កាលសម័យសង្រ្គាមលោកលើកទីពីរ មានអ្នកភូមិជនជាតិបារំាងមួយចំនួន បានជួយលាក់បំពួកជនជាតិយូដា ឬជ្វីប ដែលកំពុងរត់គេចពីពួកណាហ្ស៊ី។ ពេលនោះ មានអ្នកខ្លះបានច្រៀងចម្រៀង នៅក្នុងព្រៃស្តុក នៅជុំវិញទីប្រជុំជនរបស់ពួកគេ ដើម្បីស៊ីញ៉ូឲ្យជនភាសខ្លួនទាំងនោះដឹងថា ពួកគេអាចចេញពីការលាក់ខ្លួន ដោយសុវត្ថិភាពហើយ។ អ្នកភូមិដ៏ក្លាហានទាំងនេះ នៅភូមិឡឺ ចាំបុង សួលីកនុង បានឆ្លើយតបការអំពាវនាវរបស់លោកអនដ្រេ ត្រូកមេ(André Trocmé) ដែលជាគ្រូគង្វាលប្រចាំតំបន់ និងភរិយារបស់គាត់ឈ្មោះ មែកដា(Magda) ឲ្យផ្តល់កន្លែងជ្រកកោនសម្រាប់ជនជាតិយូដា នៅសម័យសង្រ្គាម នៅតំបន់ខ្ពង់រាប ដែលមានឈ្មោះថា “ឡា មុងតាញេ ប្រូតេស្តង់”។ ការផ្តល់សញ្ញាដល់ជនភាសខ្លួន ដោយប្រើបទចម្រៀងនេះ បានក្លាយជាលក្ខណៈពិសេសនៃសេចក្តីក្លាហានរបស់អ្នកភូមិនោះ ដែលបានជួយសង្រ្គោះជនជាតិយូដាជិត៣ពាន់នាក់ ឲ្យរួចពីសេចក្តីស្លាប់។
ស្តេចដាវីឌក៏ធ្លាប់បានច្រៀងចម្រៀង ក្នុងពេលដ៏គ្រោះថ្នាក់ គឺនៅពេលដែលស្តេចសូលបញ្ជូនឃាតករ ឲ្យចូលផ្ទះទ្រង់នៅពេលយប់។ ទ្រង់បានប្រើបទចម្រៀង មិនមែនដើម្បីស៊ីញ៉ូនរណាម្នាក់ឡើយ តែដើម្បីថ្វាយការអរព្រះគុណដល់ព្រះ ដែលជាទីជ្រកកោនរបស់ទ្រង់។ ស្តេចដាវីឌបានបន្លឺសម្លេងដ៏រីករាយថា “ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេងច្រៀងពីសេចក្តីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ”(ទំនុកដំកើង ៥៩:១៦)។
បទចម្រៀងប្រភេទនេះ មិនមែនជា “ការហួច ក្នុងភាពងងឹត” ដើម្បីបន្លប់ការភ័យខ្លាច ក្នុងពេលដែលមានគ្រោះថ្នាក់នោះទេ។ ផ្ទុយទៅវិញ ការច្រៀងរបស់ស្តេចដាវីឌ បានបង្ហាញចេញនូវជំនឿដែលគាត់មាន ចំពោះព្រះដ៏មានគ្រប់ចេស្តា។ “ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ”(ខ.១៧)។
ការច្រៀងសរសើរដំកើងរបស់ស្តេចដាវីឌ និងការច្រៀងរបស់អ្នកភូមិ ឡឺ ចាំបុង បានអញ្ជើញយើង ឲ្យថ្វាយព្រះពរដល់ព្រះជាម្ចាស់ នៅថ្ងៃនេះ ដោយបទចម្រៀងរបស់យើង ទោះយើងមានការព្រួយបារម្ភក្នុងជីវិតយ៉ាងណាក្តី។ ព្រះវត្តមាននៃក្តីស្រឡាញ់របស់ទ្រង់នឹងឆ្លើយតប ដោយជួយឲ្យចិត្តយើងមានកម្លាំងឡើង។—PATRICIA RAYBON