នៅ​ក្នុង​សៀវភៅ​កុមារ ដែល​មាន​ចំណង​ជើង​ថា សំបុត្រ​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ អ្នក​ស្រី​គ្លេនីស នេលីស(Glenys Nellist) បាន​លើក​ទឹក​ចិត្ត​កុមារ​ទាំង​ឡាយ ឲ្យ​មាន​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​អម្ចាស់ ដោយ​ផ្ទាល់​ៗ​ខ្លួន ឲ្យ​បាន​ជិត​ស្និទ្ធ។ សៀវភៅ​កុមារ​ទំាង​នេះ មាន​ភ្ជាប់​សំបុត្រ​មួយ​ច្បាប់​មក​ពី​ព្រះ ដែល​ក្នុង​នោះ មាន​ចន្លោះ​ទទេរ សម្រាប់​ឲ្យ​ក្មេង​ៗ​សរសេរ​ឈ្មោះ​ខ្លួន​ឯង នៅ​ចុង​បញ្ចប់​នៃ​រឿង​ក្នុង​ព្រះ​គម្ពីរ​នីមួយ​ៗ។ ការ​យល់​អំពី​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរ ដោយ​ផ្ទាល់​ៗ​ខ្លួន គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ព្រោះ​ការ​នេះ​បាន​ជួយ​អ្នក​អាន​វ័យ​ក្មេង​ទាំង​ឡាយ ឲ្យ​ដឹង​ថា ព្រះ​គម្ពីរមិន​គ្រាន់​តែ​ជា​សៀវភៅ​រឿង​ប៉ុណ្ណោះ​ទេ។ សៀវភៅ​នេះ​បាន​បង្រៀន​ពួក​គេ​ថា ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​ពួក​គេ ហើយ​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ព្រះ​គម្ពីរ មក​កាន់​កូន​ទាំង​ឡាយ ដែល​ទ្រង់​បាន​ស្រឡាញ់យ៉ាង​ខ្លាំង។

ខ្ញុំ​បាន​ទិញ​សៀវភៅ​នេះ​សម្រាប់​ក្មួយ​ប្រុស​ខ្ញុំ ហើយ​ក៏​បាន​សរសេរ​ឈ្មោះ​គាត់ នៅ​ក្នុង​ចន្លោះ​ទទេរ​ នៅ​ក្នុង​ដើមដំបូង​នៃ​សំបុត្រ​មក​ពី​ព្រះ។ ក្មួយ​ប្រុស​ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​ឈ្មោះ​គាត់ នៅ​ក្នុង​សំបុត្រ​នោះ ហើយ​គាត់​ក៏​បាន​និយាយ​ថា ព្រះ​ជា​ម្ចាស់​ក៏​ស្រឡាញ់​គាត់​ដែរ។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ខ្លាំង​ណាស់ ដែល​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​ដ៏​ជា្រល​ជ្រៅ និង​ពេញ​លេញ​នៃ​ព្រះ​អាទិករ​នៃ​សេចក្តី​ស្រឡាញ់​របស់​យើង​រាល់​គ្នា។

ពេល​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​មក​ពួក​អ៊ីស្រាអែល តាម​រយៈ​ហោរា​អេសាយ​ ទ្រង់​ក៏​បាន​ឲ្យ​ពួក​គេ​គិត​អំពី​អ្វី​ដែល​មាន​នៅ​លើ​មេឃ។ ព្រះ​អម្ចាស់​បាន​បញ្ជាក់​ថា ទ្រង់​គ្រប់​គ្រង ហ្វូង​ផ្កាយ ដែល​ជា​ពល​បរិវា​(អេសាយ ៤០:២៦) ទ្រង់​បាន​កំណត់​តម្លៃ​របស់​ផ្កាយ​រាល់​តួ ហើយ​ដឹក​នំា​ពួក​វា​នីមួយ​ៗ ដោយ​សេចក្តី​ស្រឡាញ់​។ ទ្រង់​បាន​ធានា​រាស្រ្ត​ទ្រង់​ថា ទ្រង់​នឹង​មិន​ភ្លេច ឬ​បាត់​បង់​ដួង​ផ្កាយ​ណា​មួយ ឬ​ភ្លេច​កូន​ជា​ទី​ស្រឡាញ់​ណា​មួយ​របស់​ទ្រង់ ដែល​ទ្រង់​បាន​សូន​ឲ្យ​ចេញ​ជា​រូប​រាង ដោយ​បំណង​ព្រះ​ទ័យ និង​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរនោះឡើយ។

ខណៈ​ពេល​ដែល​យើង​អប​អរ​ព្រះ​បន្ទូល​សន្យា​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះអម្ចាស់ និង​សេចក្តី​ស្រឡាញ់ ​ដែលមាន​ចែង​ក្នុង​ព្រះ​គម្ពីរ យើង​អាច​សរសេរ​ឈ្មោះ​របស់​យើង​នៅ​ក្នុង​នោះ​ផង​ដែរ។ យើង​អាច​ទុក​ចិត្ត និង​ប្រកាស់ ដោយ​អំណរ​ដូច​ក្មេង​ៗ​ថា “ព្រះ​អង្គ​ក៏​ស្រឡាញ់​ខ្ញុំ​ដែរ!” —XOCHITL DIXON