មាន​ពេល​មួយ ខូលីន(Colin) និង​ក្រុម​ដ៏​តូច​របស់​គាត់ បាន​ត្រៀម​ខ្លួន ដើម្បី​ធ្វើ​ការ​ងារ​មនុស្ស​ធម៌ ក្នុង​តំបន់​ដែល​គេល្បី​ថា ប្រឆាំង​នឹង​អ្នក​ជឿ​ព្រះយេស៊ូវ។ ពេលនោះ ភាព​តាន​តឹង​របស់​គាត់​ក៏​បាន​ចាប់​ផ្តើម​កើន​ឡើង​យ៉ាង​ខ្លាំង។ ពេល​ដែល​គាត់​ចែក​ចាយ​អំពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​ទៅ​ដល់​មិត្ត​រួម​ក្រុម​ម្នាក់ មិត្ត​រួម​ក្រុម​នោះ​ក៏​បាន​ដាក់​ដៃ​នៅ​លើ​ស្មា​គាត់ ហើយ​ក៏​បាន​ចែក​ចាយ​ពាក្យ​លើក​ទឹក​ចិត្ត​ពីរ​បី​ម៉ាត់​ដល់​គាត់។ វា​គ្រាន់​តែ​ជា​ការ​ប៉ះ​ស្មា​បន្តិច​ប៉ុណ្ណោះ តែ​វា​បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​គ្រប់​យ៉ាង សម្រាប់​ខូលីន។ ខូលីន​ក៏​បាន​នឹក​ចាំ​ថា ការ​ប៉ះ​ស្មាតែ​បន្តិច​នោះ​គឺ​ជា​ចំណុច​របត់​នៃ​ជីវិត​គាត់ ជា​ការ​រំឭក​ដ៏​មាន​អំណាច​ថា ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​គាត់ ដែល​នោះ​ជា​សេចក្តី​ពិត​ដ៏​សាមញ្ញ។

លោក​យ៉ូហាន​ជា​មិត្ត​ជិត​ស្និទ្ធ និង​ជា​សាវ័ក​របស់​ព្រះ​យេស៊ូវ ហើយ​ដោយ​សារ​គាត់​ផ្សាយ​ដំណឹង​ល្អ នោះ​គេ​ក៏​បាននិរទេស​គាត់​ឲ្យ​ទៅ​នៅ​កោះ​ប៉ាត់ម៉ុស ជា​កន្លែង​ដែល​ពិបាក​រស់​នៅ ។ នៅទីនោះគាត់ក៏បានឮ “សម្លេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ”(វិវរណៈ ១:១០)។ បន្ទាប់​មក គាត់​ក៏​បាន​ទទួល​ការ​បើក​សម្តែង ឲ្យ​ឃើញ​ព្រះ​អម្ចាស់​យេស៊ូវ  ហើយ​គាត់​ក៏បាន​ក្រាប​ចុះ​នៅ​ទៀប​ព្រះ​បាទ​ទ្រង់ ដូច​ជា​ស្លាប់។ ប៉ុន្តែ ក្នុង​ពេល​ភ័យ​ខ្លាច​នោះ គាត់​ក៏​បាន​ទទួល​ការ​កម្សាន្ត​ចិត្ត និងការ​លើក​ទឹក​ចិត្ត។ គាត់​ក៏​បាន​សរសេរ​ថា “ទ្រង់​ដាក់​ព្រះហស្ត​ស្តាំ​លើ​ខ្ញុំ ដោយ​ព្រះបន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង”(ខ.១៧)។

ព្រះ​ជា​ម្ចាស់​យក​យើង​ចេញ​ពី​កន្លែង​ស្រណុក​ស្រួល ដើម្បី​បង្ហាញ​ឲ្យ​យើង​ស្គាល់​ការ​ថ្មី​ៗ ដើម្បី​លត់​ដំ​យើង និង​ជួយ​យើង​ឲ្យ​មាន​ការ​លូត​លាស់។ ប៉ុន្តែ ទ្រង់​ក៏​បាន​ប្រទាន​ការ​លើក​ទឹក​ចិត្ត និង​ការ​កម្សាន្ត​ចិត្ត ឲ្យ​យើង​អាច​ឆ្លង​កាត់​ស្ថានភាព​នីមួយ​ៗ​។ ទ្រង់​នឹង​មិន​ទុក​យើង ឲ្យ​នៅ​ម្នាក់​ឯង នៅ​ក្នុង​ទុក្ខ​លំបាក​នោះ​ឡើយ។ ទ្រង់​គ្រប់​គ្រង​អ្វី​ៗ​ទាំង​អស់។ ទ្រង់​បាន​ឃុំ​គ្រង​យើង​នៅ​ក្នុង​ព្រះ​ហស្ត​ទ្រង់។ —TIM GUSTAFSON