នៅក្រៅស្ថានីយ៍រថភ្លើងស៊ីប៊ូយ៉ា នៅទីក្រុងតូក្យូ មានរូបចម្លាក់មួយ ដែលគេបានដាក់នៅទីនោះ ដើម្បីរឭកសត្វឆ្កែពូជអាគីតាមួយក្បាល ដែលមានឈ្មោះថា ហាឈិកូ(Hachiko)។ គេបាននឹកចាំអំពីហាឈិកូ ដោយសារវាមានភាពស្មោះត្រង់ជាពិសេស ចំពោះម្ចាស់របស់វា ជាសាស្ត្រាចារ្យសកលវិទ្យាល័យ ដែលបានធ្វើដំណើរពីស្ថានីយ៍រថភ្លើងនោះជារៀងរាល់ថ្ងៃ។ សត្វឆ្កែមួយក្បាលនេះ បានដើរជាមួយគាត់ទៅទីនោះ នៅពេលព្រឹក ហើយក៏បានវិលត្រឡប់មកទទួលគាត់វិញ នៅរៀងរាល់ពេលរសៀល ចំពេលដែលរថភ្លើងរបស់គាត់មកដល់។
ថ្ងៃមួយ លោកសាស្រ្តាចារ្យមិនបានវិលត្រឡប់មកស្ថានីយ៍រថភ្លើងនោះដូចសព្វមួយដងទេ ព្រោះគួរឲ្យសោកសៅណាស់ ដែលគាត់បានបាត់បង់ជីវិត ក្នុងម៉ោងធ្វើការ។ ប៉ុន្តែ សត្វឆ្កែហាឈិកុនៅតែមកទទួលគាត់ នៅពេលរសៀល ម៉ោងដដែល នៅស្ថានីយ៍រថភ្លើងនោះ ជារៀងរាល់ថ្ងៃ អស់រយៈពេល៩ឆ្នាំ គឺអស់មួយជីវិតរបស់វា។ ពីមួយថ្ងៃទៅមួយថ្ងៃ សត្វឆ្កែមួយក្បាលនេះ បានរង់ចាំការវិលត្រឡប់របស់ម្ចាស់វា ដោយចិត្តស្មោះត្រង់ជានិច្ច ទោះជាមានអាកាសធាតុអាក្រក់យ៉ាងណាក៏ដោយ។
សាវ័កប៉ុលបានសរសើរពួកជំនុំនៅទីក្រុងថែស្សាឡូនិច សម្រាប់ភាពស្មោះត្រង់របស់ពួកគេ ដោយលើកឡើងអំពី “ការដែលពួកគេបានធ្វើ ដោយសេចក្តីជំនឿ” និង “ការនឿយហត់ ដែលធ្វើដោយសេចក្តីស្រឡាញ់” ព្រមទាំង “ការស៊ូទ្រាំ ដោយសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ”(១ថែស្សាឡូនិច ១:៣)។ ទោះពួកគេបានជួបការប្រឆាំងដ៏សាហាវក៏ដោយ ក៏ពួកគេនៅតែបោះបង់ចោលផ្លូវចាស់របស់ពួកគេ “ដើម្បីគោរពប្រតិបត្តិដល់ព្រះ ដ៏មានព្រះជន្មរស់នៅនោះវិញ ហើយឲ្យបានចាំព្រះរាជបុត្រាព្រះ ទ្រង់យាងមកពីស្ថានសួគ៌”(ខ.៩-១០)។
អ្នកជឿជំនាន់ដើមទាំងនេះ មានសេចក្តីសង្ឃឹម ចំពោះព្រះអង្គសង្រ្គោះ និងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ ដែលបានបណ្តាលចិត្តពួកគេ ឲ្យមើលឃើញតម្លៃនៃការស៊ូទ្រាំនឹងទុក្ខលំបាក ហើយបានផ្សព្វផ្សាយជំនឿរបស់ពួកគេ ដោយចិត្តក្លៀវក្លា។ ពួកគេក៏បានដឹងច្បាស់ថា គ្មានអ្វីដែលប្រសើរជាងការរស់នៅថ្វាយព្រះយេស៊ូវឡើយ។ វាជាការល្អណាស់ ដែលយើងបានដឹងថា ព្រះវិញ្ញាណដែលបានជួយពួកគេឲ្យមានចិត្តក្លាហាន(ខ.៥) នៅតែបន្តប្រទានកម្លាំងដល់យើងរាល់គ្នា ក្នុងពេលសព្វថ្ងៃ ដើម្បីឲ្យយើងបម្រើព្រះយេស៊ូវ ខណៈពេលដែលយើងកំពុងរង់ចាំការវិលត្រឡប់របស់ទ្រង់។—JAMES BANKS