ពេលខ្ញុំគយគន់ទេសភាពភ្នំទាបៗពណ៌បៃតង ក្នុងខេត្តលែនខាសៀរ នៅភាគខាងជើងនៃប្រទេសអង់គ្លេស ខ្ញុំក៏បានសង្កេតឃើញរបងថ្ម ដែលហ៊ុមព័ទ្ធសត្វចៀមមួយចំនួន ដែលនៅរប៉ាត់រប៉ាយ នៅតំបន់ភ្នំទៀបៗនោះ។ ពេលនោះ ពពកមូលៗកំពុងតែរសាត់នៅលើផ្ទៃមេឃភ្លឺស្រឡះ ហើយខ្ញុំក៏បានដកដង្ហើមចូលឲ្យបានជ្រៅ ដោយជក់ចិត្តនឹងទស្សនីយភាពនេះ។ ពេលដែលខ្ញុំនិយាយសរសើរទេសភាពដ៏ស្រស់ស្អាតនេះ ឲ្យស្រ្តីម្នាក់ស្តាប់ ដែលគាត់កំពុងតែធ្វើការ នៅក្នុងមជ្ឈមណ្ឌលលំហែរកាយមួយ ដែលខ្ញុំកំពុងតែចូលសួរសុខទុក្ខ គាត់ក៏បានប្រាប់ខ្ញុំថា គាត់មិនដែលកត់សំគាល់ អំពីរឿងនេះទេ គឺមានតែភ្ញៀវដែលមកកន្លែងគាត់ប៉ុណ្ណោះ ដែលនិយាយប្រាប់គាត់ពីរឿងនេះ។ ពួកគាត់រស់នៅទីនេះអស់ជាច្រើនឆ្នាំហើយ ហើយពួកគាត់ជាកសិករ ទេសភាពដ៏ស្រស់ស្អាតនោះ គ្រាន់តែជាការិយាល័យរបស់គាត់ប៉ុណ្ណោះ។
រឿងនេះបានបង្រៀនខ្ញុំថា យើងងាយនឹងមើលរំលងអំណោយដែលនៅពីមុខយើង ជាពិសេសសម្រស់ ដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ យើងក៏ងាយនឹងមើលរំលេងការដ៏ប្រសើរ ដែលព្រះជាម្ចាស់បានធ្វើ នៅក្នុង និងនៅជុំវិញខ្លួនយើង ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ យើងដែលជាអ្នកជឿព្រះយេស៊ូវ អាចសូមឲ្យព្រះវិញ្ញាណព្រះ បើកភ្នែកខាងវិញ្ញាណយើង ដើម្បីឲ្យយើងអាចដឹងថា ទ្រង់កំពុងតែធ្វើការទ្រង់។ សាវ័កប៉ុលបានសរសេរអំពីរឿងនេះ ក្នុងសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងអេភេសូរ។ សាវ័កប៉ុលចង់ឲ្យព្រះទ្រង់ប្រទានពួកគេ នូវប្រាជ្ញា និងការបើកសម្តែង ឲ្យបានស្គាល់ទ្រង់កាន់តែច្បាស់(អេភេសូរ ១:១៧)។ គាត់បានអធិស្ឋានសូមឲ្យចិត្តពួកគេបានភ្លឺឡើង ដើម្បីឲ្យពួកគេបានស្គាល់សេចក្តីសង្ឃឹមរបស់ព្រះ អនាគតដែលទ្រង់បានសន្យា និងអំណាចចេស្តាទ្រង់(ខ.១៨-១៩)។
ព្រះវិញ្ញាណនៃព្រះ ដែលជាអំណោយដែលទ្រង់ប្រទាន អាចធ្វើឲ្យយើងនឹកចាំ អំពីកិច្ចការដែលទ្រង់ធ្វើក្នុងយើង និងតាមរយៈយើង។ មានទីកន្លែងជាច្រើន ដែលហាក់ដូចជាគ្មានអ្វីដែលគួរឲ្យកត់សំគាល់ តែដោយសារយើងមានទ្រង់ នោះយើងអាចប្រើវា ជាកន្លែងសម្រាប់បង្ហាញចេញនូវពន្លឺ និងសិរីល្អរបស់ទ្រង់។ —AMY BOUCHER PYE