នៅក្នុងសៀវភៅកុមារ ដែលមានចំណងជើងថា សំបុត្រនៃក្តីស្រឡាញ់របស់ព្រះ អ្នកស្រីគ្លេនីស នេលីស(Glenys Nellist) បានលើកទឹកចិត្តកុមារទាំងឡាយ ឲ្យមានការប្រកបទាក់ទងជាមួយព្រះអម្ចាស់ ដោយផ្ទាល់ៗខ្លួន ឲ្យបានជិតស្និទ្ធ។ សៀវភៅកុមារទំាងនេះ មានភ្ជាប់សំបុត្រមួយច្បាប់មកពីព្រះ ដែលក្នុងនោះ មានចន្លោះទទេរ សម្រាប់ឲ្យក្មេងៗសរសេរឈ្មោះខ្លួនឯង នៅចុងបញ្ចប់នៃរឿងក្នុងព្រះគម្ពីរនីមួយៗ។ ការយល់អំពីសេចក្តីពិតក្នុងព្រះគម្ពីរ ដោយផ្ទាល់ៗខ្លួន គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះការនេះបានជួយអ្នកអានវ័យក្មេងទាំងឡាយ ឲ្យដឹងថា ព្រះគម្ពីរមិនគ្រាន់តែជាសៀវភៅរឿងប៉ុណ្ណោះទេ។ សៀវភៅនេះបានបង្រៀនពួកគេថា ព្រះអម្ចាស់សព្វព្រះទ័យនឹងមានទំនាក់ទំនងជាមួយពួកគេ ហើយទ្រង់បានមានបន្ទូលតាមរយៈព្រះគម្ពីរ មកកាន់កូនទាំងឡាយ ដែលទ្រង់បានស្រឡាញ់យ៉ាងខ្លាំង។
ខ្ញុំបានទិញសៀវភៅនេះសម្រាប់ក្មួយប្រុសខ្ញុំ ហើយក៏បានសរសេរឈ្មោះគាត់ នៅក្នុងចន្លោះទទេរ នៅក្នុងដើមដំបូងនៃសំបុត្រមកពីព្រះ។ ក្មួយប្រុសខ្ញុំមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ពេលដែលបានឃើញឈ្មោះគាត់ នៅក្នុងសំបុត្រនោះ ហើយគាត់ក៏បាននិយាយថា ព្រះជាម្ចាស់ក៏ស្រឡាញ់គាត់ដែរ។ យើងពិតជាមានការកម្សាន្តចិត្តខ្លាំងណាស់ ដែលបានស្គាល់សេចក្តីស្រឡាញ់ដ៏ជា្រលជ្រៅ និងពេញលេញនៃព្រះអាទិករនៃសេចក្តីស្រឡាញ់របស់យើងរាល់គ្នា។
ពេលដែលព្រះទ្រង់មានបន្ទូលមកពួកអ៊ីស្រាអែល តាមរយៈហោរាអេសាយ ទ្រង់ក៏បានឲ្យពួកគេគិតអំពីអ្វីដែលមាននៅលើមេឃ។ ព្រះអម្ចាស់បានបញ្ជាក់ថា ទ្រង់គ្រប់គ្រង ហ្វូងផ្កាយ ដែលជាពលបរិវា(អេសាយ ៤០:២៦) ទ្រង់បានកំណត់តម្លៃរបស់ផ្កាយរាល់តួ ហើយដឹកនំាពួកវានីមួយៗ ដោយសេចក្តីស្រឡាញ់។ ទ្រង់បានធានារាស្រ្តទ្រង់ថា ទ្រង់នឹងមិនភ្លេច ឬបាត់បង់ដួងផ្កាយណាមួយ ឬភ្លេចកូនជាទីស្រឡាញ់ណាមួយរបស់ទ្រង់ ដែលទ្រង់បានសូនឲ្យចេញជារូបរាង ដោយបំណងព្រះទ័យ និងសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនោះឡើយ។
ខណៈពេលដែលយើងអបអរព្រះបន្ទូលសន្យាដ៏ជិតស្និទ្ធរបស់ព្រះអម្ចាស់ និងសេចក្តីស្រឡាញ់ ដែលមានចែងក្នុងព្រះគម្ពីរ យើងអាចសរសេរឈ្មោះរបស់យើងនៅក្នុងនោះផងដែរ។ យើងអាចទុកចិត្ត និងប្រកាស់ ដោយអំណរដូចក្មេងៗថា “ព្រះអង្គក៏ស្រឡាញ់ខ្ញុំដែរ!” —XOCHITL DIXON