នៅ​ក្រៅ​ស្ថានីយ៍​រថ​ភ្លើង​ស៊ីប៊ូយ៉ា នៅ​ទីក្រុង​តូក្យូ មាន​រូប​ចម្លាក់​មួយ ដែល​គេ​បាន​ដាក់​នៅ​ទីនោះ ដើម្បី​រឭក​សត្វ​ឆ្កែ​ពូជអាគីតា​មួយ​ក្បាល ដែល​មាន​ឈ្មោះ​ថា ហាឈិកូ(Hachiko)។ គេ​បាន​នឹក​ចាំ​អំពី​ហាឈិកូ ដោយ​សារ​វា​មាន​ភាព​ស្មោះ​ត្រង់​ជាពិសេស ចំពោះ​ម្ចាស់​របស់​វា ជា​សាស្ត្រា​ចារ្យ​សកល​វិទ្យា​ល័យ ដែល​បាន​ធ្វើ​ដំណើរ​ពី​ស្ថានីយ៍​រថភ្លើង​នោះ​ជា​រៀង​រាល់​ថ្ងៃ។ សត្វ​ឆ្កែ​មួយ​ក្បាល​នេះ បាន​ដើរ​ជា​មួយ​គាត់​ទៅ​ទីនោះ នៅ​ពេល​ព្រឹក ហើយ​ក៏​បាន​វិល​ត្រឡប់​មក​ទទួល​គាត់​វិញ នៅ​រៀង​រាល់​ពេល​រសៀល ចំ​ពេល​ដែល​រថ​ភ្លើង​របស់​គាត់​មក​ដល់។

ថ្ងៃ​មួយ លោក​សាស្រ្តា​ចារ្យ​មិន​បាន​វិល​ត្រឡប់​មក​ស្ថានីយ៍​រថ​ភ្លើង​នោះ​ដូច​សព្វ​មួយ​ដង​ទេ ព្រោះ​គួរ​ឲ្យ​សោក​សៅ​ណាស់ ដែល​គាត់​បាន​បាត់​បង់​ជីវិត ក្នុង​ម៉ោង​ធ្វើ​ការ។ ប៉ុន្តែ សត្វ​ឆ្កែ​ហាឈិកុ​នៅ​តែ​​មក​ទទួល​គាត់ នៅ​ពេល​រសៀល ​ម៉ោង​ដដែល នៅ​ស្ថានីយ៍​រថ​ភ្លើង​នោះ ជា​រៀង​រាល់​ថ្ងៃ អស់​រយៈ​ពេល​៩​ឆ្នាំ គឺ​អស់​មួយ​ជីវិត​របស់​វា។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សត្វ​ឆ្កែ​មួយ​ក្បាល​នេះ បាន​រង់​ចាំ​ការ​វិល​ត្រឡប់​របស់​ម្ចាស់​វា ដោយ​ចិត្ត​ស្មោះ​ត្រង់​ជា​និច្ច ទោះ​ជា​មាន​អាកាស​ធាតុ​អាក្រក់​យ៉ាង​ណា​ក៏​ដោយ។

សាវ័ក​ប៉ុល​បាន​សរសើរ​ពួក​ជំនុំ​នៅ​ទីក្រុង​ថែស្សាឡូនិច សម្រាប់​ភាព​ស្មោះ​ត្រង់​របស់​ពួក​គេ ដោយ​លើក​ឡើង​អំពី “​ការ​ដែល​ពួក​គេ​បាន​ធ្វើ ដោយ​សេចក្តី​ជំនឿ” និង “​ការ​នឿយ​ហត់ ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់” ព្រម​ទាំង “​ការ​ស៊ូ​ទ្រាំ ដោយ​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួន ដល់​ព្រះយេស៊ូវ​គ្រីស្ទ”(១ថែស្សាឡូនិច ១:៣)។ ទោះ​ពួក​គេ​បាន​ជួប​ការ​ប្រឆាំង​ដ៏សាហាវ​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បោះ​បង់​ចោល​ផ្លូវ​ចាស់​របស់​ពួក​គេ “ដើម្បី​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ ដ៏​មាន​ព្រះជន្ម​រស់​នៅ​នោះ​វិញ ហើយ​ឲ្យ​បាន​ចាំ​ព្រះរាជបុត្រា​ព្រះ ទ្រង់​យាង​មក​ពី​ស្ថានសួគ៌”(ខ.៩-១០)។

អ្នក​ជឿ​ជំនាន់​ដើម​ទាំង​នេះ មាន​សេចក្តី​សង្ឃឹម ចំពោះ​ព្រះ​អង្គ​សង្រ្គោះ និង​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដែល​បាន​បណ្តាល​ចិត្ត​ពួក​គេ ឲ្យ​មើល​ឃើញ​តម្លៃ​នៃ​ការ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក ហើយ​បាន​ផ្សព្វ​ផ្សាយ​ជំនឿ​របស់​ពួក​គេ ​ដោយ​ចិត្ត​ក្លៀវ​ក្លា។​ ពួក​គេ​ក៏​បាន​ដឹង​ច្បាស់​ថា គ្មាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ​ឡើយ។ វា​ជា​ការ​ល្អណាស់ ដែល​យើង​បាន​ដឹង​ថា ព្រះ​វិញ្ញាណ​ដែល​បាន​ជួយ​ពួក​គេ​ឲ្យ​មាន​ចិត្ត​ក្លាហាន​(ខ.៥) នៅ​តែ​បន្ត​ប្រទាន​កម្លាំងដល់​យើង​រាល់​គ្នា ក្នុង​ពេល​សព្វ​ថ្ងៃ ដើម្បី​ឲ្យ​យើង​បម្រើ​ព្រះ​យេស៊ូវ ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ការ​វិល​ត្រឡប់​របស់​ទ្រង់។—JAMES BANKS