ពេល​ខ្ញុំ​គយ​គន់​ទេស​ភាព​ភ្នំ​ទាប​ៗ​ពណ៌​បៃ​តង ក្នុង​ខេត្ត​លែនខាសៀរ នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អង់គ្លេស ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​របង​ថ្ម ដែល​ហ៊ុម​ព័ទ្ធ​សត្វ​ចៀម​មួយ​ចំនួន ដែល​នៅ​រប៉ាត់​រប៉ាយ នៅ​តំបន់​ភ្នំ​ទៀប​ៗ​នោះ។ ពេល​នោះ ពពក​មូល​ៗ​កំពុង​តែរសាត់​នៅ​លើ​ផ្ទៃ​មេឃ​ភ្លឺ​ស្រឡះ ហើយ​ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ចូល​ឲ្យ​បាន​ជ្រៅ ដោយ​ជក់​ចិត្ត​នឹង​ទស្សនីយ​ភាព​នេះ។​ ពេល​ដែល​ខ្ញុំនិយាយ​សរសើរ​ទេស​ភាព​ដ៏​ស្រស់​ស្អាត​នេះ ឲ្យ​ស្រ្តី​ម្នាក់​ស្តាប់ ដែល​គាត់​កំពុង​តែ​ធ្វើ​ការ នៅ​ក្នុង​មជ្ឈ​មណ្ឌល​លំហែរ​កាយ​មួយ ដែល​ខ្ញុំ​កំពុង​តែ​ចូល​សួរ​សុខ​ទុក្ខ គាត់​ក៏​បាន​ប្រាប់ខ្ញុំ​ថា គាត់​មិន​ដែល​កត់​សំគាល់ អំពី​រឿង​នេះ​ទេ គឺ​មាន​តែ​ភ្ញៀវ​ដែល​មក​កន្លែងគាត់​ប៉ុណ្ណោះ ដែល​និយាយ​ប្រាប់​គាត់​ពី​រឿង​នេះ។ ពួក​គាត់​រស់​នៅ​ទីនេះ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ហើយ​ពួក​គាត់​ជា​កសិករ ទេស​ភាព​ដ៏​ស្រស់​ស្អាត​នោះ គ្រាន់​តែ​ជា​ការិយាល័យ​របស់​គាត់​ប៉ុណ្ណោះ។

រឿង​នេះ​បាន​បង្រៀន​ខ្ញុំ​ថា យើង​ងាយ​នឹង​មើល​រំលង​អំណោយ​ដែល​នៅ​ពី​មុខ​យើង ជា​ពិសេស​សម្រស់ ដែល​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ យើង​ក៏​ងាយ​នឹង​មើល​រំលេង​ការ​ដ៏​ប្រសើរ ដែល​ព្រះ​ជាម្ចាស់​បាន​ធ្វើ នៅ​ក្នុង និង​នៅ​ជុំវិញ​ខ្លួន​យើង ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ យើង​ដែល​ជា​អ្នក​ជឿ​ព្រះយេស៊ូវ អាច​សូម​ឲ្យ​ព្រះវិញ្ញាណ​ព្រះ បើក​ភ្នែក​ខាង​វិញ្ញាណ​យើង ដើម្បី​ឲ្យ​យើង​អាច​ដឹង​ថា ទ្រង់​កំពុង​តែ​ធ្វើ​ការ​ទ្រង់។ សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​រឿង​នេះ ក្នុង​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ក្រុង​អេភេសូរ។ សាវ័ក​ប៉ុល​ចង់ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពួក​គេ នូវ​ប្រាជ្ញា និង​ការ​បើក​សម្តែង ឲ្យ​បាន​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​(អេភេសូរ ១:១៧)។ គាត់​បានអធិស្ឋាន​សូម​ឲ្យ​ចិត្ត​ពួក​គេ​បាន​ភ្លឺ​ឡើង ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្គាល់​សេចក្តី​សង្ឃឹម​របស់​ព្រះ អនាគត​ដែល​ទ្រង់​បាន​សន្យា និងអំណាច​ចេស្តា​ទ្រង់(ខ.១៨-១៩)។

ព្រះវិញ្ញាណ​នៃ​ព្រះ ដែល​ជា​អំណោយ​ដែល​ទ្រង់​ប្រទាន អាច​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​កិច្ចការ​ដែល​ទ្រង់​ធ្វើ​ក្នុង​យើង និង​តាម​រយៈ​យើង។ មាន​ទីកន្លែង​ជា​ច្រើន ដែល​ហាក់​ដូច​ជា​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ តែ​ដោយសារ​យើង​មាន​ទ្រង់ នោះ​យើង​អាច​ប្រើ​វា ជា​កន្លែង​សម្រាប់​បង្ហាញ​ចេញ​នូវ​ពន្លឺ និង​សិរីល្អ​របស់​ទ្រង់​។ —AMY BOUCHER PYE