​រំឭក​យើង​ថា ពេល​វេលា​របស់​យើង​មាន​កំណត់។ ការ​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​ថ្ងៃ​នេះ គឺ​មិន​ត្រូវ​រង់​ចំាធ្វើ​វា​នៅ​ថ្ងៃ​ស្អែក​ឡើយ ព្រោះ​ថ្ងៃ​ណា​មួយ យើង​នឹង​លែង​មាន​ពេល​ថ្ងៃ​ស្អែក​ទៀត។​ សម្រាប់​អ្នក​ជឿ​ព្រះយេស៊ូវ នេះ​ជា​រឿង​សំខាន់​ណាស់ ព្រោះ​យើង​ជឿ​ថា ព្រះយេស៊ូវ​អាច​យាង​មក​វិញ នៅ​ពេល​ណា​ក៏​បាន​(អាច​នៅ​ពេល​មួយ​នាទី​ទៀត)។ ព្រះ​យេស៊ូវ​បាន​ជំរុញ​យើង​ឲ្យ​ប្រុង​ប្រៀប​ខ្លួន គឺ​មិន​ត្រូវ​រស់​នៅ ដូច​កូន​ក្រមុំ “ល្ងង់​ខ្លៅ” ទាំង​ប្រាំ​នាក់ ដែល​មិន​បាន​ប្រុង​ប្រៀប​ខ្លួន ពេលដែល​កូន​កម្លោះ​មក​ដល់​(ម៉ាថាយ ២៥:៦-១០)។

បទ​ចម្រៀង​របស់​លោក​មែកក្រាវមាន​អត្ថ​ន័យ​ល្អ​ណាស់ តែ​មិន​បាន​និយាយ​ឲ្យ​ត្រូវ​ទាំង​អស់​ទេ។ ព្រោះ​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេស៊ូវ នឹងនៅតែមាន​ពេល​ថ្ងៃ​ស្អែកជានិច្ច។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ”(យ៉ូហាន ១១:២៥-២៦)។ ជីវិត​ដែល​យើង​មាន​ក្នុង​ទ្រង់ មិន​ចេះ​ចប់​ឡើយ។

ដូច​នេះ ចូរ​យើង​កុំ​រស់​នៅ ដូច​មនុស្ស​ដែល​ដឹង​ថា ខ្លួន​ជិត​ស្លាប់។ ព្រោះ​យើង​មិន​មែន​ជិត​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ ចូរ​យើង​រស់​នៅ ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​នឹង​យាង​មក ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ព្រោះ​ទ្រង់​ពិត​ជា​នឹង​យាង​មក​វិញ​មែន! —MIKE WITTMER