លោកដេវ(Dave) សប្បាយនឹងការងាររបស់គាត់ ប៉ុន្តែ អស់រយៈពេលយូរមកហើយ ដែលគាត់មានអារម្មណ៍ថា មានអ្វីមួយកំពុងតែទាញគាត់ទៅរកការងារផ្សេង។ ពេលនេះ គាត់ហៀបនឹងសម្រេចក្តីស្រមៃរបស់គាត់ ហើយបោះជំហានចូលទៅក្នុងការងារបេសកកម្ម។ ប៉ុន្តែ អ្វីដែលចម្លែកនោះ គាត់ចាប់ផ្តើមមានការសង្ស័យយ៉ាងខ្លាំង។
គាត់ក៏បានប្រាប់មិត្តភក្តិរបស់គាត់ថា គាត់មិនសមនឹងទទួលការងារនេះទេ។ ក្រុមប្រឹក្សាបេសកកម្មមិនទាន់ស្គាល់ខ្ញុំច្បាស់ទេ។ ខ្ញុំមិនមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ សម្រាប់ការងារនេះទេ។ មានបុគ្គលម្នាក់ ដែលមានលក្ខណៈស្រដៀងនឹងលោកដេវ។ ពេលយើងឮឈ្មោះរបស់លោកម៉ូសេ យើងគិតអំពីការដឹកនាំ និងចំណុចខ្លាំងរបស់គាត់ ព្រមក្រឹត្យវិន័យទាំង១០ប្រការ។ យើងច្រើនតែភ្លេចថា លោកម៉ូសេបានរត់គេចខ្លួន ទៅវាលរហោស្ថាន បន្ទាប់ពីគាត់បានសម្លាប់មនុស្សម្នាក់។ យើងមើលរំលងរយៈពេល៤០ឆ្នាំ ដែលគាត់រស់នៅជាមនុស្សដែលរត់គេចពីការតាមចាប់ខ្លួន។ យើងក៏មើលរំលងបញ្ហាកំហឹងរបស់គាត់ និងការដែលគាត់មានការស្ទាក់ស្ទើរយ៉ាងខ្លំាង នៅក្នុងការឆ្លើយតបចំពោះការត្រាសហៅរបស់ព្រះ។
ពេលដែលព្រះជាម្ចាស់ចេញសេចក្តីបង្គាប់ជាបន្តបន្ទាប់សម្រាប់គាត់(និក្ខមនំ ៣:១-១០) គាត់ចេះតែនិយាយថា គាត់មិនល្អគ្រប់គ្រាន់សម្រាប់ការងារទាំងនោះ។ គាត់ថែមទាំងបានចូលទៅក្នុងការប្រកែកដ៏វែងមួយ ចំពោះព្រះ ដោយសួរទ្រង់ថា “តើគាត់ជានរណា?”(ខ.១១)។ បន្ទាប់មក ព្រះទ្រង់ក៏បានប្រាប់គាត់ថា ទ្រង់ ជានរណា។ គឺដូចដែលទ្រង់មានបន្ទូលថា “អញជាព្រះដ៏ជាព្រះ”(ខ.១៤)។ យើងមិនមានលទ្ធភាពដើម្បីពន្យល់ អំពីព្រះនាមដ៏អាថ៌កំបាំងនេះឡើយ ព្រោះព្រះដែលមនុស្សមិនអាចពិពណ៌នាបាន កំពុងតែរៀបរាប់អំពីព្រះវត្តមានដ៏អស់កល្បរបស់ទ្រង់ ដល់លោកម៉ូសេហើយ។
វាជារឿងធម្មតាទេ ដែលយើងទទួលស្គាល់ភាពកម្សោយរបស់យើង។ តែបើយើងប្រើវា ជាលេស ដើម្បីរារាំងមិនឲ្យព្រះប្រើយើង គឺមានន័យថា យើងកំពុងតែប្រមាថទ្រង់ហើយ។ គឺមិនខុសពីការនិយាយថា ព្រះជាម្ចាស់មិនល្អគ្រប់គ្រាន់ ដើម្បីប្រើយើងនោះឡើយ។
ពេលដែលទ្រង់ប្រើយើង យើងមិនត្រូវសួរថា តើយើងជានរណានោះឡើយ តែយើងត្រូវសួរថា តើព្រះទ្រង់ជានរណា? —TIM GUSTAFSON