មានពេលមួយ ខូលីន(Colin) និងក្រុមដ៏តូចរបស់គាត់ បានត្រៀមខ្លួន ដើម្បីធ្វើការងារមនុស្សធម៌ ក្នុងតំបន់ដែលគេល្បីថា ប្រឆាំងនឹងអ្នកជឿព្រះយេស៊ូវ។ ពេលនោះ ភាពតានតឹងរបស់គាត់ក៏បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង។ ពេលដែលគាត់ចែកចាយអំពីការព្រួយបារម្ភរបស់គាត់ទៅដល់មិត្តរួមក្រុមម្នាក់ មិត្តរួមក្រុមនោះក៏បានដាក់ដៃនៅលើស្មាគាត់ ហើយក៏បានចែកចាយពាក្យលើកទឹកចិត្តពីរបីម៉ាត់ដល់គាត់។ វាគ្រាន់តែជាការប៉ះស្មាបន្តិចប៉ុណ្ណោះ តែវាបាននាំឲ្យមានការផ្លាស់ប្តូរគ្រប់យ៉ាង សម្រាប់ខូលីន។ ខូលីនក៏បាននឹកចាំថា ការប៉ះស្មាតែបន្តិចនោះគឺជាចំណុចរបត់នៃជីវិតគាត់ ជាការរំឭកដ៏មានអំណាចថា ព្រះទ្រង់គង់នៅជាមួយគាត់ ដែលនោះជាសេចក្តីពិតដ៏សាមញ្ញ។
លោកយ៉ូហានជាមិត្តជិតស្និទ្ធ និងជាសាវ័ករបស់ព្រះយេស៊ូវ ហើយដោយសារគាត់ផ្សាយដំណឹងល្អ នោះគេក៏បាននិរទេសគាត់ឲ្យទៅនៅកោះប៉ាត់ម៉ុស ជាកន្លែងដែលពិបាករស់នៅ ។ នៅទីនោះគាត់ក៏បានឮ “សម្លេងបន្លឺឡើង ដូចជាសូរត្រែ”(វិវរណៈ ១:១០)។ បន្ទាប់មក គាត់ក៏បានទទួលការបើកសម្តែង ឲ្យឃើញព្រះអម្ចាស់យេស៊ូវ ហើយគាត់ក៏បានក្រាបចុះនៅទៀបព្រះបាទទ្រង់ ដូចជាស្លាប់។ ប៉ុន្តែ ក្នុងពេលភ័យខ្លាចនោះ គាត់ក៏បានទទួលការកម្សាន្តចិត្ត និងការលើកទឹកចិត្ត។ គាត់ក៏បានសរសេរថា “ទ្រង់ដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយព្រះបន្ទូលថា កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង”(ខ.១៧)។
ព្រះជាម្ចាស់យកយើងចេញពីកន្លែងស្រណុកស្រួល ដើម្បីបង្ហាញឲ្យយើងស្គាល់ការថ្មីៗ ដើម្បីលត់ដំយើង និងជួយយើងឲ្យមានការលូតលាស់។ ប៉ុន្តែ ទ្រង់ក៏បានប្រទានការលើកទឹកចិត្ត និងការកម្សាន្តចិត្ត ឲ្យយើងអាចឆ្លងកាត់ស្ថានភាពនីមួយៗ។ ទ្រង់នឹងមិនទុកយើង ឲ្យនៅម្នាក់ឯង នៅក្នុងទុក្ខលំបាកនោះឡើយ។ ទ្រង់គ្រប់គ្រងអ្វីៗទាំងអស់។ ទ្រង់បានឃុំគ្រងយើងនៅក្នុងព្រះហស្តទ្រង់។ —TIM GUSTAFSON