ខ្ញុំបានទទួលការលើកទឹកចិត្ត ពីបទចម្រៀងរបស់លោកធីម មែកក្រាវ(Tim McGraw) ដែលជាតារាចម្រៀងជនបទ។ បទចម្រៀងនោះមានចំណងជើងថា “ចូររស់នៅ ដូចអ្នកដែលដឹងថា ខ្លួនជិតស្លាប់”។ ក្នុងបទចម្រៀងនេះ គាត់បានពិពណ៌នា អំពីកិច្ចការមួយចំនួន ដែលបុរសម្នាក់បានធ្វើ បន្ទាប់ពីបានទទួលដំណឺងអាក្រក់ អំពីសុខភាពរបស់គាត់។ គាត់ក៏បានសម្រេចចិត្តស្រឡាញ់ និងអត់ទោសឲ្យអ្នកដទៃ ឲ្យបានល្អជាងមុន ដោយនិយាយទៅកាន់ពួកគេ ដោយពាក្យសម្តីដែលទន់ភ្លន់ជាងមុន។ បទចម្រៀងនេះក៏បានលើកទឹកចិត្តឲ្យយើងរស់នៅឲ្យបានល្អ គឺដូចអ្នកដែលដឹងថា ជីវិតខ្លួននឹងបញ្ចប់នៅពេលឆាប់ៗ។
បទចម្រៀងនេះបានក្រើនរំឭកយើងថា ពេលវេលារបស់យើងមានកំណត់។ ការអ្វីដែលយើងអាចធ្វើនៅថ្ងៃនេះ គឺមិនត្រូវរង់ចំាធ្វើវានៅថ្ងៃស្អែកឡើយ ព្រោះថ្ងៃណាមួយ យើងនឹងលែងមានពេលថ្ងៃស្អែកទៀត។ សម្រាប់អ្នកជឿព្រះយេស៊ូវ នេះជារឿងសំខាន់ណាស់ ព្រោះយើងជឿថា ព្រះយេស៊ូវអាចយាងមកវិញ នៅពេលណាក៏បាន(អាចនៅពេលមួយនាទីទៀត)។ ព្រះយេស៊ូវបានជំរុញយើងឲ្យប្រុងប្រៀបខ្លួន គឺមិនត្រូវរស់នៅ ដូចកូនក្រមុំ “ល្ងង់ខ្លៅ” ទាំងប្រាំនាក់ ដែលមិនបានប្រុងប្រៀបខ្លួន ពេលដែលកូនកម្លោះមកដល់(ម៉ាថាយ ២៥:៦-១០)។
បទចម្រៀងរបស់លោកមែកក្រាវមានអត្ថន័យល្អណាស់ តែមិនបាននិយាយឲ្យត្រូវទាំងអស់ទេ។ ព្រោះអ្នកដែលស្រឡាញ់ព្រះយេស៊ូវ នឹងនៅតែមានពេលថ្ងៃស្អែកជានិច្ច។ ព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ”(យ៉ូហាន ១១:២៥-២៦)។ ជីវិតដែលយើងមានក្នុងទ្រង់ មិនចេះចប់ឡើយ។
ដូចនេះ ចូរយើងកុំរស់នៅ ដូចមនុស្សដែលដឹងថា ខ្លួនជិតស្លាប់។ ព្រោះយើងមិនមែនជិតស្លាប់ទេ។ ផ្ទុយទៅវិញ ចូរយើងរស់នៅ ដោយដឹងថា ព្រះយេស៊ូវនឹងយាងមក ក្នុងពេលដ៏ខ្លីខាងមុខ។ ព្រោះទ្រង់ពិតជានឹងយាងមកវិញមែន! —MIKE WITTMER